FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សយ៉ាងហោច៣០នាក់ស្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា

29-11-2026 09:29

(ណៃពិដោ)៖ សាក្សីបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣០នាក់បានបាត់បង់ជីវិត ក្នុងការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែក មានការកើនឡើង បន្ទាប់ពីតុលាការអន្តរជាតិ ICJ បានចេញសេចក្តីសម្រេចថា មីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការវាយប្រហារមួយលើទីតាំងរៀបចំពិធីមង្គលការនៅស្រុក Moe Bye ភាគឦសានប្រទេស បានសម្លាប់មនុស្សប្រមាណ ២០ នាក់។ កាលពីថ្ងៃសៅរ៍ដដែល ក៏មានមនុស្សស្លាប់ប្រហែល១០នាក់ ក្នុងការទម្លាក់គ្រាប់បែក២លើកផ្សេងទៀត នៅរដ្ឋ Rakhine ភាគខាងលិចប្រទេសផងដែរ។ ការវាយប្រហារទាំងបីលើកនេះ កើតឡើងបន្ទាប់ពីការវាយប្រហារមួយកាលពីថ្ងៃព្រហស្បតិ៍ នៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ដែលរដ្ឋាភិបាលនិរទេសខ្លួន NUG អះអាងថា បានសម្លាប់មនុស្ស ២៩នាក់។

ការវាយប្រហារតាមអាកាសទាំងនេះ ធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងសង្គ្រាមស៊ីវិលដ៏ឃោរឃៅនៅមីយ៉ាន់ម៉ា កាន់តែបន្តកើនឡើង ខណៈក្រុមឃ្លាំមើលជម្លោះ Acled បានប៉ាន់ប្រមាណថា មនុស្សសរុបជាង ១០០ ០០០នាក់បានស្លាប់ គិតចាប់តាំងពីរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អោងសាន ស៊ូជី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា តុលាការយុត្តិធម៌អន្តរជាតិ ICJ បានចេញសាលក្រមរកឃើញថា មីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ លើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាក្នុងអំឡុងប្រតិបត្តិការបង្ក្រាបរបស់យោធាកាលពីឆ្នាំ២០១៧ នៅរដ្ឋ Rakhine មុនសង្គ្រាមស៊ីវិលបច្ចុប្បន្នបានផ្ទុះឡើង។ មេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ និងត្រូវបានតែងតាំងជាប្រធានាធិបតីស៊ីវិល នៅឆ្នាំនេះ បន្ទាប់ពីការបោះឆ្នោតសកល ដែលរងការរិះគន់យ៉ាងខ្លាំងនោះ បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងមិនអនុវត្តតាមចំណុចណាមួយ នៅក្នុងសាលក្រមរបស់ ICJ ដែលលោកចាត់ទុកថា «មិនសមស្រប» ឡើយ៕