FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះចៅអធិការវត្តភ្នៀតចម្លែកព្រះទ័យ អាងទឹករៀបពីឥដ្ឋ និងចាក់បេតុងជម្រៅ៥ម៉ែត្រ ផុសឡើងលើដោយមិនដឹងមូលហេតុ

02-10-2020 11:04

(ភ្នំពេញ)៖ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តភ្នៀតសិម្ពលី ក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានកើតការចម្លែកព្រះទ័យ ចម្លែកចិត្ត និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីអាងទឹកនៅក្នុងវត្តធ្វើពីឥដ្ឋ បូកស៊ីម៉ង់តិ៍ និងចាក់បេតុងទំហំធំមួយ ហើយជីកចូលទៅក្នុងដីរៀបចំបណ្តុះឥដ្ឋជម្រៅរហូតដល់ទៅ៥ម៉ែត្រ ស្រាប់តែផុសឡើងមកលើទាំងមិនដឹងមូលហេតុ ហើយគ្មានស្រកស្រុតដីអ្វីទាំងអស់។

ព្រះសិរីកោសល សុំ សុខា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការវត្តភ្នៀតសិម្ពលី ក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានមានថេរដីកាប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះថា អាងទឹកដែលលេចឡើងនូវហេតុការណ៍ចម្លែកនេះ មានបណ្តោយ ៨ម៉ែត្រ និងទទឹង៥ម៉ែត្រ។

ព្រះសិរីកោសល សុំ សុខា បានរៀបរាប់ទៀតថា អាងស្តុកទឹកនេះត្រូវបានក្រុមជាងជីកដីចុះទៅក្រោមជម្រៅ៥ម៉ែត្រ បន្ទាប់មករៀបចំបណ្តុះឥដ្ឋជុំវិញ និងចាក់បេតុងបាតក្រោមថែមទៀតផង។ ក្រៅតែពីរៀបចុះទៅក្រោមដី៥ម៉ែត្រ អាងស្តុកទឹកនេះ ក៏បានរៀបឥដ្ឋឡើងលើដីកម្ពស់ប្រមាណ៣ម៉ែត្របន្ថែមទៀត។

ព្រះចៅអធិការវត្តភ្នៀតមានថេរដីកាបន្តថា បន្ទាប់ពីក្រុមជាងសាងសង់រួចរាល់ដោយចំណាយពេលប្រមាណជាច្រើនថ្ងៃ ព្រះអង្គមិនទាន់បានចាក់ទឹកចូលនោះទេ។ ស្រាប់តែចាប់ពីថ្ងៃបិណ្ឌ១ អាងទឹកនេះចាប់ផ្តើមផុសឡើងបន្តិចម្តងៗ រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ផុសឡើងកម្ពស់ប្រមាណ៣ម៉ែត្រ។ ហើយការផុសឡើងនេះពិតជាចម្លែកណាស់ ដោយដីនៅជុំវិញមិនមានការបាក់ស្រុតអ្វីទាំងអស់ រីឯរបងវត្តដែលជាប់អាងស្តុកទឹកនោះ ក៏អត់មានរង្កើប្រែប្រួល ឬប្រេះស្រាំអ្វីទាំងអស់។

ទាំងព្រះសិរីកោសល សុំ សុខា និងក្រុមជាងសាងសង់បានងឿងឆ្ងល់ជាខ្លាំង ដោយបានលើកឡើងប្រសិនជាដីនៅទីនេះមានការស្រុតចុះ ទើបនាំឱ្យអាងផុសឡើងលើ គួរតែមានស្លាកស្នាមបាក់ស្រុតដីនៅជុំវិញនោះ ហើយរបងនៅជាប់នោះ ក៏គួរតែបាក់បែកខ្លះដែរ។ តែមិនមានឃើញការស្រកស្រុតដី ឬបាក់បែករបងអ្វីទាំងអស់។

ព្រះសិរីកោសល សុំ សុខា បានថេរដីកាថា អ្វីដែលព្រះលើកឡើងនេះ មិនចង់សម្តៅបំផុសពីបារមី ឬអព្ភូតហេតុអ្វីនោះទេ គ្រាន់តែមានការងឿងឆ្ងល់ចំពោះហេតុការណ៍នេះតែប៉ុណ្ណោះ ខណៈដែលក្រុមជាងសំណង់មួយចំនួនក៏ឆ្ងល់ចំពោះហេតុការណ៍បែបនេះផងដែរ។

សូមជំរាបថា វត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាវត្តដែលមានផ្ទៃដីធំជាងគេបំផុតនៅរាជធានីភ្នំពេញ៕