ម៉ាឡេស៉ី ចោទប្រកាន់ផ្លូវការលើមន្រ្តីទ័ពអាកាស ៣នាក់ពីបទគ្រឿងញៀន ក្រោយការចាប់ខ្លួន (Video inside)
27-11-2026 15:59
(Selangor)៖ មនុស្ស ៦នាក់ ដែលក្នុងនោះរួមមានមន្ត្រីកងទ័ពអាកាសម៉ាឡេស៉ី (RMAF) ចំនួន ៣នាក់ ត្រូវបានចោទប្រកាន់ក្នុងតុលាការ នាថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពីបទជួញដូរគ្រឿងញៀនជាង ៩០គីឡូក្រាម នៅឯមូលដ្ឋានទ័ពអាកាសមួយ ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA។
យោងតាមឯកសារចោទប្រកាន់ដែលសារព័ត៌មាន New Straits Times បានឃើញ បុគ្គលទាំង ៦នាក់ត្រូវបានចោទប្រកាន់រួមគ្នាពីបទជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ៩៦,២គីឡូក្រាម នៅទីតាំងភស្តុភារកម្មក្នុងមូលដ្ឋានទ័ពអាកាស Subang កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ មិនមានការសួរចម្លើយសារភាព ឬបដិសេធទេ ដោយសារសំណុំរឿងនេះស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការជាន់ខ្ពស់។ ជនសង្ស័យទាំង ៦នាក់ បានងក់ក្បាល ពេលដែលមានការអានសេចក្តីសម្រេចចោទប្រកាន់។
ប្រសិនបើត្រូវបានកាត់ទោសថាមានពិរុទ្ធ ពួកគេអាចប្រឈមនឹងទោសប្រហារជីវិត ឬទោសដាក់ពន្ធនាគារអស់មួយជីវិត ព្រមទាំងវាយនឹងដំបងចំនួន ១៥លើក។ តុលាការកំណត់យកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៧ សម្រាប់ការជំនុំជម្រះលើសំណុំរឿងនេះសារជាថ្មី។ ការចោទប្រកាន់នេះ កើតមានឡើងបន្ទាប់ពីមនុស្ស ១៣នាក់ ក្នុងនោះរួមមានបុគ្គលិកកងទ័ពអាកាសម៉ាឡេស៉ី (RMAF) ចំនួន ៧នាក់ ត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ ពាក់ព័ន្ធនឹងបណ្តាញជួញដូរគ្រឿងញៀនមួយ ដែលត្រូវបានសង្ស័យថាបានប្រើប្រាស់ធនធានរបស់កងទ័ពអាកាស ដើម្បីដឹកជញ្ជូនគ្រឿងញៀន៕
