មិនត្រឹមឆ្លើយសំណួរ! ChatGPT អាចនឹងហៅទូរស័ព្ទ ផ្ញើសារ និងបញ្ជាមុខងារផ្សេងៗជំនួសអ្នក
28-11-2026 10:08
(បរទេស)៖ ក្រុមហ៊ុន OpenAI កំពុងអភិវឌ្ឍសមត្ថភាពថ្មីៗសម្រាប់ ChatGPT លើប្រព័ន្ធ Android ដោយអាចឱ្យជំនួយការ AI នេះហៅទូរស័ព្ទ ផ្ញើសារ និងគ្រប់គ្រងមុខងារមួយចំនួននៅលើទូរស័ព្ទបានដោយផ្ទាល់។ ព័ត៌មាននេះត្រូវបានរកឃើញតាមរយៈកូដកម្មវិធី ChatGPT ជំនាន់ 1.2026.328 ដែលបង្ហាញថា OpenAI កំពុងពង្រីកសមត្ថភាពរបស់ ChatGPT ឱ្យលើសពីការឆ្លើយតបជាអត្ថបទ និងការសន្ទនាតាមសំឡេង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមការបង្ហាញក្នុងកូដ ChatGPT អាចនឹងមានសមត្ថភាពចូលមើលបញ្ជីឈ្មោះទំនាក់ទំនង ប្រវត្តិការហៅទូរស័ព្ទ ធ្វើការហៅចេញ ព្រមទាំងអាន និងផ្ញើសារជាអក្សរតាមការបញ្ជារបស់អ្នកប្រើប្រាស់។ លើសពីនេះ វាក៏អាចគ្រប់គ្រងការចាក់តន្ត្រី ដោយផ្អាក បន្ត ឬរំលងបទចម្រៀងបានផងដែរ។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់ត្រូវផ្តល់សិទ្ធិអនុញ្ញាតជាមុន ហើយ ChatGPT មិនទាន់អាចបើកកម្មវិធីតន្ត្រី ឬចាប់ផ្តើមចាក់បទចម្រៀងថ្មីដោយខ្លួនឯងបាននៅឡើយទេ។
ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺ ChatGPT អាចនឹងមើលឃើញអ្វីដែលកំពុងបង្ហាញនៅលើអេក្រង់ទូរស័ព្ទ ដើម្បីប្រើជាបរិបទក្នុងការឆ្លើយសំណួររបស់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ កូដកម្មវិធីក៏បង្ហើបពីការពង្រីកសមត្ថភាពរបស់ភ្នាក់ងារ AI ឈ្មោះ Dots ដែលអាចបំពេញកិច្ចការផ្សេងៗដោយមិនចាំបាច់បើកកម្មវិធី ChatGPT ទុក ហើយអាចដំណើរការបានសូម្បីតែពេលទូរស័ព្ទចាក់សោក៏ដោយ។
យ៉ាងណាមិញ OpenAI មិនទាន់ប្រកាសជាផ្លូវការថា មុខងារទាំងនេះនឹងចេញឱ្យប្រើប្រាស់នៅពេលណានៅឡើយទេ។ ប្រសិនបើត្រូវបានដាក់ឱ្យប្រើប្រាស់មែន វាអាចនឹងធ្វើឱ្យ ChatGPT ក្លាយជាជំនួយការឌីជីថលដែលមានសមត្ថភាពកាន់តែទូលំទូលាយ ដោយមិនត្រឹមតែឆ្លើយសំណួរប៉ុណ្ណោះទេ ប៉ុន្តែអាចជួយបំពេញកិច្ចការប្រចាំថ្ងៃនៅលើទូរស័ព្ទជំនួសអ្នកប្រើប្រាស់បានផងដែរ៕







