ករណីដាក់ទោសតារាចម្រៀងអ៉ីរ៉ង់ ដោយវាយ ៧៤រុំពាត់ អ៉ីរ៉ង់ថាសិទ្ធិនៅលើតុលាការ តែមហាជនថាជាការបង្ហាញអំណាចរបស់ក្រុមឥស្សរជនសាសនា

28-11-2026 18:33

(តេហេរ៉ង់)៖ ប្រភពនៅក្នុងប្រទេសអ៉ីរ៉ង់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាករណីវាយដំដោយប្រើរំពាត់លើតារាចម្រៀងស្រីម្នាក់ក្នុងសប្តាហ៍នេះ ក្រោមហេតុផលថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់សីលធម៌សាធារណៈ គឺជាការបង្ហាញអំណាចរបស់ក្រុមឥស្សរជនសាសនាដែលកំពុងជួបវិបត្តិ និងដែលកំពុងព្យាយាមខ្លាំងដើម្បីរក្សាឱ្យបាននូវការគោរពប្រណិប័តពីសាធារណជន ដែលពីមុនធ្លាប់ជាអ្វីមួយដែលពួកគេចាត់ទុកថាជារឿងធម្មតា។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

កាលពីថ្ងៃចន្ទ នាង Parastoo Ahmadi អាយុ ២៩ឆ្នាំ រួមជាមួយសមាជិក ៤នាក់ទៀត ត្រូវទទួលទោសវាយនឹងរំពាត់ចំនួន ៧៤លើកក្នុងម្នាក់ៗ ដោយសារតែការសម្តែងក្នុងការប្រគុំតន្រ្តីមួយចេញពីទីតាំង caravanserai ក្បែរទីក្រុង Qom ដែលជាទីក្រុងដ៏ស័ក្តិសិទ្ធិរបស់ជនមូស្លីមនិកាយស៊ីអ៉ីត។ នៅក្នុងការសម្តែងនោះ នាងបានស្លៀកពាក់បញ្ចេញស្មា និងមិនបានពាក់ក្រណាត់គ្របក្បាល (hijab) ហើយសម្តែងរួមជាមួយតន្ត្រីករជាបុរសម្នាក់ ដែលទង្វើនេះគឺជាការបំពានទៅលើក្រមច្បាប់ផ្អែកលើគោលការណ៍សាសនារបស់ប្រទេសអ៉ីរ៉ង់។

ប្រភពនានាបានឱ្យដឹងថា ការដាក់ទណ្ឌកម្មលើរូបនាង ដែលបានធ្វើឱ្យជនជាតិអ៉ីរ៉ង់ជាច្រើនមានភាពភ្ញាក់ផ្អើល បន្ទាប់ពីមានការអនុវត្តច្បាប់ស្តីពីការស្លៀកពាក់មានសភាពធូររលុងអស់រយៈពេលជាច្រើនឆ្នាំ មកហើយ និងបានកើតមានឡើងពីរឆ្នាំក្រោយពីវីដេអូនៃការប្រគំតន្ត្រីនោះត្រូវបានបង្ហោះលើអ៉ីនធឺណិត។ ហេតុការណ៍នេះបានបង្ហាញឱ្យឃើញថា ការសម្រេចចិត្តវាយនាងដោយប្រើរំពាត់ គឺមានលក្ខណៈនយោបាយ។

លោកស្រី Saba Robatjazy ដែលជាតារាចម្រៀងជនជាតិអ៉ីរ៉ង់រស់នៅក្នុងទីក្រុងឡុងដ៍ និងស្គាល់ Ahmadi តាំងនៅក្មេងៗ បាននិយាយថា «ខ្ញុំគិតថា អាជ្ញាធរកំពុងបង្កឱ្យមានការភ័យខ្លាចតាមរយៈការដាក់ទោសវាយនឹងរំពាត់នេះ»។ យ៉ាងនេះក្តី រដ្ឋាភិបាលអ៉ីរ៉ង់បានលើកឡើងថា ស្ថាប័នតុលាការរបស់ខ្លួនមានឯករាជ្យភាព ហើយការសម្រេចដាក់ទោសទណ្ឌទាំងនេះមិនពាក់ព័ន្ធអ្វីនឹងរឿងនយោបាយឡើយ។

គួរបញ្ជាក់ថា ច្បាប់ស្តីពីការស្លៀកពាក់ត្រូវបានគេលែងសូវអើពើនៅទូទាំងប្រទេសអ៉ីរ៉ង់ ចាប់តាំងពីការតវ៉ាទ្រង់ទ្រាយធំឆ្នាំ២០២២ ដែលផ្ទុះឡើងក្រោយពីស្ត្រីម្នាក់បានស្លាប់ក្នុងពេលស្ថិតក្រោមការឃុំខ្លួន បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទបំពានច្បាប់នោះ។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាជោគជ័យដ៏កម្រមួយសម្រាប់ចលនាតវ៉ាទូទាំងប្រទេសនៅក្នុងសាធារណរដ្ឋអ៉ីស្លាមមួយនេះ៕