សិង្ហបុរី រឹបអូសថ្នាំញៀនជាង ៥គីឡូក្រាមក្នុងប្រតិបត្តិការចំនួន២ ចាប់ខ្លួនបុរស ៥នាក់ (Video inside)
27-11-2026 16:46
(សិង្ហបុរី)៖ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿង (CNB) របស់ប្រទេសសិង្ហបុរី បានប្រកាសនៅថ្ងៃសុក្រនេះថា បុរសជនជាតិសិង្ហបុរីចំនួន ៥នាក់ ក្នុងនោះមានជនសង្ស័យជួញដូរគ្រឿងញៀន ២នាក់ត្រូវបានចាប់ខ្លួន ហើយថ្នាំញៀនប្រភេទហេរ៉ូអ៉ីនជាង ៥គីឡូក្រាមត្រូវបានរឹបអូស នៅក្នុងប្រតិបត្តិការចំនួន២ កាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មាន CNA នាថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន CNB បានឱ្យដឹងថា ថ្នាំញៀន ៤មុខ ដែលបានរឹបអូសបាននោះមានតម្លៃប្រមាណជាង ៥៨០ ០០០ដុល្លារសិង្ហបុរី (៤៤៩ ៧៨៧ដុល្លារអាមេរិក)។ លុយសុទ្ធជាង ៨ ៦០០ដុល្លារសិង្ហបុរី ក៏ត្រូវបានរឹបអូសផងដែរ។ CNB ថាគ្រឿងញៀនទាំងនោះ អាចផ្គត់ផ្គង់តម្រូវការរបស់អ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ច្រើនជាង ២ ៥៥០នាក់ ក្នុងរយៈពេលមួយសប្តាហ៍។
CNB បានឱ្យដឹងទៀតថា ការស៉ើបអង្កេតលើសកម្មភាពពាក់ព័ន្ធគ្រឿងញៀនរបស់ជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះ កំពុងបន្តដំណើរការ។ យោងតាមច្បាប់របស់សិង្ហបុរី អ្នកដែលត្រូវបានកាត់ទោសពីបទជួញដូរថ្នាំញៀនហេរ៉ូអ៉ីនសុទ្ធ លើសពី ១៥ក្រាមទៅ អាចប្រឈមមុខនឹងទោសប្រហារជីវិតជាកំហិត៕
