យល់ដឹងផ្នែកច្បាប់៖ ប្រាក់បំណាច់អតីតភាពការងារ
17-08-2025 18:35
(ភ្នំពេញ)៖ នៅក្នុងវិស័យការងារ និយោជក និងកម្មករនិយោជិតទាំងអស់ដែលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវគោរពតាមបទបញ្ញត្តិដែលមានចែងក្នុងច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧ និងបទបញ្ញត្តិពាក់ព័ន្ធនានា ។ ក្នុងនោះដែរ ទាក់ទងនឹងប្រាក់បំណាច់អតីតភាពការងារ ជាចំណុចសំខាន់មួយក្នុងការការពារផលប្រយោជន៍ចំពោះកម្មករនិយោជិត ដែលស្ថិតក្នុងទំនាក់ទំនងកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ជាពិសេសក្នុងករណីកិច្ចសន្យាការងារត្រូវបានបញ្ចប់ដោយឆន្ទៈឯកតោភាគីរបស់និយោជក និងគ្មានមូលហេតុត្រឹមត្រូវ ។ ពាក់ព័ន្ធនឹងប្រាក់បំណាច់អតីតភាពការងារនេះ គឺចាំបាច់ណាស់ត្រូវតែពិចារណា និងអនុវត្ត ឱ្យបានត្រឹមត្រូវ ជៀសវាងប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករនិយោជិត។
តើអ្វីទៅជាប្រាក់បំណាច់អតីតភាពការងារ ? ហើយប្រាក់បំណាច់អតីតភាពការងារត្រូវបានច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តបានកំណត់ដូចម្តេចខ្លះ សម្រាប់ការទូទាត់ជូនកម្មករនិយោជិតមានកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) ?
សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពីប្រាក់បំណាច់អតីតភាពការងារ មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។
យោងតាមច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និងសេចក្តីណែនាំលេខ ០៥៨/១៩ ក.ប /ស.ណ.ន.ខ.ល ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំនីមួយៗ ចាប់ពីឆ្នាំ២០១៩ ដោយគិតចាប់ពីឆ្នាំ២០១៩ តទៅ ប្រាក់បំណាច់អតីតភាពការងារ ត្រូវបើកជាមួយនឹងប្រាក់ឈ្នួល ដែលកម្មករនិយោជិតត្រូវទទួលបានលើកទី២ (១ខែ បើក ២ដង) សម្រាប់ខែមិថុនា និងខែធ្នូ ។ ចំពោះកម្មករនិយោជិតដែលមានកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ អតីតភាពការងាររបស់កម្មករនិយោជិតសម្រាប់ទទួលបានប្រាក់បំណាច់អតីតភាពការងារត្រូវគិតក្នុងរយៈពេល ១ឆមាស (៦ខែ) ម្តង គឺឆមាសទី១ ពីខែមករា ដល់ ខែមិថុនា និងឆមាសទី២ ពីខែកក្កដា ដល់ ខែធ្នូ ។
ក្នុងករណីដែលកម្មករពេញសិទ្ធិ ដែលបានបំពេញការងារ ចាប់ពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ នៅក្នុងឆមាសនីមួយៗ ហើយបានបំពេញការងាររហូតដល់ដំណាច់ខែចុងក្រោយនៃឆមាសនីមួយៗគឺ ខែមិថុនា និងខែធ្នូ នោះទើបកម្មករនិយោជិតអាចទទួលបាននូវប្រាក់បំណាច់អតីតភាពការងារ ដែលស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន ៧,៥ (ប្រាំពីរកន្លះ) ថ្ងៃ នៅក្នុងឆមាសនីមួយៗ ។
កម្មករនិយោជិតដែលមានអតីតភាពការងារមុនឆ្នាំ២០១៩ ចាប់ពី ១ (មួយ) ខែឡើង ហើយកំពុងបម្រើការងារ នឹងទទួលបាននូវប្រាក់បំណាច់អតីតភាពការងារ ២ (ពីរ)ប្រភព ផ្សេងគ្នា គឺប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំនីមួយៗនៅក្នុងខែមិថុនា និងខែធ្នូ ឆ្នាំ២០១៩ និងនៅក្រោយឆ្នាំ២០១៩ រហូតដល់ទឹកប្រាក់នៃប្រាក់បំណាច់អតីតភាពការងារត្រូវបានបើកផ្តល់ ប៉ុន្តែប្រាក់បំណាច់អតីតភាពការងារអតិបរមា ដែលត្រូវបើករំលឹកមិនអាចលើសពី ៦ (ប្រាំមួយ) ខែ នៃប្រាក់ឈ្នួលសុទ្ធសាធគិតជាមធ្យមតាមឆ្នាំនីមួយៗដែលត្រូវរំលឹកនោះ ។
*១៖ ចំពោះសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និយោជកត្រូវបើករំលឹកចំនួន ៣០ (សាមសិប) ថ្ងៃ នៃប្រាក់បំណាច់អតីតភាពការងារសរុបរៀងរាល់ ១ (មួយ) ឆ្នាំម្តង ដោយចំនួន ១៥ (ដប់ប្រាំ) ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ និងចំនួន ១៥ (ដប់ប្រាំ) ថ្ងៃ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ ។
