ប្រជាពលរដ្ឋរស់នៅភូមិគីរីថ្មី ឃុំសំរោងលើ២៤គ្រួសារ គោរពស្នើសុំអភិបាលខេត្តកណ្ដាល ជួយដោះស្រាយបញ្ហាដីធ្លីលំនៅដ្ឋានរបស់ពួកគាត់
12-07-2022 16:34
(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាលចំនួន២៤គ្រួសារ បានគោរពស្នើសុំលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីលំនៅដ្ឋានរបស់ពួកគាត់ ខណៈមន្ត្រីសុរិយោដីចុះមកវាស់ពីរដងហើយ មិនទាន់បានចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ទៀត។
លិខិតរបស់ប្រជាពលរដ្ឋទាំងនេះ ក្រៅពីការស្នើសុំលោក គង់ សោភ័ណ្ឌ, ប្រជាពលរដ្ឋក៏បានស្នើសុំទៅកាន់លោក សុខ ចិន្ដាសោភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកអង្គស្នួល ខេត្តកណ្ដាល, លោក រ័ត្ន វីរៈ ប្រធានគណៈពង្រឹងមូលដ្ឋាន ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងលោក សុខ កាន់ណារិទ្ធ ប្រធានមន្ទីរសុរិយោដី ខេត្តកណ្ដាលផងដែរ។
តាមរយៈលិខិតនេះ ប្រជាពលរដ្ឋ បានឲ្យដឹងថា ពួកគាត់មានចំនួន២៤គ្រួសារ មានរឿងបញ្ហាដីធ្លីលំនៅដ្ឋាន ដែលពួកគាត់បានកាន់កាប់ពីឆ្នាំ១៩៧៩មក។
ពួកគាត់បានរៀបរាប់នៅក្នុងលិខិតនេះថា កន្លងមកមន្ត្រីសុរិយោដី ខេត្តកណ្ដាល រួមទាំងអាជ្ញាធរដែនដីភូមិឃុំស្រុក បានចុះមកធ្វើការវាស់វែងរួចរាល់អស់ហើយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១០ សម្រាប់លើកទី១ និងលើកទី២ ហើយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីបានចេញលេខក្បាលដី និងបង្កាន់ដៃជូនពួកគាត់ ដើម្បីរង់ចាំទទួលប្លង់រឹងនាពេលខាងមុខ។
ស្រាប់តែនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ មានមន្ត្រីស្រុកអង្គស្នួល និងមេឃុំសំរោងលើ បានវាស់កាត់យកដីពីប្រជាពលរដ្ឋ ដែលមានឯកសារគ្រប់គ្រាន់ និងប្រមូលយកបង្កាន់ដៃពីពួកគាត់ទៅវិញ។
ប្រជាពលរដ្ឋ រស់នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាលទាំង២៤គ្រួសារ សូមសំណូមពរដល់ អភិបាលខេត្តកណ្ដាល មេត្តាជួយពិនិត្យដោះស្រាយបញ្ហាដីធ្លីលំនៅដ្ឋានជូនពួកគាត់ផង៕




