FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហេគឃ័រលួចជ្រៀតចូលប្រព័ន្ធ Cloud One ដ៏សំខាន់របស់កងទ័ពអាកាសអាមេរិក

27-11-2026 21:49

(វ៉ាស៊ីនតោន)៖ ក្រុមហេគឃ័របានលួចជ្រៀតចូលប្រព័ន្ធ Cloud One ដ៏សំខាន់របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ដែលអាចបង្កហានិភ័យដល់ទិន្នន័យយុទ្ធសាស្ត្រ បុគ្គលិក និងភស្តុភារដ៏រសើបជាច្រើន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយស្រង់ប្រភពដែលដឹងពីបញ្ហានេះចំនួន ៣នាក់ នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ប្រភពដដែលឱ្យដឹងថា អាជ្ញាធរបានរកឃើញការលួចចូលនេះក្នុងរយៈពេលប្រហែលមួយខែចុងក្រោយ អំឡុងពេលធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ប៉ុន្តែមិនទាន់ដឹងអត្តសញ្ញាណជនល្មើស ឬថាមានទិន្នន័យណាបាត់បង់ឬនៅឡើយទេ។ ហេតុការណ៍នេះបានបង្ខំឱ្យកងទ័ពអាកាសផ្អាកការផ្ទេរកម្មវិធីរដ្ឋបាល រារាំងការធ្វើបច្ចុប្បន្នភាពកម្មវិធី និងដកសិទ្ធិគ្រប់គ្រងពីអ្នកប្រើប្រាស់មួយចំនួន ខណៈទីបញ្ជាការដ្ឋានសាយប័រអាមេរិក (Cyber Command) កំពុងចូលរួមវាយតម្លៃការខូចខាត។ ជាការឆ្លើយតប កងទ័ពអាកាសអាមេរិកបដិសេធមិនអត្ថាធិប្បាយលើប្រព័ន្ធជាក់លាក់ឡើយ ប៉ុន្តែអះអាងថាខ្លួនតែងតែចាត់វិធានការការពារព័ត៌មាន និងបេសកកម្មជាប្រចាំ។

គួរបញ្ជាក់ថា ប្រព័ន្ធ Cloud One បង្កើតឡើងនៅឆ្នាំ២០១៧ ដោយប្រើប្រាស់ធនធានពីក្រុមហ៊ុន Microsoft, Amazon, Oracle និង Alphabet ដើម្បីដំណើរការប្រព័ន្ធសំខាន់ៗ ដូចជាប្រព័ន្ធគ្រប់គ្រងរ៉ាដាការពារដែនអាកាសអាមេរិកខាងជើង និងប្រព័ន្ធតាមដានគ្រាប់បែកនិងមីស៊ីលនៅតាមមូលដ្ឋានជាង ២០០កន្លែងទូទាំងពិភពលោក។ ករណីនេះកើតឡើងស្របពេលរដ្ឋាភិបាលអាមេរិកកំពុងប្រឈមនឹងការវាយប្រហារសាយប័រយ៉ាងតិច ៦ករណីផ្សេងទៀតនាពេលថ្មីៗនេះ រួមទាំងនៅទីភ្នាក់ងារ FBI មន្ទីរបញ្ចកោណ និងក្រសួងរតនាគារផងដែរ៕