FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងផ្នែកច្បាប់៖ បទលួចរត់

01-11-2026 14:29

(ភ្នំពេញ)៖ ប្រព័ន្ធច្បាប់ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការរស់នៅប្រកបដោយសុខសន្តិភាព និងសុវត្ថិភាពសង្គម ។ នៅក្នុងដំណើរការនៃការអនុវត្តច្បាប់ ជាពិសេសច្បាប់ព្រហ្មទណ្ឌ
ជនសង្ស័យ ជនត្រូវចោទ ជនជាប់ចោទ ឬទណ្ឌិត អាចត្រូវបានឃាត់ខ្លួន ឬឃុំខ្លួន ក្នុងគោលបំណងដើម្បីធានាវត្តមានរបស់ពួកគេក្នុងដំណើរការនៃនីតិវិធី ចាប់តាំងពីដំណាក់កាលស៊ើបអង្កេត ដំណាក់កាលជំនុំជម្រះ រហូតដល់ការអនុវត្តទោសជាស្ថាពរ ។ ហេតុនេះដើម្បីបង្ការ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលមានបំណងគេចវេះពីការអនុវត្តច្បាប់ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិអំពី “បទលួចរត់” ។

តើអ្វីទៅជាបទលួចរត់ ? ហើយអំពើនេះត្រូវទទួលទណ្ឌកម្មយ៉ាងដូចម្តេចតាមច្បាប់ ?
ដូចនេះដើម្បីយល់កាន់តែច្បាស់អំពី “បទលួចរត់” កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News បានសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការចែករំលែកជូនសិស្ស និស្សិត និងសាធារណជនដូចតទៅ៖
យោងតាមមាត្រា ៥៦០ កថាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការលួចរត់ គឺជាអំពើរបស់ជនជាប់ឃុំ ដែលរត់ចេញពីការឃុំខ្លួនតាមគ្រប់មធ្យោបាយ ។ ការលួចរត់ចេញពីទីឃុំឃាំងត្រូវបានចាត់ទុកថាគ្រប់លក្ខណៈដែរ ទោះបីជាមធ្យោបាយខាងលើជាអំពើរបស់តតិយជនក៏ដោយ ។

បុគ្គលដែលត្រូវចាត់ទុកថាជាជនជាប់៖
១. បុគ្គលដែលគេឃាត់ខ្លួនទុក ។
២. បុគ្គលដែលគេហៀបនាំទៅបង្ហាញខ្លួន ឬកំពុងនាំទៅបង្ហាញខ្លួនដល់អាជ្ញាធរតុលាការក្រោយពីការឃាត់ខ្លួន ឬដោយអនុវត្តដីកានាំខ្លួន ឬឱ្យចាប់ខ្លួន ។
៣. បុគ្គលដែលបានទទួលលិខិតឱ្យដំណឹងពីដីកាឃុំ ឬឱ្យចាប់ខ្លួន ។
៤ បុគ្គលដែលអនុវត្តទោសដាក់ពន្ធធនាគារ ឬដែលត្រូវគេចាប់ខ្លួន ដើម្បីអនុវត្តទោសនេះ ។
៥. បុគ្គលដែលត្រូវគេឃុំខ្លួននៅក្នុងក្របខណ្ឌនៃនីតិវិធីបត្យាប័ន ។
៦. ជនដែលស្ថិតក្នុងរបបពាក់កណ្តាលសេរីតាមបញ្ញត្តិនៃមាត្រា ១២៧ (លក្ខខណ្ឌនៃរបបពាក់កណ្តាលសេរី) នៃក្រមនេះ ។

ឧទាហរណ៍៖ លោក “ខ” ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួច នៅពេលសមត្ថកិច្ចកំពុងនាំរូបលោក “ខ” តាមរថយន្តដើម្បីទៅបង្ហាញខ្លួននៅតុលាការ ស្រាប់តែលោក “ខ” បានឆក់ឱកាសពេលរថយន្តឈប់ស្តុប រុញបើកទ្វាររថយន្តរត់គេចខ្លួនតែម្តង ។
ចំពោះទោសដែលត្រូវអនុវត្តចំពោះអំពើលួចរត់នេះគឺ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល ដូចមានចែងក្នុងមាត្រា ៥៦១ ។

មួយវិញទៀត ក្រៅពីសកម្មភាពដូចមានចែងក្នុងមាត្រា ៥៦០ នៃក្រមព្រហ្មទណ្ឌ នៅក្នុងមាត្រា ៥៦២ នៃច្បាប់ដដែលនេះក៏បានចែងអំពីអំពើដែលត្រូវបានប្រដូចទៅនឹងអំពើលួចរត់ ដែលត្រូវអនុវត្តទោសដូចគ្នាទៅនឹងបទលួចរត់ផងដែរ៖
១. អំពើរបស់ជនជាប់ឃុំដែលត្រូវបានដាក់នៅក្នុងគ្រឹះស្ថានសុខាភិបាល ឬមន្ទីរពេទ្យ ឬទីកន្លែងផ្សេងទៀត ដូចជា តុលាការ អង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ជាអាទិ៍ ដែលគេចខ្លួនពីការតាមឃ្លាំមើល ។
២. អំពើរបស់ទណ្ឌិតដែលបានទទួលរបបពាក់កណ្តាលសេរីភាព របបព្យួរទោស ឬរបបបែងជាប្រភាគនៃទោស ឬនៃការអនុញ្ញាតឱ្យចេញក្រៅពន្ធនាគារ ហើយមិនវិលត្រឡប់មកពន្ធនាគារវិញ នៅពេលផុតរយៈកាលនៃសេរីភាព ។
ឧទាហរណ៍៖ លោក “ឃ” ជាជនជាប់ឃុំក្នុងពន្ធនាគារ ប៉ុន្តែដោយសារមានជំងឺធ្ងន់ធ្ងរ អាជ្ញាធរពន្ធនាគារបានបញ្ជូនគាត់ឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយមានសមត្ថកិច្ចនៅយាមកាមអំឡុងពេលយប់ ហើយលោក “ឃ” បានលួចគេចចេញតាមបង្អួចបន្ទប់ទឹកមន្ទីរពេទ្យដើម្បីគេចខ្លួន ។

ជារួម បទលួចរត់ គឺជាអំពើរបស់ជនជាប់ឃុំដែលរត់ចេញពីការឃុំខ្លួនតាមគ្រប់មធ្យោបាយ ហើយអាចកើតមានទាំងក្នុងករណីដែលជនជាប់ឃុំគេចខ្លួនដោយខ្លួនឯង ឬដោយមានការជួយពីតតិយជន ។ ចំពោះបុគ្គលដែលចាត់ទុកថាជាជនជាប់ឃុំ រួមមានបុគ្គលដែលត្រូវឃាត់ខ្លួន បុគ្គលដែលកំពុងត្រូវនាំទៅបង្ហាញខ្លួនចំពោះអាជ្ញាធរតុលាការ បុគ្គលដែលត្រូវអនុវត្តដីកា
នាំខ្លួន ឬដីកាឱ្យចាប់ខ្លួន ទណ្ឌិត និងបុគ្គលផ្សេងទៀតតាមការកំណត់របស់ច្បាប់ ។

រៀបរៀងដោយ៖ លោកមេធាវី ឡុង ឈុនហ្វា និងកញ្ញា ឡុង កាន់បុទុម្ពរ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៦១ ៤៤៨ ៨៨៩ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