ចំណេះដឹងទូទៅ៖ មកស្គាល់រុក្ខជាតិនិងសត្វ សម្រាប់ជានិមិត្តរូបកម្ពុជា
13-04-2026 18:56
(ភ្នំពេញ)៖ យោងតាមព្រះរាជក្រឹត្យ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។
សត្វ និង រុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា មានឈ្មោះទៅតាមប្រភេទដូចខាងក្រោម៖
*១៖ ប្រភេទសត្វចតុប្បាទ: សត្វគោព្រៃ
*២៖ ប្រភេទបក្សី: សត្វត្រយ៉ង
*៣៖ ប្រភេទឧរង្គសត្វ: អណ្ដើកសរសៃ (អណ្តើកហ្លួង)
*៤៖ ប្រភេទមច្ឆា: ត្រីគល់រាំង
*៥៖ ប្រភេទរុក្ខជាតិ: ដើមត្នោត
*៦៖ ប្រភេទផ្កា: ផ្ការំដួល
*៧៖ ប្រភេទផ្លែឈើ:ផ្លែចេកពងមាន់។
គោព្រៃ
គោព្រៃ ជាសត្វចតុប្បាទនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាព្រៃ គឺជាសត្វចតុប្បាទដែលត្រូវបានចាត់ទុកសម្រាប់ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយបានទទួលស្គាល់ដោយព្រះរាជក្រឹត្យ។ តាមរយៈនៃការយកគោព្រៃធ្វើជា សត្វនិមិត្តរូបរបស់ប្រទេសកម្ពុជា គឺដើម្បីចង់បង្ហាញនូវមរតក ធម្មជាតិដ៏មានតម្លៃ និងលើកតម្កើងនូវមោទនភាពជាតិ។ គោព្រៃគឺជាប្រភេទថនិកសត្វស្លូត រស់នៅជាហ្វូងៗអាចឃើញមាននៅលាយឡំជាមួយហ្វូង ទន្សោង ខ្ទីង ឬប្រើស។ ជាសត្វដែលមានភាពវាងវៃ រហ័សរហួន ឆាប់ភ្ញាក់ផ្អើលជាងប្រភេទសត្វក្នុងត្រកូលគោសាទិសដូចគ្នា ពូកែស្រង់ក្លិន និងគេចវេសចេញពីមនុស្ស។ គោព្រៃ គឺជាសត្វដែលមានកម្លាំងខ្លាំង ពូកែធន់នឹងកំដៅថ្ងៃអត់ធន់នឹងចំណីអាហារ ដែលមានគុណភាពទាប និងធន់នឹងជំងឺគោឆ្គួត។ ឈ្មោះគោព្រៃ ជាន័យដើមនិងន័យត្រង់នៃភាសាជាតិខ្មែរតែម្តង ហើយត្រូវបានសត្តវិទូអន្តរជាតិ ទទួលស្គាល់និងបានដាក់នាមដូចៗគ្នាទោះ ជាភាសាអង់ គ្លេស អេស្ប៉ាញ និងបារាំង គឺប្រើពាក្យ តែមួយថា Kou Prey និងមានឈ្មោះវិទ្យាសាស្ត្រថា Bos sauveli។ គោព្រៃគឺជាគោដែលរស់នៅច្រើនបំផុតនៅតាមវាល និងព្រៃភ្នំ នៃភាគខាងជើង ននៃប្រទេស កម្ពុជា។ វាត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងអំឡុងឆ្នាំ១៩៣៧។ ចំពោះលក្ខណៈនៃរូបរាង្គរបស់គោព្រៃ គឺស្រដៀងទៅនឹងសត្វទន្សោង មានប៊ួរវែងធ្លាក់ចុះដល់ ជង្គង់ និងហៀរស្ទើរដល់ដីចំពោះគោឈ្មោល។ គោព្រៃមាន ប្រវែងដងខ្លួនពី ២.