FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាទទួលស្គាល់ជនបរទេសជាង ៦ម៉ឺននាក់ ដែលរស់នៅស្របច្បាប់ ជាជនបរទេសអន្ដោប្រវេសន្ដ

12-03-2020 17:38

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញប្រកាសទទួលស្គាល់ជនបរទេស ចំនួន៦០,២៧៩នាក់ ស្មើ២០,២២៨គ្រួសារ ជាជនបរទេសអន្ដោប្រវេសន៍ ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា ដោយស្របច្បាប់ ក្នុងចំណោមជនបរទេសអន្ដោប្រវេសន្ដ ១០៣,៧៣៨នាក់ ស្មើ៣២,៦៣៧គ្រួសារ ដែលបានដាក់ពាក្យសុំទទួលស្គាល់កន្លងទៅ។

នេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

មាត្រា១០ នៃច្បាប់ស្ដីពីអន្ដោប្រវេសន៍ បានកំណត់និយមន័យថា ជនបរទេសដែលចាត់ទុកជាអន្ដោប្រវេសន្ដ គឺជាអ្នកដែលមកដល់ប្រទេសកម្ពុជា ដោយស្របច្បាប់ ដើម្បីស្នាក់នៅរយៈពេលយូរ ឬដើម្បីប្រកបវិជ្ជាជីវៈ ឬធ្វើសកម្មភាពផ្សេងៗ ដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឬកសិកម្ម។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ខៀវ សុភ័គ ក៏បានឲ្យដឹងទៀតថា កន្លងទៅក្រសួងមហាផ្ទៃ បានដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ដែលកាន់កាប់ដោយជនបរទេស ចំនួន៣៧,៤៣៦ច្បាប់ ស្មើ២០,១០៧គ្រួសារ ដែលចំនួនមនុស្ស ៦៩,៩៥៧នាក់។

បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បច្ចុប្បន្នជនបរទេស ដែលមានឋានៈជាជនភៀសខ្លួន ចំនួន៦៤នាក់ មាន០៨សញ្ជាតិ, អ្នកសុំសិទ្ធិជ្រកកោន ចំនួន២១នាក់ ស្មើនឹង០៦សញ្ជាតិ និងជនជាតិភាគតិចវៀតណាម ម៉ុងតេញ៉ានៅសល់២៧នាក់៕