អង្គការគ្រូពេទ្យគ្មានព្រំដែន អះអាងថាបុគ្គលិករបស់ខ្លួន ២នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល នៅហ្កាហ្សា (Video inside)
28-11-2026 15:43
(ហ្សឺណែវ)៖ អង្គការគ្រូពេទ្យគ្មានព្រំដែន MSF បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលបានសម្លាប់បុគ្គលិករបស់ខ្លួន ២នាក់ នៅខាងក្រៅគ្លីនិកមួយកន្លែងក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ MSF បានគូសបញ្ជាក់ដូច្នេះថា «អគាររបស់ពួកយើងមានស្លាកឡូហ្គោ MSF យ៉ាងច្បាស់ ហើយព័ត៌មានពីទីតាំងនៃអគាររបស់យើងក៏ត្រូវបានផ្ដល់ទៅឱ្យ និងត្រូវបានដឹងដោយយោធាអ៉ីស្រាអែល»។ យោធាអ៉ីស្រាអែលបានទទួលស្គាល់ពីការបើកការវាយប្រហារខាងលើ តែបានអះអាងថាបុគ្គលិក ២នាក់របស់ MSF ដែលត្រូវបានសម្លាប់ជាភេរវករដែលបន្លំខ្លួនជាបុគ្គលិកមនុស្សធម៌។
តាមសេចក្ដីថ្លែងការណ៍ដដែល ការវាយប្រហាររបស់អ៉ីស្រាអែលដែលបានសម្លាប់បុគ្គលិកទាំង ២នាក់ខាងលើ បានធ្វើឱ្យចំនួនបុគ្គលិករបស់អង្គការអន្តរជាតិមួយដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សាកើនដល់ ១៧នាក់។ MSF មិនបានឆ្លើយតបភ្លាមៗនោះទេទៅនឹងការស្នើសុំការបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់របស់អ៉ីស្រាអែលដែលថាបុគ្គលិក MSF ទាំង២នាក់ជាភេរវករ។
គួរបញ្ជាក់ថា មន្ទីរពេទ្យគឺជាទីតាំងដែលត្រូវបានការពារនៅក្រោមច្បាប់អន្តរជាតិ ហើយការវាយប្រហារលើមន្ទីរពេទ្យ និងការប្រើប្រាស់មន្ទីរពេទ្យដើម្បីធ្វើប្រតិបត្តិការយោធា ឬបម្រើដល់យោធាជាទង្វើបំពានច្បាប់អន្តរជាតិ៕


