FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងផ្នែកច្បាប់៖ លក្ខខណ្ឌដើម្បីក្លាយជាសមាជិកព្រឹទ្ធសភា

19-10-2025 17:10

(ភ្នំពេញ)៖ ព្រឹទ្ធសភា គឺជាស្ថាប័នដែលមានអំណាចនីតិបញ្ញត្តិ ហើយមានតួនាទីភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ព្រឹទ្ធសភាមានតួនាទីក្នុងការពិនិត្យ និងឱ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងដែលរដ្ឋសភាបានអនុម័តបញ្ជូនមកព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើរបាយការណ៍របស់គណៈកម្មការនៃព្រឹទ្ធសភា។ ព្រឹទ្ធសភាពុំមានសិទ្ធិផ្តួចផ្តើមគំនិតសើរើ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះឡើយ។

ដោយឡែកចំពោះសមាជិកព្រឹទ្ធសភា គឺជាតំណាងរបស់ប្រជាជាតិខ្មែរទាំងមូល ដោយសមាជិកព្រឹទ្ធសភាគ្រប់រូបមានអាណត្តិ ៦ (ប្រាំមួយ) ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលសមាជិកថ្មីចូលកាន់តំណែង។ សមាជិករបស់ព្រឹទ្ធសភាសរុបមានចំនួន ៦២ (ហុកសិបពីរ) នាក់ ដោយសមាជិកព្រឹទ្ធសភាចំនួន ២ (ពីរ) រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភាចំនួន ២ (ពីរ) រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ រីឯសមាជិកព្រឹទ្ធសភា ៥៨ (ហាសិបប្រាំបី) រូប ទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។

ទន្ទឹមនឹងនេះ អ្វីដែលត្រូវស្វែងយល់ឱ្យកាន់តែច្បាស់ថា ដើម្បីក្លាយជាសមាជិកព្រឹទ្ធសភាត្រូវមានលក្ខខណ្ឌតម្រូវបែបណាខ្លះ?

ហេតុដូចនេះ ដើម្បីបកស្រាយនូវចម្ងល់ខាងលើជូនបងប្អូនប្រជាពលរដ្ឋ និងនិស្សិតទាំងអស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពីលក្ខខណ្ឌដើម្បីក្លាយជាសមាជិកព្រឹទ្ធសភា មកធ្វើការចែករំលែកដូចតទៅ។

ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ (ប្រាំមួយ) ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៤ យ៉ាងយូរមុនដំណាច់ឆ្នាំទី ៦ (ប្រាំមួយ) នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុងករណីមានសង្រ្គាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតបាន ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលបានមួយដងមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ ដូចមានចែងក្នុងមាត្រា ១០២ ថ្មី (មួយ) នៃរដ្ឋធម្មនុញ្ញ។ ចំពោះកាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ និងប្រកាស ដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នីតិកាលព្រឹទ្ធសភា ត្រូវផុតកំណត់នៅពេល ព្រឹទ្ធសភាថ្មីចូលកាន់តំណែង។

លក្ខខណ្ឌគោលដើម្បីឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភា គឺត្រូវតែជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោតមានអាយុយ៉ាងតិច ៤០ (សែសិប) ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត និងមិនធ្លាប់ត្រូវបានដកសិទ្ធិធ្វើនយោបាយ។

សម្រាប់ឯកសារដែលបេក្ខជនត្រូវភ្ជាប់ជាមួយពាក្យត្រូវមានឯកសារដូចតទៅ៖

​*ជីវប្រវត្តិសង្ខេបរបស់បេក្ខជន ចំនួន ១ ច្បាប់
​*លិខិតបញ្ជាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ១ ច្បាប់
​*លិខិតបញ្ជាក់ អាយុយ៉ាងតិច ៤០ (សែសិប) ឆ្នាំ ចំនួន ១ ច្បាប់
​*មានសញ្ជាតិខ្មែរ តាំងពីកំណើត (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត) ចំនួន ១ ច្បាប់
​*ព្រឹត្តិបត្រថ្កោលទោសមានសុពលភាព ចំនួន ១ ច្បាប់
​*រូបថតទំហំ ៤ x ៦ ចំនួន ៣ សន្លឹក។

សរុបមក ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រ និងការបែងចែកអាសនៈតាមមណ្ឌល ត្រូវធ្វើតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដូចមានកំណត់ក្នុង មាត្រា ១៣៥ ថ្មី នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៕

រៀបរៀងដោយ៖ លោកមេធាវី បូរិន្ទ ឬទ្ធិរាជ និងលោកមេធាវី ឆែ វណ្ណម៉ូលីវ័ន្ត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ https://cicfirm.com (https://cicfirm.com/)https://cicfirm.com/) (https://cicfirm.com/) ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm