យល់ដឹងផ្នែកច្បាប់៖ ការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងពេលវេលា
31-08-2025 15:23
(ភ្នំពេញ)៖ ការប្រាស្រ័យទាក់ទងក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋអាចនឹងមានការរំលោភបំពាន ពីបុគ្គលមួយចំនួនជាជនខិលខូចមិនគោរពច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ដែលបង្កគ្រោះថ្នាក់ដល់សង្គម ប៉ះពាល់ដល់របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ ហេតុដូច្នេះបានជាក្រមព្រហ្មទណ្ឌបានបញ្ញត្តិអំពីបទល្មើស ដោយចង្អុលបង្ហាញពីបុគ្គលដែលប្រព្រឹត្តបទល្មើសឈានដល់ការផ្តន្ទាទោសតាមច្បាប់ក្នុងគោលបំណងបង្ការ និងបង្គ្រាបបទល្មើសមិនឱ្យកើតមានឡើង។
រាល់បទល្មើស នីមួយៗ តែងមានការប្រព្រឹត្តនៅទីតាំង និងអំឡុងពេលប្រព្រឹត្តបទល្មើសខុសៗគ្នា ដូច្នេះដើម្បីធានាបាននូវការអនុវត្តឱ្យមានប្រសិទ្ធភាព និងច្បាស់លាស់ ក្រមព្រហ្មទណ្ឌបានកំណត់អំពីការអនុវត្តច្បាប់ព្រហ្មទណ្ឌជា ០២ ធំៗគឺ ការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងពេលវេលា និងការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងលំហ ប៉ុន្តែនាសប្តាហ៍នេះសូមលើកយកតែការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងពេលវេលា មកធ្វើការបង្ហាញជូន ដើម្បីស្រាយចម្ងល់ខាងលើថា
តើអ្វីជាការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងពេលវេលា ? ហើយមាត្រាណាខ្លះដែលបញ្ញតិ្តអំពីការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងពេលវេលា ?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងពេលវេលា» មកធ្វើការបង្ហាញជូន សាធារណជន សិស្ស និងនិស្សិតទាំងអស់ ដូចខាងក្រោម។
យោងតាមមាត្រា ៣ នៃក្រមព្រហ្មទណ្ឌ «គោលការណ៍នីត្យានុកូលភាព» បានបញ្ញត្តិថា៖ មានតែអំពើដែលបង្កើតជា
បទល្មើសនៅពេលដែលអំពើនោះមានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសបាន ។
មានតែទោសដែលមានចែងក្នុងបទប្បញ្ញតិ្តព្រហ្មទណ្ឌជាធរមាន នៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្តប៉ុណ្ណោះ ទើបអាចត្រូវប្រកាសបាន ។
រីឯមាត្រា ៩ នៃក្រមព្រហ្មទណ្ឌ «ការអនុវត្តច្បាប់ដែលលុបចោលបទល្មើស» បានបញ្ញត្តិថា៖ បទប្បញ្ញត្តិថ្មីដែលលុបចោល បទល្មើសណាមួយនោះត្រូវអនុវត្តភ្លាម ។ អំពើដែលប្រព្រឹត្តនៅមុនបទប្បញ្ញត្តិនេះចូលជាធរមាន មិនអាចត្រូវចោទប្រកាន់ទៀតឡើយ ។ ការចោទប្រកាន់ដែលកំពុងប្រព្រឹត្តនោះត្រូវបញ្ចប់ ។
ប្រសិនការផ្តន្ទាទោសជាស្ថាពរត្រូវបានប្រកាសរួចមកហើយ ទោសដែលចេញអំពីការផ្តន្ទាទោសនេះ មិនត្រូវអនុវត្តទេ ឬត្រូវតែឈប់អនុវត្ត ។ ពោលគឺអំពើដែលប្រព្រឹត្តមុនច្បាប់ចូលជាធរមានមិនអាចចោទប្រកាន់ទៀតឡើយ ហើយបើមានការចោទប្រកាន់ដែលកំពុងប្រព្រឹត្តត្រូវបញ្ចប់ ប្រសិនបើមានការផ្តន្ទាទោសរួច មិនត្រូវបានធ្វើការអនុវត្តទោសទេ ឬត្រូវតែបញ្ឈប់ការអនុវត្តទោស ។
លើសពីនេះ មាត្រា ១០ នៃក្រមព្រហ្មទណ្ឌ «ការអនុវត្តច្បាប់ព្រហ្មទណ្ឌដែលស្រាលជាង ឬ ធ្ងន់ជាង» បានបញ្ញត្តិថា៖ បទប្បញ្ញតិ្តថ្មីដែលចែងអំពីទោសដែលស្រាលជាងត្រូវអនុវត្តភ្លាម ។ ប៉ុន្តែការផ្តន្ទាទោសដែលជាស្ថាពរនោះ ត្រូវអនុវត្តទោះបីទោសដែលប្រកាសនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ។
បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសធ្ងន់ជាង នឹងត្រូវអនុវត្តតែទៅលើអំពើដែលបានប្រព្រឹត្តក្រោយការចូលជាធរមាននៃបទប្បញ្ញតិ្តនោះ ។
ដូច្នេះក្នុងមាត្រា១០ កថាខណ្ឌទី១ នេះ មានគោលគំនិតថា ករណីច្បាប់ថ្មីបានចែងអំពីទោស ដែលស្រាលជាងច្បាប់ចាស់ គឺត្រូវតែយកមកអនុវត្តភ្លាម ទោះបីជាបទល្មើសនោះបានប្រព្រឹត្តមុន ឬក្រោយការចូលជាធរមាន នៃច្បាប់ថ្មីក៏ដោយ ។ ប៉ុន្តែក្នុងករណីដែលការផ្តន្ទាទោសបានចូលជាស្ថាពររួចហើយ ត្រូវអនុវត្តតាមច្បាប់ចាស់ដដែល ទោះបីជាច្បាប់ចាស់នោះមានការផ្តន្ទាទោសធ្ងន់ជាងច្បាប់ថ្មីក៏ដោយ ។ ហើយក្នុងមាត្រា១០ ដដែល កថាខណ្ឌទី២ មានគោលគំនិតថា ច្បាប់ថ្មីដែលកំណត់អំពីទោសដែលមានលក្ខណៈធ្ងន់ជាងច្បាប់ចាស់ មិនត្រូវយកមកអនុវត្តចំពោះបទល្មើសដែលបានប្រព្រឹត្តមុនច្បាប់នេះចូលជាធរមានទេ ផ្ទុយមកវិញ ច្បាប់ព្រហ្មទណ្ឌថ្មីដែលបញ្ញត្តិធ្ងន់ជាង ត្រូវយកមកអនុវត្តចំពោះតែបទល្មើសដែលបានកើតឡើង ក្រោយការចូល ជាធរមាននៃច្បាប់ថ្មីនោះតែប៉ុណ្ណោះ ។
សរុបជារួមមក ដែនអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងពេលវេលា បញ្ញតិ្តឡើងមានការអនុគ្រោះដល់ជនល្មើស ដោយបញ្ញតិ្តមានអានុភាពអនុវត្តទៅអនាគត មិនមានអានុភាពអនុវត្តនាពេលអតីតកាលទេ ពោលគឺអនុវត្តលើបទល្មើសណាដែលកើតក្រោយច្បាប់ព្រហ្មទណ្ឌចូលជាធរមានតែប៉ុណ្ណោះ ដូច្នេះច្បាប់ព្រហ្មទណ្ឌដែលធ្ងន់ជាងមិនអនុវត្តទៅនឹងបទល្មើសដែលកើតមុនច្បាប់ព្រហ្មទណ្ឌចូលជាធរមានទេ លើកលែងតែការផ្តន្ទាទោសដែលបានចូលជាស្ថាពរ ។ ចំណែកច្បាប់ថ្មីដែលលុបចោលនូវបទល្មើសណាមួយ បញ្ញត្តិនេះត្រូវតែយកមកអនុវត្តភ្លាម ។
រៀបរៀងដោយ៖ លោកស្រីមេធាវី ទ្រី ស្រីល័ក្ខណ និងលោក ញ៉ែត មករាជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC)លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕
