ប៉ូលិសប្រើកាណុងបាញ់ទឹក បំបែកការតវ៉ានៅមុខការិយាល័យក្រុមហ៊ុន Meta ក្នុងប្រទេសឥណ្ឌា
28-11-2026 21:00
(ញូវដែលី)៖ ប៉ូលិសរដ្ឋ Haryana ភាគខាងជើងប្រទេសឥណ្ឌា បានប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកក្រុមសកម្មជនមកពីគណបក្សប្រឆាំងធំគឺគណបក្ស Congress ដែលធ្វើសកម្មភាពតវ៉ានៅខាងក្រៅការិយាល័យរបស់ក្រុមហ៊ុន Meta ដោយចោទប្រកាន់ថាក្រុមហ៊ុននេះកំពុងរឹតត្បិតសំឡេងក្រុមប្រឆាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នោថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
សកម្មជនមកក្រុមយុវជននៃគណបក្ស Congress បានធ្វើការតវ៉ាទ្រង់ទ្រាយធំនៅខាងក្រៅការិយាល័យក្រុមហ៊ុន Meta ដោយចោទប្រកាន់ក្រុមហ៊ុននេះថាបានធ្វើសកម្មភាពដើម្បីផលប្រយោជន៍គណបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រី Narendra Modi។
ហេតុការណ៍នេះបានក្លាយជាបញ្ហាប្រឈមមួយសម្រាប់ក្រុមហ៊ុនមេរបស់ Facebook និង Instagram នៅក្នុងទីផ្សារដ៏ធំបំផុតរបស់ខ្លួន (គិតតាមចំនួនអ្នកប្រើប្រាស់)។ Meta បញ្ជាក់ថាខ្លួនដាក់កម្រិតលើខ្លឹមសារនានានៅប្រទេសឥណ្ឌា ដោយអនុលោមតាមច្បាប់ក្នុងស្រុក។
យោងតាមប្រភពដែលដឹងពីបញ្ហានេះ ក្រុមហ៊ុនមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈជុំវិញការតវ៉ានោះឡើយ ប៉ុន្តែនៅក្នុងកិច្ចប្រជុំបិទទ្វារជាមួយបក្ស Congress ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននៅតែរក្សាជំហរអព្យាក្រឹតចំពោះគណបក្សនយោបាយទាំងអស់។
ក្រុមយុវជននៃគណបក្សនេះបានដាក់ពាក្យបណ្តឹងក្រុមហ៊ុន Meta និងរដ្ឋាភិបាលឥណ្ឌា ដោយទាមទារឱ្យលុបចោលវិធានដែលពង្រីកការរឹតត្បិតមាតិកា តាមរយៈការតម្រូវឱ្យមានការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិដើម្បីស្វែងរក និងលុបចោលរាល់ច្បាប់ចម្លងនៃខ្លឹមសារទាំងឡាយណាដែលត្រូវបានកំណត់ឱ្យលុប តាមដីកាបញ្ជា។
តាមសាក្សីម្នាក់របស់ Reuters ប៉ូលិសបានឃាត់ខ្លួនអ្នកគាំទ្រគណបក្សមួយចំនួន ប៉ុន្តែក្រោយមកដោះលែងវិញ៕
