FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំណេះដឹងទូទៅ៖ តើពាក្យថា ពុទ្ធដីកា, ថេរដីកា, សង្ឃដីកា ខុសគ្នាដូចម្តេច?

03-06-2024 16:07

(ភ្នំពេញ)៖ មានពាក្យចំនួន៣នៅក្នុងសង្ឃសព្ទ ដែលប្រជាជនខ្មែរភាគច្រើនតែងតែច្រឡំ ក៏ដូចជាមិនទាន់យល់ច្បាស់ថា តើត្រូវប្រើបែបណា? ខណៈអ្នកមួយចំនួនក៏បានប្រើខុសទៅទៀត ដែលពាក្យទាំង៣នោះគឺ ពុទ្ធដីកា ថេរដីកា និងសង្ឃដីកា។ តើពាក្យថា ពុទ្ធដីកា ថេរដីកា និងសង្ឃដីកា ខុសគ្នាដូចម្តេច?

ពុទ្ធដីកា សំដៅដល់ព្រះឱវាទរបស់ព្រះពុទ្ធ វាចារបស់ព្រះពុទ្ធ។ ប្រសិនបើព្រះសង្ឃពោល គឺមិនអាចប្រើពាក្យថាពុទ្ធដីកាបានទេ បានន័យថា ពុទ្ធដីកាជាវាចារបស់ព្រះពុទ្ធ ហើយបើសំដីរបស់ព្រះសង្ឃមិនអាចហៅថា ពុទ្ធដីកា នោះទេ។

ថេរដីកា ជាសំដីរបស់ព្រះសង្ឃដែលបានបួសច្រើនវស្សា ឬព្រះសង្ឃដែលមានព្រះជន្មច្រើនវស្សា អាចចាប់ពី៤០វស្សាឡើងទៅ ហៅថា ព្រះថេរ។

សង្ឃដីកា ជាសំដីរបស់ព្រះសង្ឃដែរ តែគួរប្រើសម្រាប់ព្រះសង្ឃដែលមានព្រះជន្មតិច ឬសាមណេរ ព្រោះសមណេរលោកនៅក្រោមព្រះជន្ម២០វស្សា។

សូមបញ្ជាក់ថា ជុំវិញពាក្យទាំង៣ខាងលើនេះ មិនមានលិខិតបទដ្ឋានគតិយុត្តណាដែលបញ្ជាក់កំណត់ច្បាស់លាស់ជាក់លាក់ដែលកំណត់ថា ខុស ឬ ត្រូវ ជាកំហិតនោះទេ ប៉ុន្តែជាទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនាតរៀងមក តែងតែប្រើបែបនេះ ដូចេ្នះគឺគប្បីចំណាំទុក ហើយប្រើតាមកាលៈទេសៈ៕

អត្ថបទ៖ សំ ស្រីនីត