អ៊ីរ៉ង់អះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបង្ខំយន្តហោះចម្បាំង F-16 អាមេរិកឱ្យចាកចេញពីដែនអាកាស
27-11-2026 18:42
(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងនៅថ្ងៃសុក្រថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបង្ខំយន្តហោះចម្បាំងអាមេរិកប្រភេទ F-16 មួយគ្រឿង ឱ្យប្តូរទិសដៅ និងហោះចាកចេញពីដែនអាកាសភាគខាងត្បូងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua។
បើតាមគេហទំព័រផ្លូវការ Sepah News របស់កងកម្លាំង IRGC យន្តហោះចម្បាំងអាមេរិកនោះបានហោះចូលកៀកដែនអាកាសអ៊ីរ៉ង់នៅភាគអាគ្នេយ៍កោះហេងហ្គាម (Hengam) អំឡុងពេលកំពុងហោះការពារនាវាដែលអ៊ីរ៉ង់ចោទថាបានបំពានច្បាប់ដែនសមុទ្រ។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា យន្តហោះនោះបានបត់បែនប្តូរទិសដៅយ៉ាងប្រញាប់ និងហោះចេញឆ្ងាយពីដែនអាកាសអ៊ីរ៉ង់ ក្រោយកងកម្លាំងអវកាស IRGC បាញ់គ្រាប់ព្រមានដោយប្រើប្រព័ន្ធការពារដែនអាកាស «ទំនើប និងជឿនលឿន»។ ទន្ទឹមនេះ កងកម្លាំង IRGC បានព្រមានថា រាល់ការប៉ុនប៉ងគេចវេះពីបទប្បញ្ញត្តិចរាចរណ៍នៅច្រកសមុទ្រហ័រមូហ្ស គឺ «មិនអាចទទួលយកបានឡើយ» ហើយការបន្តបំពានអាចបង្កការខូចខាតកាន់តែធ្ងន់ធ្ងរដល់ភាគីពាក់ព័ន្ធ និងកងកម្លាំងយោធាដែលគាំទ្រ។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រហ័រមូហ្ស ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមក ដោយហាមឃាត់ការធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាពចំពោះនាវាដែលជាកម្មសិទ្ធិ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក្រោយប្រទេសទាំងពីរបានបើកការវាយប្រហាររួមគ្នាលើប្រទេសអ៊ីរ៉ង់៕
