យល់ដឹងផ្នែកច្បាប់៖ សមត្ថកិច្ច និងសិទ្ធិអំណាចរបស់មន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
15-11-2026 14:32
(ភ្នំពេញ)៖ ការរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវ គឺជាកត្តាដ៏សំខាន់ក្នុងការធានាសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិ និងផលប្រយោជន៍សាធារណៈ ។ ដើម្បីឱ្យការធ្វើចរាចរណ៍លើដងផ្លូវប្រព្រឹត្តទៅប្រកបដោយសណ្តាប់ធ្នាប់ សុវត្ថិភាព និងប្រសិទ្ធភាព គួរចាំបាច់ត្រូវមានការចូលរួមគោរពច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ ព្រមទាំងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីមានសមត្ថកិច្ចឱ្យបានត្រឹមត្រូវតាមច្បាប់។
ក្នុងន័យនេះ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់យ៉ាងច្បាស់អំពីសមត្ថកិច្ច និងសិទ្ធិអំណាចរបស់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងលក្ខខណ្ឌ និងដែនកំណត់នៃការប្រើប្រាស់សិទ្ធិអំណាចទាំងនោះ ដើម្បីធានាបាននូវការអនុវត្តច្បាប់ប្រកបដោយតម្លាភាព ព្រមទាំងការគោរពសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ។
ដូច្នេះ ដើម្បីស្វែងយល់ថា តើមន្ត្រីនៃស្ថាប័នណាខ្លះមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក? ហើយមន្ត្រីទាំងនោះមានសិទ្ធិអំណាចអ្វីខ្លះ? ដូចនេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកនូវប្រធានបទស្ដីពី “សមត្ថកិច្ច និងសិទ្ធិអំណាចរបស់មន្ត្រីអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និស្សិតដូចខាងក្រោម៖
មន្រ្តីនៃស្ថាប័នដែលមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករួមមាន មន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គភាពនគរបាល ឬកងរាជអាវុធហត្ថដែលទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ។ ហើយមន្រ្តីទាំងនោះមានភារកិច្ច ដូចជា រៀបចំចរាចរណ៍ឱ្យមានសណ្តាប់ធ្នាប់ ត្រួតពិនិត្យ តាមដាន និងរាយការណ៍អំពីបទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើង ។
ដោយឡែក អង្គភាពនគរបាលដែលទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ មានភារកិច្ចបន្ថែមដូចខាងក្រោម៖
ការឃាត់ និងត្រួតពិនិត្យយានជំនិះ៖ យោងតាមមាត្រា៦១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលចរាចរណ៍មានសមត្ថកិច្ចក្នុងការឃាត់ និងត្រួតពិនិត្យយានជំនិះ ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសចរាចរណ៍ ។ ទោះជាយ៉ាងណា ការអនុវត្តសិទ្ធិអំណាចនេះត្រូវធ្វើឡើងដោយមានការប្រុងប្រយ័ត្ន ដើម្បីជៀសវាងការកកស្ទះ ឬការបង្កគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងត្រូវគោរពតាមលក្ខខណ្ឌ និងនីតិវិធីដែលច្បាប់បានកំណត់ ដោយមិនអាចប្រើប្រាស់សិទ្ធិអំណាចលើសពីដែនកំណត់នៃច្បាប់ឡើយ ។
ការដកហូត និងព្យួរបណ្ណបើកបរ៖ យោងតាមមាត្រា៦២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលចរាចរណ៍មានសិទ្ធិដកបណ្ណបើកបរព្យួរទុករយៈពេលមិនលើសពី ៧ (ប្រាំពីរ) ថ្ងៃ ព្រមទាំងកាត់ពិន្ទុបណ្ណបើកបរ ចំពោះបទល្មើសជាក់លាក់ដូចជា ការបើកបរបញ្ច្រាសទិស ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបំពានភ្លើងសញ្ញាចរាចរណ៍ និងការបើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់លើផ្លូវកៅស៊ូ ជាអាទិ៍ ។ ទោះជាយ៉ាងណា ការដកហូត ឬព្យួរបណ្ណបើកបរត្រូវអនុវត្តតែក្នុងករណី និងរយៈពេលដែលច្បាប់បានកំណត់ ដោយមិនអាចដកហូតឯកសារផ្សេងៗរបស់យានជំនិះ ឬប្រើប្រាស់សិទ្ធិលើសពីដែនកំណត់នៃច្បាប់ឡើយ ។
ការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍៖ យោងតាមមាត្រា៦៣ ដល់មាត្រា៦៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលចរាចរណ៍មានសមត្ថកិច្ចត្រួតពិនិត្យកន្លែងកើតហេតុ ឃាត់ទុកយានជំនិះ និងអ្នកបើកបរ ដើម្បីសាកសួរ ប្រមូលភស្តុតាង និងធ្វើកំណត់ហេតុស្តីពីបទល្មើសចរាចរណ៍ ។ មន្ត្រីនគរបាលចរាចរណ៍ក៏មានសិទ្ធិផាកពិន័យអន្តរការណ៍ និងសម្របសម្រួលដោះស្រាយវិវាទក្នុងករណីគ្រោះថ្នាក់បង្កឱ្យមានតែការខូចខាតទ្រព្យសម្បត្តិ ។ ប្រសិនបើភាគីមិនអាចដោះស្រាយគ្នាបាន មន្ត្រីនគរបាលចរាចរណ៍អាចឃាត់ទុកយានជំនិះជាបណ្តោះអាសន្នមិនលើសពី ១ (មួយ) សប្តាហ៍ តាមច្បាប់កំណត់ ។ ដោយឡែកចំពោះបទល្មើសដែលត្រូវផ្តន្ទាទោសព្រហ្មទណ្ឌ មន្ត្រីនគរបាលចរាចរណ៍ត្រូវរៀបចំ និងបញ្ជូនសំណុំរឿងទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ការហាមឃាត់ចរាចរណ៍ និងឃាត់ទុកយានជំនិះជាបណ្តោះអាសន្ន៖ យោងតាមមាត្រា៦៦ និងមាត្រា៦៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលចរាចរណ៍មានសិទ្ធិហាមឃាត់ការធ្វើចរាចរណ៍ ឬឃាំងទុកយានជំនិះជាបណ្តោះអាសន្នមិនលើសពី ៣ (បី) ថ្ងៃ ក្នុងករណីមានបទល្មើស ដូចជា ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀន ការបើកបរលើសល្បឿនកំណត់ យានជំនិះដែលចតចោលនៅទីប្រជុំជនលើសម៉ោងកំណត់ យានជំនិះដែលផ្ទុកទំនិញ ឬអ្នកដំណើរលើសការកំណត់ និងការប្រើប្រាស់យានជំនិះដែលមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាអាទិ៍ ។ លើសពីនេះ មន្ត្រីនគរបាលចរាចរណ៍ក៏មានសិទ្ធិស្ទូច ឬយកយានជំនិះដែលចតបង្កការរាំងស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ ដោយម្ចាស់យានជំនិះត្រូវទទួលខុសត្រូវចំពោះថ្លៃសេវាពាក់ព័ន្ធនានាតាមច្បាប់ ។ ទោះជាយ៉ាងណា ការអនុវត្តវិធានការទាំងនេះត្រូវមានមូលដ្ឋានច្បាប់ច្បាស់លាស់ និងគោរពតាមលក្ខខណ្ឌ និងនីតិវិធីដែលច្បាប់បានកំណត់ ដោយមិនអាចប្រើប្រាស់សិទ្ធិអំណាចលើសពីដែនកំណត់នៃច្បាប់ឡើយ ។
ការស៊ើបអង្កេត កត់ត្រាបទល្មើស និងផាកពិន័យ៖ យោងតាមមាត្រា៦៨ និងមាត្រា៦៩ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលចរាចរណ៍មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យ ស៊ើបអង្កេត ប្រមូលភស្តុតាង ធ្វើកំណត់ហេតុស្តីពីបទល្មើសចរាចរណ៍ និងផាកពិន័យចំពោះបទល្មើសចរាចរណ៍ ។ ក្នុងការអនុវត្តសិទ្ធិអំណាចនេះ មន្ត្រីត្រូវគោរពតាមនីតិវិធីដែលបានកំណត់ និងចេញបង្កាន់ដៃផាកពិន័យដែលមានគល់បញ្ជីត្រឹមត្រូវ ដើម្បីធានាតម្លាភាព និងគណនេយ្យភាព ។ ដូច្នេះ មន្ត្រីមិនអាចទាមទារ ឬទទួលប្រាក់ពិន័យដោយគ្មានមូលដ្ឋានច្បាប់ ឬចេញបង្កាន់ដៃដែលមិនមានគល់បញ្ជីត្រឹមត្រូវឡើយ ។
សរុបមក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់យ៉ាងច្បាស់អំពីសមត្ថកិច្ច និងសិទ្ធិអំណាចរបស់មន្ត្រីអនុវត្តច្បាប់ ក្នុងគោលបំណងធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវ ។ ហើយសិទ្ធិអំណាចទាំងនោះរួមមាន ការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ការឃាត់ និងត្រួតពិនិត្យយានជំនិះ ការដកហូត ឬព្យួរបណ្ណបើកបរ ការផាកពិន័យអន្តរការណ៍ ការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ការឃាត់ទុក ឬស្ទូចយានជំនិះ ព្រមទាំងការស្រាវជ្រាវ និងបញ្ជូនសំណុំរឿងទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានី ខេត្ត នៅក្នុងករណីដែលច្បាប់បានកំណត់ ។
រៀបរៀងដោយ៖ លោកមេធាវី ឆែ វណ្ណម៉ូលីវ័ន្ត និងលោក គាត ហេងឡុង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕
