ក្មេងស្ទាវ២ក្រុម ជិះម៉ូតូដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ (Video inside)
31-08-2019 22:09
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣១ ខែសីហានេះ នៅចំណុចភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នៅលើផ្លូវបេតុង ក្រោយផ្សារកាណាស៉ីធី មានករណីក្រុមក្មេងទំនើងដេញកាប់គ្នា បណ្តាលឲ្យយុវជនម្នាក់ស្លាប់ (មិនស្គាល់អត្តសញ្ញាណ) នៅក្នុងថ្លុកឈាមមួយរំពេចតែម្តង។
យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានស្រង់សម្តីប្រជាពលរដ្ឋថា មុនពេលកើតហេតុគេឃើញមាន ម៉ូតូ២គ្រឿង បើកបរដោយក្មេងស្ទាវ៤នាក់ ដេញកាប់ចាក់គ្នា ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់កន្លែងកើតហេតុ ភាគីទាំងពីរក៏បានបុកគ្នាផ្តួលម៉ូតូទាំងសងខាង និងបានបន្តដេញកាប់ចាក់គ្នា បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
សេចក្តីរាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្រោយកើតហេតុនេះ ជនបង្កទាំងសងខាង បានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ខណៈពេលនេះផងដែរ សមត្ថកិច្ចកំពុងមកកាន់កន្លែងកើតហេតុ និងយកខ្សែរហ៊ុព័ទ្ធកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។
ជាមួយគ្នានេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ នៃការដេញកាប់គ្នានេះទេ។ ទោះជាយ៉ាងនេះក្តី កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ដើម្បីយកទៅស៉ើបសួរ ដោយសារតែពួកគេ មានសភាពប្រឡាក់ភក់ពេញខ្លួនប្រាណ៕


















