FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី ប្រដូចមិត្តភាពរបស់លោក ត្រាំ ជាមួយលោក ពូទីន ទៅនឹងមិត្តភាពជាមួយហ៊ីត្លែរ

28-11-2026 10:27

(ឡុងដ៍)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហៅលោកប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀ ពូទីនថាជា «មិត្តរបស់ខ្ញុំ» គឺជារឿងចម្លែកមួយ ហើយប្រៀបដូចទៅនឹងការអត្ថាធិប្បាយដូចគ្នានេះដែរអំពីអតីតមេដឹកនាំណាហ្ស៉ីអាល្លឺម៉ង់ហ៊ីត្លែរ (Adolf Hitler) អំឡុងសម័យសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គីធ្វើការកត់សម្គាល់ខាងលើក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC និងត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងបទសម្ភាសន៍នោះ មេដឹកនាំអ៊ុយក្រែនបាននិយាយថាវាគឺអាស្រ័យលើលោក ត្រាំចំពោះអ្វីដែលលោកបាននិយាយ ឬបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម។ ប៉ុន្តែវាជារឿងចម្លែកមួយដែលរូបលោកហៅលោក ពូទីនថាជាមិត្តម្នាក់។

លោក ហ្សេលេនស្គីបានគូសបញ្ជាក់ក្នុងបទសម្ភាសន៍ជាភាសាអង់គ្លេសដូច្នេះ «គាត់ (លោកពូទីន) ជាជនឈ្លានពាន...គាត់ជាឃាតករ។ គាត់មេចនឹងអាចក្លាយជាមិត្តម្នាក់ទៅ ហើយវាមើលទៅដូចជាការដែលមានមនុស្សម្នាក់និយាយអំពីហ៊ីត្លែរអំឡុងសម័យសង្រ្គាមលោកលើកទី២ ថាអតីតមេដឹកនាំណាហ្ស៉ីអាល្លឺម៉ង់រូបនេះជាមិត្តម្នាក់។ ពិតណាស់ លោក ពូទីនមិនមែនជាមិត្តម្នាក់នោះទេ»។

ការរិះគន់របស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីកាលពីសប្ដាហ៍មុន លោក ត្រាំ បានហៅលោក ពូទីន ថាជាមិត្តរបស់លោកនៅឯកិច្ចប្រជុំកំពូលមួយក្នុងប្រទេសចិន។ ប៉ុន្តែថ្ងៃក្រោយមក លោក ត្រាំបានបង្ហោះរូបថតដែលរូបលោកចាប់ដៃជាមួយលោក ពូទីន និងដាក់ចំណងជើងធំៗថា «មិត្តរបស់ខ្ញុំ ឬ My Friend» នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social។

គួរបញ្ជាក់ថា ទំនាក់ទំនងរបស់លោក ត្រាំ ជាមួយលោក ហ្សេលេនស្គី ម្ដងល្អ ម្ដងល្អក់កករចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ ហើយទំនាស់ពាក្យសម្ដីរវាងមេដឹកនាំទាំង២ បានផ្ទុះឡើងជាសាធារណៈនៅឯជំនួបមួយក្នុងសេតវិមានកាលពីខែកុម្ភៈ ឆ្នាំ២០២៥។

ថ្មីចុងក្រោយបំផុត លោក ត្រាំ បានរិះគន់អ៊ុយក្រែនជុំវិញការវាយប្រហារលើរោងចក្រប្រេងរុស្ស៉ីថាជាមូលហេតុធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ ហើយលោកថែមទាំងគំរាមបញ្ឈប់ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែនទៀតផង។ លោក ហ្សេលេនស្គីវិញបាននិយាយថា គោលជំហររបស់លោក ត្រាំ កំពុងលើកទឹកចិត្តដល់រុស្ស៉ីឱ្យបន្តវាយប្រហារលើអ៊ុយក្រែន៕