FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុន​នាំយក​វេជ្ជសាស្រ្ត​សត្វ​ដ៏​ទំនើប ដើម្បី​ការពារ​សុខភាព​មនុស្ស និង​សត្វ​នៅកម្ពុជា

03-07-2019 16:13

(ភ្នំពេញ)៖ មន្ទីរបសុព្យាបាលហេឡូ ដែលជាមន្ទីរពេទ្យវេជ្ជសាស្ដ្រសត្វដ៏ទំនើប នៅប្រទេសជប៉ុន ត្រូវបានសម្ពោធដំណើរការសាកល្បង នៅរាជធានីភ្នំពេញហើយ មានឈ្មោះថា មន្ទីរពេទ្យ Japan Animal Hospital (JAH) ក្រោយទទួលបានការគាំទ្រពីលោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា និងលោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វផងដែរ ។

លោកវេជ្ជបណ្ឌិត Kikuta Haruo ប្រធានមន្ទីរបសុព្យាបាលហេឡូនៅជប៉ុន និងមន្ទីរពេទ្យ Japan Animal Hospital នៅកម្ពុជា បានឲ្យដឹងថា មន្ទីរពេទ្យរបស់ខ្លួន តែងតែធ្វើការស្រាវជ្រាវ និងត្រិះរិះរកវិធីយ៉ាងណាឲ្យទំនាក់ទំនងរវាងមនុស្ស និងសត្វកាន់តែមានភាពស្និទ្ធស្នាល និងប្រសើរឡើង ដែលក្លាយជាមន្ទីរពេទ្យសត្វទី១ ទទួលបានការបញ្ជាក់ និងការគាំទ្រពីអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាការគាំទ្ររបស់អង្គការពាណិជ្ជកម្មក្រៅស្រុកប្រទេសជប៉ុន ដែលហៅកាត់ថា JETRO ផងដែរ ។ ។

ក្នុងឱកាសមន្ទីរពេទ្យ Japan Animal Hospital សម្ពោធសាកល្បងនៅកម្ពុជានេះដែរ មន្ទីរពេទ្យជប៉ុនមួយនេះ ក៏បានបើកឱកាសឲ្យសាធារណជន បានចូលទស្សនាមន្ទីរពេទ្យដោយសេរី និងចូលរួមច្រើនកុះករ ដោយពួកគាត់សុទ្ធសឹងតែជាអ្នកស្រឡាញ់ និងចូលចិត្តចិញ្ចឹមសត្វ និងជាម្ចាស់សត្វបានរីករាយ ជាមួយនឹងការដកស្រង់បទពិសោធន៍ថ្មីៗ តាមរយ:ការទស្សនាបន្ទប់ពិគ្រោះជំងឺសត្វ បន្ទប់វះកាត់សត្វ និងសកម្មភាពវះកាត់ព្យាបាលសត្វជាឧទាហរណ៍ទៀតផង ។

គួរបញ្ជាក់ថា មន្ទីរពេទ្យវេជ្ជសាស្រ្តសត្វដ៏ទំនើបជប៉ុននេះ នឹងរួមចំណែកក្នុងការផ្តល់សេវាកម្មវេជ្ជសាស្រ្តសត្វ ដែលមានកម្រិតខ្ពស់ លើកកម្ពស់ការយល់ដឹងរបស់ម្ចាស់សត្វចិញ្ចឹម អភិវឌ្ឍកម្រិតបច្ចេកទេសរបស់បសុពេទ្យក្នុងតំបន់ ព្រមទាំងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ។ ដូច្នេះប្រជាពលរដ្ឋ អាចផ្ដល់ក្ដីសង្ឃឹម និងមានជំនឿជាក់លើ Japan Animal Hospital ដែលជាកន្លែងសម្រាប់ម្ចាស់សត្វចិញ្ចឹម និងសត្វចិញ្ចឹម បង្កើតនូវទំនាក់ទំនងដ៏ល្អជាមួយគ្នាប្រកបដោយសេចក្ដីសុខសុភមង្គល និងភាពសប្បាយរីករាយ ព្រមទាំងមានសុខភាពល្អយូរអង្វែង៕