សហរដ្ឋអាមេរិក បាញ់ប្រហារលើកប៉ាល់មួយគ្រឿងបំពានវិធានការបិទខ្ទប់ប្រឆាំងអ៉ីរ៉ង់
28-11-2026 16:48
(ឌូបៃ)៖ យោធាអាមេរិក នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងដែលប៉ុនប៉ងបើកទម្លុះការបិទខ្ទប់របស់អាមេរិកប្រឆាំងនឹងអ៉ីរ៉ង់ ខណៈទីប្រឹក្សាម្នាក់របស់មេដឹកនាំកំំពូលអ៉ីរ៉ង់ព្រមានថាតេហេរ៉ង់នឹងបន្តបិទច្រកសមុទ្រ Hormuz និងបំបែកការបិទខ្ទប់ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក CENTCOM បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាយន្ដហោះយោធាអាមេរិកបានបើកការវាយប្រហារលើកប៉ាល់មួយគ្រឿងមានឈ្មោះថា M/V Pacific Archer ដោតទង់ជាតិប្រទេសដែនកោះ Palau ក្នុងតំបន់ឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីកប៉ាល់នេះបានចាកចេញពីកំពង់ផែនៃទីក្រុង Bandar Abbas របស់អ៉ីរ៉ង់។ ម៉ាស៊ីននៃកប៉ាល់នេះត្រូវបានធ្វើឱ្យគាំងលែងដំណើរការដោយការវាយប្រហារ ហើយនាវិកស៊ីវិលនៅលើនោះមិនបានរងរបួសនោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានអនុវត្តឡើងវិញការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់កាលពីខែកក្កដាកន្លងទៅ ហើយកាលពីដើមខែវិច្ឆិកានេះបានប្រកាសពីការដាក់ចេញប្រតិបត្តិការថ្មីមួយដើម្បីទប់ស្កាត់ការដឹកជញ្ជូនអាវុធ និងសម្ភារៈជាប់ទណ្ឌកម្មចូលទៅកាន់អ៉ីរ៉ង់ ព្រមទាំងកាត់តាមច្រកសមុទ្រ Caspian Sea៕


