បទវិភាគ៖ ការបន្តពង្រីកការនាំចូល៖ ទីផ្សារធំរបស់ចិនចែករំលែកកាលានុវត្តភាពជាមួយពិភពលោក
29-11-2026 08:39
(ប៉េកាំង)៖ ទិន្នន័យបានបង្ហាញថា ប្រទេសចិនបានរក្សាឋានៈជាទីផ្សារនាំចូលធំទីពីរលើពិភពលោកក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ទំហំនាំចូលទំនិញរបស់ប្រទេសចិនមានចំនួន ១៨,៨ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ២៣,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ការពង្រីកការនាំចូលបានជំរុញការប្រើប្រាស់ក្នុងស្រុក ការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ប្រទេសចិន និងការធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់គ្នាទៅវិញទៅមករវាងចិននិងពិភពលោក ដែលបានផ្តល់នូវលំហអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ដៃគូពាណិជ្ជកម្ម ក៏ដូចជាបំពេញបន្ថែមនូវភាពប្រាកដប្រជាសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ។
ការពង្រីកការនាំចូលបរិក្ខារបច្ចេកទេសជឿនលឿននិងគ្រឿងបន្លាស់សំខាន់ៗ ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ប្រទេសចិនបាននាំចូលគ្រឿងយន្តនិងអេឡិចត្រូនិកដែលមានចំនួន ៨,១៧ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៣៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ដោយពឹងផ្អែកលើទីផ្សារដ៏ធំធេងក្នុងស្រុកនិងទិដ្ឋភាពប្រើប្រាស់ ប្រទេសចិនបាននិងកំពុងទាក់ទាញបរិក្ខារទំនើប សិប្បកម្មសំខាន់ៗនិងធនធានច្នៃប្រឌិតថ្មីលើទូទាំងពិភពលោកឱ្យដាក់បញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងដំណើរការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មរបស់ខ្លួនដែលបានពន្លឿនការបង្កើតជាកម្លាំងផលិតកម្មគុណភាពថ្មី ។
ការបង្កើនការនាំចូលផលិតផលខាងធនធានថាមពលនិងកសិផលប្រកបដោយគុណភាពខ្ពស់ ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ប្រទេសចិនបាននាំចូលប្រេងឆៅចំនួន ៤០០ លានតោន រ៉ែដែកចំនួន ១,០៦១ ពាន់លានតោន ឧស្ម័នធម្មជាតិចំនួន ៩៩,២១៥ លានតោន ធ្យូងថ្មចំនួន ៣៩៣ លានតោននិងស្បៀងអាហារចំនួន ១២៨ លានតោន ។
ការពង្រីកការនាំចូលទំនិញប្រើប្រាស់ដែលមានគុណភាពខ្ពស់។ ពីខែមករាដល់ខែមីនា ឆ្នាំនេះ ការនាំចូលទំនិញប្រើប្រាស់បានកើនឡើង ៥,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ស្បែកជើងនិងមួក គ្រឿងឧបភោគបរិភោគ ស្រានិងបារី គ្រឿងសម្អាងបានកើនឡើង ៨,៧ ភាគរយ ៨ភាគរយនិង ៤,៩ ភាគរយដោយឡែកពីគ្នាដែលបានធ្វើឱ្យការផ្គត់ផ្គង់ក្នុងទីផ្សារមានភាពកាន់តែសម្បូរបែប ។ ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៦ បានទាក់ទាញម៉ាកយីហោបរទេសចំនួន ៣៤១៣ ឱ្យចូលរួមតាំងពិព័រណ៍ ទំនិញតាំងពិព័រណ៍អន្តរជាតិមានចំនួន ៦៥ ភាគរយដែលបានក្លាយជាពិព័រណ៍ទំនិញប្រើប្រាស់ល្អៗមានទ្រង់ទ្រាយធំបំផុតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ រីឯពិព័រណ៍នាំចូលចិនអន្តរជាតិ(CIIE)លើកទី៩ មានការចូលរួមពីសហគ្រាសចំនួន ៤១៤២ សហគ្រាសជាមួយនឹងទំហំជួញដូរតាមការគ្រោងទុកមានចំនួនលើសពី ៨៥,៤៥ ពាន់លានដុល្លារអាមេរិក ហើយចំនួនទំនិញតំណាង ដែលតាំងបង្ហាញជាលើកដំបូងលើពិភពលោក នៅអាស៊ីនិងនៅចិនមានចំនួន ៤៨៥ មុខដែលសុទ្ធតែបានបំបែកកំណត់ត្រាថ្មី ។ នៅបីត្រីមាសដំបូងឆ្នាំនេះ ទំហំនាំចូលខាងធុរកិច្ចអេឡិចត្រូនិកឆ្លងដែនរបស់ប្រទេសចិនមានចំនួនប្រហែល ៤៣៤,០៥ ពាន់លានយាន់ប្រាក់ចិនដែលកើនឡើង ៣,៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ការធ្វើឱ្យស៊ីជម្រៅនូវការពង្រីកការបើកទូលាយដោយឯកតោភាគីចំពោះប្រទេសអភិវឌ្ឍន៍តិចតួច ។ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកបានកើនឡើងពី ៨៧,៣៨ ពាន់លានយាន់ប្រាក់ចិនដល់ ២,៤៩ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ២៧,៥ ដង ។ ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តទៅ ប្រទេសចិនបានអនុវត្តវិធានការពន្ធគយសូន្យភាគរយ ចំពោះប្រទេសអាហ្វ្រិក ចំនួន ៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ការនាំចូលរបស់ប្រទេសចិនពីទ្វីបអាហ្វ្រិកបានកើនឡើង ១៥,៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការពង្រីកការបើកទូលាយដោយភាពស្វ័យម្ចាស់ការ ប្រកបដោយរបៀបរៀបរយនិងដោយឯកតោភាគីរបស់ចិនបានជំរុញឱ្យសក្តានុពលនៃការនាំចូលរបស់ខ្លួនដែលត្រូវបានបញ្ចេញជាបន្តបន្ទាប់ ក៏ដូចជាប្រែក្លាយឧត្តមភាពផ្នែកតម្រូវការនៃទីផ្សារទ្រង់ទ្រាយធំរបស់ចិនទៅជាកម្លាំងចលករអភិវឌ្ឍន៍របស់ប្រទេសជាដៃគូ។
ការពង្រីកការនាំចូលសេវាកម្មដែលមានគុណភាពខ្ពស់លើវិស័យដូចជាការសិក្សានិងអភិវឌ្ឍ សុខាភិបាលនិងថែទាំសុខភាព សន្សំសំចៃថាមពលនិងការពារបរិស្ថានជាដើម ។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ ការនាំចូលខាងសេវាកម្មរបស់ចិនមានចំនួនជិត ៣,៥ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៤,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងចំណោមនោះ ការនាំចូលសេវាកម្មផ្អែកលើជំនាញមានចំនួនជាង ១,៣ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៣,៧ ភាគរយដែលមានចំនួន ៣៧,៥ ភាគរយនៃទំហំសរុបនាំចូលសេវាកម្ម ។ «បញ្ជីសេវាកម្មសម្រាប់លើកទឹកចិត្តការនាំចេញ» កំណែថ្មីដែលប្រកាសកាលពីខែកុម្ភៈ ឆ្នាំ ២០២៦ បានបន្ថែមប្រភេទដូចជា"សេវាផ្នែកវេជ្ជសាស្ត្រនិងសុខភាព"ជាដើម។
ការបើកទូលាយរបស់ចិននឹងមានភាពកាន់តែទូលំទូលាយ សក្តានុពលនៃទីផ្សារដ៏ធំធេងរបស់ចិនកំពុងត្រូវបានបញ្ចេញកាន់តែលឿន ហើយកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិនក៏ត្រូវបានចែករំលែកជាមួយពិភពលោកផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន


