ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
27-11-2026 19:56
(ហ្ស៊េរុយសាឡិម)៖ ប្រមុខចារកម្មអ៊ីស្រាអែល Mossad លោក រ៉ូម៉ាន់ ហ្គោហ្វម៉ាន់ (Roman Gofman) កំពុងជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ដោយឯកឯង ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមចូលរួមវាយប្រហាររួមគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua។
ក្នុងកិច្ចពិភាក្សាសន្តិសុខចុងក្រោយ លោក ហ្គោហ្វម៉ាន់ បានលើកឡើងថា ការរង់ចាំយូរអាចបង្កឱ្យ «ការគំរាមកំហែងផ្នែកប្រតិបត្តិការ» កើតឡើង ខណៈការវាយតម្លៃរបស់អ៊ីស្រាអែលមើលឃើញឱកាសធ្វើសកម្មភាព មុនសភាអាមេរិកអាណត្តិថ្មីចូលស្បថកាន់តំណែងនៅដើមខែមករា។ ទោះជាយ៉ាងណា មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក អៃយ៉ាល់ ហ្សាមៀរ (Eyal Zamir) ប្រកាន់ជំហរប្រុងប្រយ័ត្នជាង ដោយចង់រង់ចាំការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងពេញចិត្តសកម្មភាពរួមគ្នាជាង។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅទីក្រុងវ៉ាស៊ីនតោនកាលពីដើមខែនេះ លោក ហ្គោហ្វម៉ាន់ ក៏បានជំរុញឱ្យមានការវាយប្រហាររួមគ្នាដែរ ដោយលើកឡើងថា ពេលវេលាដើម្បីបង្កការខូចខាតធ្ងន់ធ្ងរដល់សមត្ថភាពអ៊ីរ៉ង់មានកំណត់៕
