FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែន បង្ហើបថាកូរ៉េខាងជើង ផ្អាកជាបណ្ដោះអាសន្នការប្រគល់មីស៊ីលទៅឱ្យរុស្ស៉ី

27-11-2026 09:10

(កៀវ)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាកូរ៉េខាងជើងបានផ្អាកជាបណ្ដោះអាសន្នកិច្ចសហប្រតិបត្តិការយោធាមួយចំនួនជាមួយរុស្ស៉ី ក្នុងនោះរួមមានទាំងការប្រគល់មីស៊ីលបាលិស្ទីគ KN-23 បន្ទាប់ពីមានភាពតានតឹងការទូតរវាងសម្ព័ន្ធមិត្តទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន GUR រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានប្រកាសពីការផ្អាកជាបណ្ដោះអាសន្ននូវកិច្ចសហប្រតិបត្តិការយោធាមួយចំនួនកាលពីខែតុលាកន្លងទៅ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ីម្នាក់ដែលថាវិមានក្រឹមឡាំងនឹងជួយបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង។

កូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៉ីចាប់តាំងពីឆ្នាំ២០២៣មក ហើយបានបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងឆ្នាំ២០២៤ ក្នុងនោះរួមមានកងទ័ពដែលចូលរួមប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន បន្ទាប់ពីការវាយលុករបស់អ៊ុយក្រែនចូលក្នុងតំបន់ Kursk របស់រុស្ស៉ី។ ក្រុមអ្នកជំនាញបាននិយាយថាការគាំទ្រយោធាបានធ្វើឱ្យកូរ៉េខាងជើង ទទួលបានផលចំណេញមកវិញដូចជាការផ្ទេរបច្ចេកវិទ្យាពីរុស្ស៉ី ប្រាក់ចំណូលបានមកពីការលក់អាវុធ និងការហ្វឹកហាត់រៀនសូត្រដកស្រង់បទពិសោធន៍ដោយផ្ទាល់ក្នុងសង្រ្គាមសម័យទំនើប។

បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន GUR លោកស្រី Choe បានទាមទារឱ្យរុស្ស៉ីបានបញ្ជាក់ឱ្យច្បាស់ពីគោលនយោបាយរបស់ខ្លួនចំពោះកូរ៉េខាងត្បូង ហើយបានប្រកាសពីការផ្អាកជាបណ្ដោះអាសន្នក្នុងកិច្ចសហប្រតិបត្តិការយោធាមួយចំនួន ក្នុងនោះរួមមានទាំងការហោះហើររបស់យោធារុស្ស៉ីនៅពីលើទឹកដីកូរ៉េខាងជើង និងការផ្អាកការបញ្ជូនគ្រាប់កាំភ្លើងធំ និងមីស៊ីលបាលិស្ទីគ KN-23 ទៅឱ្យរុស្ស៉ី។ នៅក្នុងរបាយការណ៍របស់ខ្លួន GUR ថែមទាំងបានឱ្យដឹងទៀតថាទីក្រុងព្យុងយ៉ាងមិនទាន់យល់ព្រមទៅនឹងសំណើមួយរបស់រុស្ស៉ីឱ្យពង្រីកវត្តមានកងទ័ពកូរ៉េខាងជើងនៅលើទឹកដីរុស្ស៉ីពី ៨៥០០នាក់ ដល់ ៥០ ០០០នាក់នៅឡើយទេ។

ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះបាននៅឡើយទេ។ ម្យ៉ាងខាងចារកម្ម GUR ក៏មិនបានឆ្លើយតបទៅនឹងសំណួរថាតើសេចក្ដីថ្លែងការណ៍របស់លោកស្រី Choe និងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Andrey Rudenko ធ្វើឡើងនៅទីណានោះដែរ ខណៈខាងក្រសួងការពារជាតិរុស្ស៉ី និងស្ថានទូតកូរ៉េខាងជើងប្រចាំ រុស្ស៉ី ក៏បានធ្វើអត្ថាធិប្បាយអ្វីនោះទេ។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីខែតុលាកន្លងទៅ លោក Andrey Rudenko ដែលទទួលខុសត្រូវលើទំនាក់ទំនងរុស្ស៉ីជាមួយអាស៊ី បាននិយាយថាទីក្រុងមូស្គូទទួលបានសញ្ញាពីទីក្រុងសេអ៊ូលថាខ្លួនចង់ធ្វើ​ឱ្យទំនាក់ទំនងជាមួយរុស្ស៉ីវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ នៅពេលសង្រ្គាមអ៊ុយក្រែនបិទបញ្ចប់ ហើយថាភាគីទាំង២កំពុងពិភាក្សាពីការបើកជើងហោះហើរត្រង់ ឡើងវិញ។ ប៉ុន្តែ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងមិនធ្វើបានឆ្លើយតបនោះទេទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយ៕