ការតវ៉ាដឹកនាំដោយនិស្សិតក្នុងប្រទេសអាល់បានី ប្រែទៅជាអំពើហិង្សា
28-11-2026 22:56
(ទីរ៉ាណា)៖ អំពើហិង្សាបានផ្ទុះឡើងនៅក្នុងប្រទេសអាល់បានី នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា អំឡុងការតវ៉ាដែលដឹកនាំដោយនិស្សិត ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី Edi Rama លាលែងពីតំណែង បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាច្រើនខែមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅរដ្ឋធានី Tirana ក្នុងឱកាសទិវាឯករាជ្យជាតិ ហើយបានគប់ដុំថ្ម និងគ្រាប់បែកសាំងទៅលើកងកម្លាំងប៉ូលិសបង្ក្រាបកុបកម្ម ដែលបានឆ្លើយតបវិញដោយប្រើប្រាស់កាណុងបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ។
ដោយសារកំហឹងចំពោះអំពើពុករលួយនៅក្នុងរដ្ឋាភិបាល កង្វះខ្វះខាតការងារ និងគុណភាពអប់រំទាបផងនោះ ការតវ៉ាជាច្រើនបានផ្ទុះឡើងនៅទីក្រុង Tirana តាំងពីពាក់កណ្តាលខែតុលាមក ហើយបានរីករាលដាលទៅកាន់ទីក្រុងផ្សេងទៀត។ ការតវ៉ាទាំងនោះជារឿយៗបានប្រែក្លាយទៅជាអំពើហិង្សា ដោយក្រុមអ្នកតវ៉ាបានដុតបំផ្លាញអគាររដ្ឋាភិបាល ធនាគារ វាយបំបែកកញ្ចក់ហាងនានា ព្រមទាំងគាស់ដុំថ្មក្រាលផ្លូវយកទៅគប់លើប៉ូលិស។
នៅថ្ងៃសៅរ៍នេះ ក្រុមអ្នកតវ៉ាដែលខ្លះពាក់ម៉ាស បានគប់ដុំថ្មទៅលើអគាររដ្ឋាភិបាលមួយ និងព្យាយាមចូលទៅកាន់ការិយាល័យរបស់លោក Rama ប៉ុន្តែត្រូវប៉ូលិសរុញច្រានឱ្យថយក្រោយវិញ។ វិស្វករម្នាក់ដែលបានចូលរួមតវ៉ា និយាយថាល្មមហើយទាំងអំពើពុករលួយ ភាពក្រីក្រ និងបញ្ហាអន្តោប្រវេសន៍។ អ្នកផ្សេងទៀតបានទាមទាររកលក្ខខណ្ឌរស់នៅ និងសេវាថែទាំសុខភាពកាន់តែប្រសើរ។
រដ្ឋាភិបាលលោក Rama បានបដិសេធការចោទប្រកាន់ពីអំពើពុករលួយ និងបានអំពាវនាវឱ្យមានការសន្ទនាជុំវិញសំណើរបស់អ្នកតវ៉ា។ រដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការថ្មីៗមួយចំនួន ដូចជាការបញ្ចុះតម្លៃប្រេងឥន្ធនៈ និងការផ្តល់ប្រាក់បន្ថែមដល់គ្រួសារក្រីក្រ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍តវ៉ានេះ៕
