FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជិត១.៦ម៉ឺននាក់ ក្នុងឱកាសថ្ងៃឈប់សម្រាក៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក !

02-11-2020 11:09

(ព្រះវិហារ)៖ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១៥,៨២១នាក់ បានធ្វើដំណើរកម្សាន្ដនៅតាមតំបន់ទេសចរណ៍នានា ក្នុងខេត្តព្រះវិហារ។

លោក គង់ វិបុល បានឱ្យដឹងទៀតថា ក្នុងរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរជាតិចំនួន ១៥,៧១១នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ១១០នាក់ បានដើលេងកំសាន្ត តាមគោលដៅទេសចរនានាក្នុងខេត្តព្រះវិហារ។ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរមានការថយចុះចំនួន ៨៥.៩៦% ដែលការថយចុះចំនួនភ្ញៀវ ទេសចរនេះបណ្តាលមកពីកត្តាអាកាសធាតុ។

សូមបញ្ជាក់ថា គោលដៅទេសចរសំខាន់ៗនៅក្នុងខេត្តព្រះវិហារ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងដើរលេងកម្សាន្ត រួមមានប្រាសាទព្រះវិហារស្ថិតក្នុងស្រុក ជាំក្សាន្ត ប្រាសាទកោះកែ ស្ថិតក្នុងស្រុកគូលែន ទឹកធ្លាក់ភ្នំត្បែង និងវត្តថ្មបីដុំ ស្ថិតលើកំពូលភ្នំត្បែងក្នុងស្រុកត្បែងមានជ័យ ទឹកជ្រោះព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ និងតំបន់រម្មណីយដ្ឋានទេសចរនានា ជាច្រើនកន្លែងទៀត។

ជំនួសមុខឱ្យលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក គង់ វិបុល បានថ្លែងនូវការអរគុណចំពោះក្រុមការងារចុះជួយឃុំស្រអែម ស្រុកជាំក្សាន្ត ដែលបានរៀបចំ ពិធីប្រណាំងទូករយៈពេល៣ថ្ងៃ នៅស្រះទឹកសម្តេចតេជោ ហ៊ុន សែន អូរស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ដើម្បីបង្ករការសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជិតឆ្ងាយផងដែរ។

ដោយអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងបទបញ្ជាលោកអភិបាលខេត្តព្រះវិហារ មន្ទីរទេសចរណ៍ខេត្ត បានរៀបចំនូវវិធានសុវត្ថិភាពទេសចរតាមតំបន់ទេសចរនានា ក្នុងទិសដៅដើម្បីការពារជំងឺកូវីដ១៩ ជូនភ្ញៀវទេសចរទាំងអស់ផងដែរ៕