១ ទៅ ២.៣ ម៉ែត្រ មាន កម្ពស់ពី ១.៧ ទៅ១.៩ម៉ែត្រ និងមានទម្ងន់ពី ៧០០ ទៅ ៩០០គីឡូក្រាម ។ ស្នែងរបស់គោព្រៃឈ្មោលនិងញីមានលក្ខណៈខុសប្លែកគ្នាដោយស្នែងឈ្មោលធំជាង ដោយដុះចេញកោងទៅមុខ និងងើបឡើងលើព្រមទាំងមានព្រុយចុងស្នែង។ ស្នែងញីដុះមកខាងមុខរាងងើបបន្តិច ហើយគួចរមួលឡើងលើ។ ចាប់ពីជើងក្រោមជង្គង់ចុះមកមានពណ៌សឬប្រផេះ និងប្រផេះចាស់នៅពេលមានអាយុច្រើន។
ត្រយ៉ង
ឈ្មោះជាភាសាជាតិ ត្រយ៉ង មានឈ្មោះ វិទ្យាសាស្ត្រថា Pseudibis gigangtea និងជាភាសាអង់គ្លេស គឺ Giant Ibis។ វាមានពណ៌សម្បុរប្រផេះក្រម៉ៅ ជើងពណ៌ក្រហមព្រលែត ជំពុះរាងកោងខុបចុះ និង ប្រវែងដងខ្លួន ១០៤ ស.ម។ ប្រភេទនេះត្រូវការពារដោយប្រកាសលេខ ៣៥៩ កសក.ប្រក ចុះថ្ងៃទី ០១ ខែ សីហា ឆ្នាំ ១៩៩៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិភពលោកក៍បានចាត់ទុកត្រយ៉ងជាប្រភេទ ជិតផុតពូជបំផុត (Critical Endangered) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN ដូចគ្នានឹងគោព្រៃដែរ។ ត្រយ៉ងជាប្រភេទសត្វស្លាបដែលកាលពីដើមទ្បើយមានរាយប៉ាយទូទាំងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបច្ចុប្បន្ននេះ មាននៅតែក្នុងភូមិភាគខាងជើង និងឦសាន្តនៃប្រទេសកម្ពុជាប៉ុណ្ណោះ។ សត្វត្រយ៉ងមានចារឹកក្នុងបទចំរៀងប្រជាប្រិយនិងរឿងនិទានបុរាណខ្មែរ។ ប្រជារាស្ត្រមានជំនឿថា ត្រយ៉ង ជាសត្វមានភាពវាងវៃ កាលបើមានការបរបាញ់ពុំបានសម្រេច នៅកន្លែងណាមួយហើយ វានឹងមិនត្រទ្បប់មកទីនោះវិញជាលើកទី២ទ្បើយ។ គេមានជំនឿប្រើប្រាស់ឈាមរបស់វាសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ នៅតាមតំបន់ដាច់ស្រយាល។ ជាប្រភេទសត្វមានប្រជាប្រិយភាព ប្រជាជនមាននិស្ស័យស្រទ្បាញ់ចូលចិត្ត ជាពិសេសសម្រែកទាបភ្លឺរបស់វា ដែលដិតជាប់ក្នុងក្រអៅបេះដូង របស់ប្រជាកសិករខ្មែរក្នុងអត្ថន័យនៃការឆ្លើយឆ្លងសេចក្តីស្នេហា ក៏ដូចជាការរំលឹកពេលវេលាត្រូវចាកចេញ ទៅធ្វើស្រែចំការផងដែរ។ ចំណីរបស់វា គឺសត្វឥតឆ្អឹងកងដែល រស់នៅក្នុងភក់ ដូចជាខ្យង ជន្លេន ក្តាម ។ល។ វាចូលចិត្តរស់នៅក្នុងព្រៃរបោះស្ងួតមានតំបន់ដីសើមច្រើន (ត្រពំាង បឹង ទន្លេ)។ វាមានដំណើរយឺតៗ បន្ទាប់ពីពិភពលោកបានអះអាងថាផុតពូជហើយនោះ។ ចំនួនរកឃើញថ្មីៗនៅខេត្តព្រះវិហារ គឺមិនតិចជាង ១០០ក្បាលទ្បើយ ដែលជារបាយការណ៍មួយច្រើនជាងគេក្នុងពិភពលោក។ ប្រទេសកម្ពុជា ជាប្រទេសទីមួយ ដែលបានផ្តល់រូបថតនៃត្រយ៉ងនេះក្នុងធម្មជាតិមុនគេលើពិភពលោក។ ឥទ្បូវរូបភាពនេះ ត្រូវបានផ្សព្វផ្សាយទូទំាងពិភពលោក ដោយទស្សនាវដ្តី National Geographic Magazine នៃសហរដ្ឋអាមេរិក។ យើងបានចេញអនុក្រឹត្យបង្កើតតំបន់ព្រៃអភិរក្សធនធានសេនេទិច និងសត្វព្រៃ ខេត្តព្រះវិហារ ក៏ជាមូលហេតុនៃការអភិរក្សសត្វត្រយ៉ងនេះជាចម្បងដែរ។ វាជាប្រភេទសត្វជិតផុតពូជបំផុត ដែលអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ជួយផ្តល់ជំនួយការពារថែរក្សាប្រភេទសត្វនេះឲ្យខាងតែបាន ម្យ៉ាងទៀតដោយវាមានសោភ័ណភាព និងរូបរាងស្រស់ស្អាត ជាពិសេសទើតតែរកឃើញទ្បើងវិញថ្មីៗនេះផងនផះ វាជាប្រភពទាក់ទាញទេសចរណ៍ដ៏សំខាន់មួយ។
អណ្តើកហ្លួង
ឈ្មោះជាភាសាជាតិ អណ្តើកសរសៃ ឬអណ្តើកហ្លួង និងមានឈ្មោះវិទ្យាសាស្រ្ត Batagur baska និងជាភាសាអង់គេ្លស Royal Turtle។ វាមានភ្នែកពណ៌ស និងច្រមុះបះឡើងស្នូករបស់វាមានប្រវែងរហូតដល់ ៦០សង់ទីម៉ែត្រមានផ្ទៃពណ៌ប្រផេះ ឬខ្មៅទាំងអស់។ ម្រាមជើងមុខធំ មានស្បែកពាសជាប់គ្នាដូចបាតជើងទាមានក្រញាំតែបួនគឺខុសប្លែកពីអណ្តើកផ្សេងទៀតដែលមានក្រញាំជើងប្រាំ។ អណ្តើកនេះត្រូវហាមឃាត់មិនឱ្យធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយបានចុះក្នុងឧបសម្ព័ន្ធនៃអនុសញ្ញាCITES។ ពិភពលោកបានចាត់ទុកអណ្តើកនេះ ជាប្រភេទសត្វកំពុងទទួលការគម្រាមកំហែងជាសាកល ដោយបានចុះបញ្ជីសៀវភៅក្រហម IUCN។ កាលពីបុរាណអណ្តើកនេះមានប្រវត្តិការពារ ដោយព្រះរាជក្រឹត្យនិងបានចាត់ទុកជាសម្បត្តិរាជវង្សនៅកម្ពុជាយើង។ ពងអណ្តើកនេះជារឿយៗប្រមូលបានពីខែមករាដល់ខែមីនា ដែលពេលនោះគេយកទៅថ្វាយតែចំពោះរាជវង្សសោយប៉ុណ្ណោះ ដូចនេះទើបប្រជារាស្ត្រ ឱ្យឈ្មោះថាអណ្តើកហ្លួងរហូតដល់សព្វថ្ងៃនេះ។ ក្រោយមកប្រជារាស្ត្រឱ្យ តែចាប់បានអណ្តើកនេះតែងតែយកមកតុបតែងលាបប្រេងម្សៅនិមន្តព្រះសង្ឃសូត្រធម៌បួងសួងសុំសេចក្តីសុខហើយដោះលែងវិញ។ វាចូលចិត្តរស់នៅតាមតំបន់ពាមសមុទ្រមានព្រែកតូចៗ ដែលមានព្រៃកោងកាង ឬមានរុក្ខជាតិផ្សេងទៀតដុះតាមមាត់ទឹក។ វាជាប្រភេទសត្វស៊ីអាហារគ្រប់យ៉ាងមានស្លឹកឈើពន្លករុក្ខជាតិផ្លែកោងកាងនិងសត្វតូចៗផ្សេងទៀត។ ក្នុងអំឡុងទសវត្សឆ្នាំ៨០ និង៩០គេជឿថា អណ្តើកនេះបានផុតពូជទៅហើយនៅកម្ពុជាទើបតែឆ្នាំ១៩៩៥ គេបានរកឃើញនៅស្រុកស្រែអំបិលខេត្តកោះកុង ហើយនៅឆ្នាំ២០០២កន្លងទៅនេះ នាយកដ្ឋានជលផលសហការជាមួយ អង្គការ WCS ភ្ញាស់បាន៣២កូន ហើយបានលែងទៅក្នុងធម្មជាតិវិញ។ វាជាប្រភេទជិតផុតពូជដែលអង្គការអភិរក្សពិភពលោកនិងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ ជួយផ្តល់ជំនួយថែរក្សាប្រភេទសត្វនេះឱ្យខាងតែបាន និងម៉្យាងទៀតគួបផ្សំនឹងជម្រកព្រៃកោងកាងដ៏ស្រស់ស្អាតវាជាប្រភពទាក់ទាញទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍។
ត្រីគល់រាំង
ឈ្មោះជាភាសាជាតិត្រីកាហោ ឬត្រីក្បាលឡាន ឬត្រីគល់រាំង និងមានឈ្មោះវិទ្យាសាស្រ្ត Catlocarpio siamensis និងឈ្មោះភាសាអង់គ្លេស Giant Mekong Barb ។ វាជាប្រភេទត្រីធំជាងគេនៅកម្ពុជាវាអាចមានទម្ងន់ពី ១៥០ ទៅ ៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី ២ ទៅ ៣ ម៉ែត្រ។ ជាប្រភេទត្រីមានស្រកាធំៗគ្របដណ្តប់លើផ្ទៃដងខ្លួន ទាំងមូលលើកលែងតែផែ្នកក្បាលនិងព្រុយប៉ុណ្ណោះ។ ពណ៌សម្បុរលើដងខ្លួនទាំងមូលមើលឃើញថាមានពណ៌ដាច់ដោយឡែកពីគ្នាស្រកាដែលនៅលើខ្សែឆ្នួតចំហៀងខ្លួនពណ៌ក្រមៅថ្លា។ ដោយឡែក ស្រកាខិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។ ត្រីគល់រាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង វារស់នៅតាមដងទន្លេមគង្គជាពិសេសសម្បូរជាងគេនៅបឹងទន្លេសាប។ រូបភាពប្រភេទត្រីនេះ ត្រូវបានឆ្លាក់ជារូបចម្លាក់ដាក់លើជញ្ជាំងប្រាងប្រាសាទអង្គរវត្ត។ គេនិយមយកស្រកាត្រីគល់រាំង នេះមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រីយរបស់ខ្មែរយើង។ បើប្រៀបធៀបទៅនឹងប្រភេទទត្រីនៅក្នុងស្រុកត្រីគល់រាំង មានមាឌធំជាងគេ នៅក្នុងប្រទេសកម្ពុជាហើយស្លូតពុំដេញចាប់ប្រភេទត្រីផ្សេងទៀតជាអាហារឡើយសាច់របស់ វាមានរស់ជាត់ឆ្ងាញ់ប្រជាជន និយមចូលចិត្តបរិភោគ។ បច្ចុប្បន្ននេះ គេបានជំរុញដល់ស្ថាននីយភ្ញាស់បង្កាត់នានាឱ្យព្យាយាមភ្ញាស់ផលិត ពូជត្រីនេះដើម្បីផ្សព្វផ្សាយ ឱ្យប្រជាកសិករយកទៅចិញ្ចឹមព្រោះវាងាយស៊ីចំណីធម្មជាតិឆាប់ធំ និងអាចរក្សាពូជរបស់វាបាន។ ទទន្ទឹមនឹងនោះដែរ គេក៏បានបង្កើតតំបន់ការពារអន្លង់ត្រីជាច្រើននៅតាមទន្លេមេគង្គ ដើម្បីអភិរក្សពូជត្រីដែលជិតផុតពូជនេះ។ វាជាប្រភេទត្រីមានប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់សម្រាប់ផ្សព្វផ្សាយឱ្យប្រជាកសិកចញ្ចឹមវាងាយស៊ីចំណីធម្មជាតិឆាប់ធំ និងជាប្រភេទជិតផុតពូជ ដែលអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានា កំពុងមានចំណាប់អារម្មណ៍ជួយផ្តល់ជំនួយថែរក្សាប្រភេទត្រីនេះឱ្យខាងតែបាន។
ដើមត្នោត
ត្នោតគឺជាឈ្មោះភាសាជាតិ និងមានឈ្មោះវិទ្យាសាស្ត្រថា Borassusflabellifer និងជាភាសាអង់គ្លេសគឺ Sugar Palm។ ត្នោតជាប្រភេទរុក្ខជាតិឋិតក្នុងតាលព្រឹក្សខ្ពស់មានដើមទោលគល់ធំដុះត្រង់ឡើងលើកម្ពស់ ពី១០ ទៅ២៥ម៉ែត្រ។ ឫសមានលក្ខណៈជាឫសរយោង និងគ្មានឫសកែវ។ តួដើមត្នោតមានភាពគគ្រើមពណ៌ក្រម៉ៅអង្កត់ផ្ចិតពី ២០ទៅ ៦០សង់ទីម៉ែត្រដោយប្រែប្រួលទៅតាមគុណភាពដី។ កន្សោមស្លឹកមានរាងដូចផ្លិត ប្រមូលផ្តុំគ្នានៅផ្នែកចុងកំពូលនៃដើម។ ធាងត្នោតរលោងក្រាស់មានពណ៌លឿងបៃតងពេលនៅខ្ចី និងមានពណ៌លឿងត្នោតពេលមានអាយុចាស់ព្រមទាំងមានបន្លានៅ គែមទាំងសងខាងសណ្ឋានដូចជាធ្មេញរណារ។ ត្នោតញី និងឈ្មោលមានលក្ខណៈខុសប្លែកគ្នាតាមការសម្គាល់លើផ្ការបស់វា។ ផ្កាត្នោតឈ្មោលមានរាងមូលទ្រវែងទំហំពី២ទៅ៤សង់ទីម៉ែត្រប្រវែងពី៣០ទៅ៥០សង់ទីម៉ែត្រ។ រីឯផ្កាត្នោតញីវិញមានសណ្ឋានជាពកមូលៗប្រវែងពី៥០ទៅ៧០សង់ទីម៉ែត្រដែលអាចផ្តល់ផ្លែបានចំនួន ពី២០ទៅ៥០គ្រាប់។ ផ្លែត្នោតមានរាងមូលពណ៌ត្នោតក្រម៉ៅនៅភាគខាងក្រោម និងពណ៌បៃតងនៅភាគខាងលើនៃផ្លែ ហើយប្រែពណ៌ទៅជាលឿងទុំក្រម៉ៅពេលវាចាស់ទុំ។ ដើមត្នោតជារុក្ខជាតិប្រជាប្រិយតំណាងឲ្យសង្គមខ្មែរដែលមានវត្តមាន និងផ្តល់នូវគុណសម្បត្តិច្រើនយ៉ាងដល់ប្រជាជាតិខ្មែរតាំងពីសម័យកំណកំណើតនគរខ្មែរ និងជាអត្តសញ្ញាណជាតិ ដែលប្រជាជនខ្មែរសម្គាល់នូវទេសភាពទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមកដល់បច្ចុប្បន្នស្របនឹងពាក្យស្លោកថា «ដើមត្នោតជាជម្រកផ្ទះខ្មែរ»។ ខ្មែរយើងបានចាត់ទុកដើមត្នោតជារុក្ខជាតិតំណាងនិមិត្តរូបជាតិ និងតំណាងវប្បធម៌ដូចមានការបញ្ជាក់តាមរយៈចម្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់។ នៅក្នុងសង្គមខ្មែរ ដើមត្នោតបានផ្តល់នូវអត្ថប្រយោជន៍ច្រើនណាស់ក្នុងនោះមានដូចជាឫសត្នោត និងផ្កាត្នោតឈ្មោលគឺជាឱសថបុរាណសម្រាប់ធ្វើការព្យាបាលជំងឺគ្រុនចាញ់ កាមរោគ ឬជំងឺស្ពឹកចុងដៃចុងជើង។ ដើមត្នោត អាចយកមកឆ្នៃសម្រាប់ការប្រើប្រាស់ នៅក្នុងសំណង់លំនៅដ្ឋានក្រោលសត្វ ឬសំណង់ផ្សេងៗជាច្រើនទៀត។ បច្ចុប្បន្នដើមត្នោតត្រូវបានប្រជាជនខ្មែរ ធ្វើការកែឆ្នៃធ្វើជាផលិតផលសិប្បកម្មដ៏មានតម្លៃក្នុងទីផ្សារផងដែរ។ ក្រៅពីដើមត្នោតស្លឹកត្នោតក៏បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផងដែរ ក្នុងនោះអាចយកមកធ្វើជាជញ្ជាំងផ្ទះប្រក់ដំបូលផ្ទះ ត្បាញកន្ទេល មួកស្មុគ។ ចំពោះផ្លែត្នោត និងទឹកត្នោតផ្តល់ឱជារសឈ្ងុយឆ្ងាញ់ពិសាជាទីពេញនិយមនៃសង្គមខ្មែរ។ ការផលិតស្ករត្នោតដោយរម្ងាស់ពីទឹកត្នោតគឺជាប្រពៃណីរបស់ប្រជារាស្ត្រខ្មែរតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។
ផ្ការំដួល
ផ្ការំដួល គឺជាឈ្មោះភាសាជាតិ និងមានឈ្មោះវិទ្យាសាស្ត្រថា Mitrellamesnyi ។ រំដួលមានដើមកំណើតនៅអាស៊ី អាគ្នេយ៍ ជាប្រភេទរុក្ខជាតិដែលមានកម្ពស់ពី ៨ទៅ១២ម៉ែត្រ។ ដើមរបស់រំដួលមានសំបកពណ៌ត្នោត-លឿង ចំណែកស្លឹកជាប្រភេទស្លឹកទាលដុះឆ្លាស់គ្មានខ្នាយស្ទប។ ទម្រង់បន្ទះស្លឹករាងទ្រវែងមានទំហំ ២ ទៅ៤ គុណនឹង៦ទៅ១០សង់ទី ម៉ែត្រ។ ផ្ការំដួលមានពណ៌លឿង-ស មានក្លិនពិដោរក្រអូបសាយបានឆ្ងាយ។ ផ្ការំដួលចោលក្លិននៅពេលរសៀល និងពេលយប់។ ផ្លែរបស់រំដួលមានលក្ខណៈជាចង្កោម នៅពេលវាទុំមានពណ៌ក្រហមក្រម៉ៅអាចបរិភោគបាន។ ចំណាត់ថ្នាក់ជីវសាស្ត្ររបស់រំដួលគឺស្ថិតក្នុងលំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និងឋិតក្នុងប្រភេទ M.mesnyi។ រំដួល គឺជារុក្ខជាតិដែលឃើញមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ដោយរុក្ខជាតិមួយនេះចាប់ផ្តើមផ្កាពីខែធ្នូ-មីនា។ រំដួល ត្រូវបានប្រជាជនខ្មែរយើងនិយមយកមកដាំលំអរនៅ តាមគេហដ្ឋាន និងសួនសាធារណៈ។ ចាស់បុរាណខ្មែរតែងតែ ធ្វើការប្រដូចស្រីក្រមុំទៅនឹងផ្ការំដួល ក៏ព្រោះតែផ្ការំដួលមានរូបរាងស្រស់ស្អាត និងមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញអារម្មណ៍ របស់មហាជនទូទៅ។ ក្រៅពីប្រដូចផ្ការំដួលទៅនឹងនារីខ្មែរតាមរយៈក្លិននោះក្នុងនោះ ផ្ការំដួលក៏ត្រូវបានកវីនិពន្ធខ្មែរមួយចំនួន បានធ្វើការអត្ថាធិប្បាយរៀបរាប់ពីសម្រស់ល្អគន់ និងគុណសម្បត្តិរបស់ផ្ការំដួល តាមរយៈអត្ថន័យនៃបទចម្រៀងផងដែរ។ បច្ចុប្បន្នដើមផ្ការំដួលគេអាចរកមើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។
ចេកពងមាន់
ចេកពងមាន់ គឺជាឈ្មោះភាសាជាតិ និងមានឈ្មោះ វិទ្យាសាស្ត្រថា Musa aromatica និងមានឈ្មោះ ជាភាសាអង់គ្លេស Chicken-Egg Banana។ ប្រភេទចេកនេះ ត្រូវបានគេនិយមចូលចិត្តបរិភោគ និងប្រើប្រាស់ជាទូទៅ ដោយប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់។ ចេកពងមាន់ ភាគច្រើន ត្រូវបានគេនិយមដាំ នៅតាមដីសណ្តទន្លេមេគង្គ ជាពិសេសនៅតាមតំបន់កោះដុះថ្មី។ ជាប្រភេទរុក្ខជាតិ ប្រជាប្រិយ ដែលប្រជាជនខ្មែរ និយមដាំដុះ នៅក្នុងអំឡុងខែមិថុនា និងខែកក្កដា។ គេត្រូវចំណាយពេលវេលា រហូតដល់ទៅ ៥ ឬ ៦ខែ ឯណោះ ទម្រាំបានផល។ ចេកអត្តសញ្ញាណជាតិមួយនេះ ត្រូវបានគេដាំនៅកម្ពុជា ជាយូរលង់ណាស់មកហើយ បើទោះជាដំណាំដែលមានប្រភពពីឥណ្ឌាក៏ដោយ។ សូមបញ្ជាក់ថា រាប់សតវត្សរ៍មកហើយ ចេកពងមាន់ តែងតែផ្សារភ្ជាប់ទៅនឹងជីវភាពប្រជាពលរដ្ឋខ្មែរជានិច្ច។ ទោះយ៉ាងណា គេឃើញប្រជាជនខ្មែរ ប្រើប្រាស់ចេកសម្រាប់បរិភោគ ធ្វើជាបង្អែម អាចធ្វើជាម្ហូប ធ្វើខ្សែ ធ្វើជាកញ្ចប់ និងសំភារៈ ផ្សេងៗ សម្រាប់តាំងលំអ យានជំនិះជាដើម៕


