ដំរីអាស៊ី ស្ថិតក្នុងបញ្ជីក្រហម ជាសត្វជិតផុតពូជនៅលើពិភពលោក បង្ហាញវត្តមានច្រើនឡើង នៅតំបន់ការពារធម្មជាតិកម្ពុជា (Video inside)
02-07-2021 15:21
(ភ្នំពេញ)៖ ដំរីអាស៊ី ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ ការពារធម្មជាតិនានា បានរកឃើញថា ដំរីអាស៊ីបានរស់នៅជាហ្វូង នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងថា វត្តមានកូនដំរីតូចៗ ដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្ស និងក្រុមអ្នកបរិស្ថានដែលថានេះ គឺជាប្រសិទ្ធភាពនៃការការពារ និងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរីអាស៊ី ដែលជិតផុតពូជនៅលើពិភពលោក។
លោកបានបន្តថា យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់ នៅក្នុងបញ្ជីឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស។ ដំរីជាប្រភេទសត្វចតុបាទ ដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែងស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀករាង ដូចផ្លិតតែស្តើង។
ដំរីមានក្រចកម្រាមជើង១៨ គឺនៅជើងមុខនីមួយៗ មានក្រចកម្រាមជើង៥ ឯក្រចកជើង ក្រោយមានម្រាមជើង៤ តែក៏មានដំរីខ្លះមានក្រចកម្រាមជើងដល់ទៅ២០ដែរ។ ភ្លុកដំរីឈ្មោលមួយចំនួន មានប្រវែងរហូតដល់ទៅ១ម៉ែត្រ។ ដំរីនៅតំបន់អាស៊ីខុសពីដំរី នៅតំបន់អាហ្វ្រិក ដោយសារមាឌ និងស្លឹកត្រចៀកមានទំហំតូចជាង។ ដំរីអាស៊ីមានខ្នងស្ទើររាបស្មើ ឯដំរីអាហ្វ្រិកមានខ្នងកោង ជាទួលខ្ពស់ឡើងលើ។
ដំរីច្រើនរស់នៅតាមព្រៃរបោះ វាលស្មៅ ព្រៃឫស្សី ព្រៃជាំទឹកតាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឫសឈើខ្លីៗ ទំពាំងឫស្សី ផ្តៅ និងវល្លិ៍ជាដើម។ ដំរីផឹកទឹករហូតដល់២០០លីត្រ ក្នុងមួយថ្ងៃ (នៅកន្លែងសម្បូណ៌ទឹក)។
ដំរីច្រើនផ្តល់កំណើតកូននៅ អំឡុងខែកក្កដា និងខែសីហា។ កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែន ប៉ុន្តែកម្រណាស់ បន្ទាប់ពីពពោះរយៈពេល ២១ខែ (យូរបំផុត ២៥ខែ)។ ដំរីមេអាចបង្កើតកូនបាន៤ ឬ៥ដង ហើយអាចមានកូនរហូតដល់អាយុ៥០-៧០ឆ្នាំ។ គេអាចសម្គាល់ដំរីឈ្មោលចុះប្រេង នៅពេលដែលគេឃើញមានសាធាតុរាវ ម្យ៉ាងហូរចេញពីរន្ធមួយនៅចន្លោះត្រចៀក និងភ្នែកដែលជាទូទៅ នៅចន្លោះខែវិច្ឆិកា និងខែធ្នូ។
លោក នេត្រ ភក្ត្រា បានបន្តថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ក្បាល។
ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ គូសបញ្ជាក់ថា យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោក បានថយចុះប្រហែលជា៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩,៤៦៣ក្បាលទៅ ៤៧,៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយ រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។
ដំរីអាស៊ីត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ ដោយសារសារៈសំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀត នៅក្នុងដែនជម្រករបស់វា។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរ នៅទូទាំងដែនជម្រករបស់វា នៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរិចរិលទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែង របស់ប្រភេទដ៏សំខាន់នេះ»។
ចំពោះមុខនៃការគំរាមកំហែងនេះ អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានខិតខំរៀបចំផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយបានថ្លែងថា ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា តាមរយៈការរក្សាស្ថិរភាព និងជំរុញឱ្យមានកំណើនចំនួនប្រភេទនេះ នៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បី អភិរក្សសត្វដំរីអាស៊ី ឱ្យនៅគង់វង្សត្រូវបានរៀបចំឡើង សម្រាប់រយៈពេល ១០ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន៖
ទី១៖ ការកាត់បន្ថយការបាត់បង់ទីជម្រក
ទី២៖ អភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ
ទី៣៖ ពង្រឹងការអនុវត្តច្បាប់
ទី៤៖ បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម
ទី៥៖ បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស
និងទី៦៖ អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
យោងតាមការប៉ាន់ស្មាន ផែនការសកម្មភាពរយៈពេល១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន ៤០,៥លានដុល្លារ ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំង កញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕










