FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន បញ្ចេញនាវាមុជទឹកនុយក្លេអ៊ែរថ្មី

28-11-2026 09:46

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ចេញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីមួយគ្រឿង ហើយថានឹងប្រគល់នាវាមុជទឹក ៥គ្រឿងបន្ថែមទៅឱ្យកងទ័ពជើងទឹកប្រើប្រាស់នៅមុនឆ្នាំ២០៣០។ នេះបើតាមវីដេអូមួយបញ្ចេញដោយវិមានក្រឹមឡាំងដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅឯរោងចក្រផលិតនាវា Sevmash ក្នុងទីក្រុង Severodvinsk លោក ពូទីនបានចូលរួមពិធីបង្ហូតទង់ជាតិនៅលើនាវាមុជទឹកឈ្មោះ Perm ជាសក្ខីភាពនៃការប្រគល់នាវាមុជទឹកថ្មីនេះជាផ្លូវការទៅឱ្យកងទ័ពជើងទឹករុស្ស៉ីប្រើប្រាស់។ «រុស្ស៉ីស្ថិតនៅក្នុងចំណោមប្រទេសមួយចំនួនតូចនៅក្នុងពិភពលោកមានសមត្ថភាពផលិតនាវាមុជទឹកនុយក្លេអ៊ែរដ៏មានអំណាចបែបនេះដែលមានបំពាក់អាវុធអាចបាញ់ដល់គ្រប់ទីកន្លែងនៅលើពិភពលោក»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន។

គួរបញ្ជាក់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរគឺជាផ្នែកមួយដ៏សំខាន់នៃសមត្ថភាពអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី ក៏ព្រោះតែវាមានសមត្ថភាពធ្វើប្រតិបត្តិការយ៉ាងស្ងៀមស្ងាត់នៅក្រោមបាតសមុទ្រ ដោយធានាបាននូវមានសមត្ថភាពវាយប្រហារសងសឹកក្នុងករណីរងការវាយប្រហារណាមួយ។ តាមលោក ពូទីន កងទ័ពជើងទឹករុស្ស៉ីនឹងទទួលបាននាវាមុជទឹក ៥គ្រឿងបន្ថែមនៅមុនឆ្នាំ២០៣០៕