*២៖ ចំពោះសហគ្រាស គ្រឹះស្ថានផ្នែកផ្សេងទៀត ក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និយោជកត្រូវបើករំលឹកចំនួន១៥ (ដប់ប្រាំ) ថ្ងៃ នៃប្រាក់បំណាច់អតីតភាពការងារសរុប រៀងរាល់ ១ (មួយ) ឆ្នាំម្តង ដោយចំនួន ៧,៥ (ប្រាំពីរកន្លះ) ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ និងចំនួន ៧,៥ (ប្រាំពីរកន្លះ) ថ្ងៃ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ ។
ចំពោះឆ្នាំការងារដំបូងដែលជាមូលដ្ឋានត្រូវរំលឹកអតីតភាពការងារ កម្មករនិយោជិតដែលបានបំពេញការងារជាប់ជានិច្ច ចាប់ពី ១ (មួយ) ខែ ទៅដល់៦ (ប្រាំមួយ) ខែ និយោជកត្រូវបើករំលឹកឱ្យកម្មករនិយោជិតនោះនូវប្រាក់បំណាច់អតីតភាពការងារចំនួន៧,៥ (ប្រាំពីរកន្លះ) ថ្ងៃ ។ បើថិរវេលាធ្វើការលើសពី ៦ (ប្រាំមួយ) ខែ ត្រូវគិតស្មើនឹង ១ (មួយ) ឆ្នាំពេញ ហើយនិយោជកត្រូវបើករំលឹកឱ្យកម្មករនិយោជិតនូវប្រាក់បំណាច់អតីតភាពការងារចំនួន ១៥ (ដប់ប្រាំ) ថ្ងៃ ។
ចំពោះកម្មករនិយោជិតត្រូវបានបញ្ឈប់ដោយសារជម្ងឺ ទទួលបានប្រាក់បំណាច់អតីតភាពការងារស្របតាមច្បាប់។ ដូចគ្នានេះដែរ ចំពោះកម្មករនិយោជិតដែលចូលនិវត្តន៍ ឬទទួលមរណភាព ចាប់ពីឆ្នាំ២០១៩ តរៀងមក និយោជកត្រូវផ្តល់ឱ្យកម្មករនិយោជិត ឬទាយាទរបស់កម្មករនិយោជិត ដែលបានទទួលមរណភាពនោះនូវប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ ដែលនៅសល់ និងប្រាក់បំណាច់អតីតភាពការងារផងដែរ ។ ប៉ុន្តែចំពោះកម្មករនិយោជិតដែលត្រូវបានរំលាយកិច្ចសន្យាដោយមូលហេតុកំហុសធ្ងន់ និងកម្មករនិយោជិតបានលាឈប់ពីការងារមុនដំណាច់ខែមិថុនា ឬខែធ្នូនោះ មិនទទួលបានប្រាក់បំណាច់អតីតភាពការងារឡើយ ។
ចំពោះថិរវេលានៃការឈប់សម្រាកលំហែមាតុភាព គ្រោះថ្នាក់ការងារ និងការឈប់សម្រាកដោយជំងឺត្រូវរាប់បញ្ចូលជា អតីតភាពការងារដើម្បីគិតប្រាក់បំណាច់អតីតភាពការងារ ត្រូវរាប់បញ្ចូលទាំងថិរវេលានៃការឈប់សម្រាកលំហែមាតុភាព គ្រោះថ្នាក់ការងារ និងការឈប់សម្រាកដោយជំងឺផងដែរ។ នៅពេលរំលាយកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ កម្មករនិយោជិតនឹងទទួលបានប្រាក់បំណាច់អតីតភាពការងារនៃឆ្នាំកំពុងធ្វើការ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលទទួលបានសម្រាប់រយៈពេលនៅមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារត្រូវបានគណនាដោយផ្អែកលើប្រាក់ឈ្នួល ជាមធ្យមនៃរយៈពេល ១២ (ដប់ពីរ) ខែចុងក្រោយ។ រាល់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារក្នុងឆមាសនីមួយៗ និយោជក និងកម្មករនិយោជិតត្រូវរក្សាទុកនូវឯកសារជាភស្តុតាងដែលមានចុះហត្ថលេខា ឬស្នាមម្រាមដៃយល់ព្រមរបស់ភាគីទាំងពីរ ឬឯកសារដែលមានតម្លៃស្មើ។
សរុបមក ការទូទាត់ប្រាក់អតីតភាពការងារជូនកម្មករនិយោជិត ត្រូវបានកំណត់យ៉ាងជាក់លាក់តាមច្បាប់ និងបទដ្ឋាន គតិយុត្តពាក់ព័ន្ធដូចបានរៀបរាប់ខាងលើ ដើម្បីទទួលបាននូវផលប្រយោជន៍យ៉ាងសមរម្យក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ ការលើកទឹកចិត្តដល់សន្តិសុខការងារ រារាំងនូវការបញ្ចប់កិច្ចសន្យាការងារដោយបំពាន និងធានាបានថាកម្មករនិយោជិតទទួលបានការគាំពារប្រកបដោយតម្លាភាព ។ ជាមួយនឹងយន្តការនៃការទូទាត់ប្រាក់អតីតភាពការងារចាប់ពីឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការដើម្បីធ្វើទំនើបកម្ម និងលើកកម្ពស់ទំនាក់ទំនងការងាររយៈពេលវែង ដើម្បីការឆ្ពោះទៅមុខ ការបន្តពង្រឹងការអនុវត្ត ការអប់រំ ជាមួយនឹងការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាន់ រតនា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm
