FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងផ្នែកច្បាប់៖ សិទ្ធិទទួលបានការអប់រំ

07-09-2025 13:20

(ភ្នំពេញ)៖ ឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប តែងតែគិតគូរអំពីអនាគតរបស់កូន ដើម្បីឱ្យកូនទទួលបាននូវជំនាញ និងចំណេះដឹងទូទៅទាំងការរស់នៅ ការប្រាស្រ័យទាក់ទង និងការប្រកបមុខរបរនៅក្នុងសង្គម ប្រកបដោយសីលធម៌ សុជីវធម៌ គុណធម៌ ក៏ដូចជាប្រយោជន៍សម្រាប់កូន គ្រួសារ និងប្រទេសជាតិផងដែរ ។

ចំពោះជំនាញ និងចំណេះដឹងទាំងនេះទទួលបានតាមរយៈការអប់រំ ដែលជាតម្រូវការមូលដ្ឋានរបស់មនុស្សជាតិ ដោយមិនប្រកាន់អាយុ និងវណ្ណៈណាមួយនោះទេ។ ជាការឆ្លើយតប និងមើលឃើញអំពីសារប្រយោជន៍នៃការអប់រំ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានកូនគ្រប់អាយុចូលរៀន ត្រូវនាំកូនទៅចុះឈ្មោះចូលរៀននៅតាមសាលារៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានបង្កើតនូវកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ដល់ប្រជាពលរដ្ឋ ទាំងយុវវ័យ និងវ័យចំណាស់ តាមរយៈការរៀនអក្ខរកម្ម និងជំនាញនានា ដែលរៀបចំដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សពិការភាព និងសិស្សក្រីក្រ ដើម្បីឱ្យប្រាកដថាប្រជាពលរដ្ឋមានសិទ្ធិទទួលបានការអប់រំនេះគ្រប់ៗគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ អាយុ និងវណ្ណៈនោះទេ។

ដូចនេះ តើសិទ្ធិទទួលបានការអប់រំត្រូវបានទទួលស្គាល់ និងការពារដោយច្បាប់ដែរ ឬទេ? ហើយរដ្ឋាភិបាលត្រូវមានករណីយកិច្ចអ្វីខ្លះ ដើម្បីធានានូវសិទ្ធិនេះត្រូវបានផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូប?

ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី “សិទ្ធិទទួលបានការអប់រំ” មកធ្វើការចែករំលែកជូនសិស្ស និស្សិត និងសាធារណជន ដូចខាងក្រោម៖

សិទ្ធិទទួលបានការអប់រំ គឺជាសិទ្ធិមូលដ្ឋានមួយនៃសិទ្ធិមនុស្ស ហើយក៏ជាសិទ្ធិដ៏សំខាន់មួយ ដែលមនុស្សគ្រប់រូប ដែលសិទ្ធិនេះមានលក្ខណៈជាសកល ដោយត្រូវបានទទួលស្គាល់ និងការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ ។ ប្រទេសកម្ពុជា ក៏បានទទួលស្គាល់ និងការពារនូវសិទ្ធិទទួលបានការអប់រំនេះ តាមរយៈរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ដោយកំណត់ថារដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពនៅគ្រប់កំរិត និងត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីឱ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប (មាត្រា ៦៥ កថាខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ) ។

រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និង ឯកភាពនៅទូទាំងប្រទេសដែលធានាឱ្យបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការ និងគោលការណ៍សមភាពក្នុងការអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ស្មើគ្នាក្នុងការកសាងជីវិត (មាត្រា ៦៦ នៃរដ្ឋធម្មនុញ្ញ) ។ រដ្ឋអនុវត្តកម្មវិធីសិក្សា និងគោលការណ៍គរុកោសល្យ ទំនើប រាប់បញ្ចូលទាំងបច្ចេកវិទ្យា និងភាសាបរទេស ហើយត្រូវគ្រប់គ្រងគ្រឹះស្ថានសិក្សា និងថ្នាក់សិក្សាសាធារណៈ និងឯកជននៅគ្រប់ភូមិសិក្សា (មាត្រា ៦៧ នៃរដ្ឋធម្មនុញ្ញ) ។

ជាពិសេស រដ្ឋផ្តល់កិច្ចការអប់រំផ្នែកបឋម និងមធ្យមសិក្សានៅសាលារៀនសាធារណៈសម្រាប់ប្រជាពលរដ្ឋគ្រប់រូបដោយឥតបង់ថ្លៃ ដោយប្រជាពលរដ្ឋត្រូវបានទទួលបានការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ ហើយរដ្ឋជួយផ្សព្វផ្សាយ និងលើកតម្កើងសាលាបាលី និងពុទ្ធិកសិក្សា (មាត្រា ៦៨ នៃរដ្ឋធម្មនុញ្ញ)។

ជាក់ស្ដែង វិស័យអប់រំនៅប្រទេសកម្ពុជា ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ដែលជាលទ្ធផល រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើន ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ ប្រទេសកម្ពុជាមានសាលារៀនសាធារណៈ (សាលារដ្ឋ) ចំនួន ១៣.៩៤៨។

សរុបមក សិទ្ធិទទួលបានការអប់រំនេះ គឺជាសិទ្ធិមូលដ្ឋានមួយនៃសិទ្ធិមនុស្ស ដែលសិទ្ធិនេះមានលក្ខណៈជាសកល ត្រូវបានទទួលស្គាល់ និងការពារដោយច្បាប់ជាតិ រួមទាំងច្បាប់អន្តរជាតិ ដែលផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់រូប ដោយទទួលបានការអប់រំប្រកបដោយគុណភាពនៅគ្រប់កម្រិត។ ជាពិសេស រដ្ឋផ្តល់កិច្ចការអប់រំផ្នែកបឋម និងមធ្យមសិក្សានៅសាលារៀនសាធារណៈសម្រាប់ប្រជាពលរដ្ឋគ្រប់រូបដោយឥតបង់ថ្លៃ ដោយប្រជាពលរដ្ឋត្រូវបានទទួលបានការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក លី លីនដូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