FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Apple ដក Chatbot AI របស់ MiniMax ចេញពី App Store ទូទាំងពិភពលោក ក្រោយរងការចោទថាផ្ញើសារផ្លូវភេទទៅកាន់កុមារ

27-11-2026 09:09

(បរទេស)៖ ក្រុមហ៊ុន Apple បានដកកម្មវិធីជជែកកម្សាន្តដោយបញ្ញាសិប្បនិម្មិត (AI) Talkie របស់ក្រុមហ៊ុនចិន MiniMax ចេញពី App Store ទូទាំងពិភពលោក បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តួអង្គនិម្មិតក្នុងកម្មវិធីនេះបានផ្ញើសារមិនសមរម្យ និងមានលក្ខណៈផ្លូវភេទទៅកាន់កុមារ។ របាយការណ៍របស់សារព័ត៌មាន ABC News និងការិយាល័យសារព័ត៌មានស៊ើបអង្កេត (Bureau of Investigative Journalism) នៅថ្ងៃពុធ បានលើកឡើងពីបញ្ហានេះ ខណៈក្រុមហ៊ុន Apple និង MiniMax មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២៦។

កម្មវិធី Talkie ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០២៣ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជជែកជាមួយតួអង្គនិម្មិតជាច្រើនប្រភេទ ដែលជាញឹកញាប់មានលក្ខណៈបែបស្នេហា។ ទោះបីជាកម្មវិធីនេះត្រូវបានកំណត់អាយុប្រើប្រាស់ចាប់ពី ១៨ ឆ្នាំឡើងទៅលើ App Store និង Google Play Store ក៏ដោយ ក្រុមអ្នកតស៊ូមតិដើម្បីសុវត្ថិភាពកុមារបានរិះគន់ថា ប្រព័ន្ធផ្ទៀងផ្ទាត់អាយុមានភាពធូររលុង ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ជាក់អាយុដោយខ្លួនឯង។ តាមក្រុមហ៊ុនស្រាវជ្រាវ Unique កម្មវិធីនេះមានអ្នកប្រើប្រាស់សកម្មប្រចាំខែប្រមាណ ១១ លាននាក់ គិតត្រឹមខែតុលា ឆ្នាំ២០២៦។

Talkie និងកម្មវិធី Xingye ជាភាសាចិន បានរួមចំណែកជាង ៦០% នៃចំណូលរបស់ MiniMax ក្នុងឆ្នាំ២០២៤។ ប៉ុន្តែកម្មវិធីដៃគូនិម្មិត AI កំពុងរងការត្រួតពិនិត្យកាន់តែខ្លាំង ដោយសារហានិភ័យក្នុងការប្រាស្រ័យទាក់ទងជាមួយអនីតិជន។ នៅក្នុងឆ្នាំនេះ Chatbot Grok របស់ Elon Musk ក៏រងការរិះគន់ក្រោយត្រូវបានប្រើដើម្បីបង្កើតរូបភាពស្ត្រី និងកុមារដែលមានលក្ខណៈផ្លូវភេទ ខណៈ Character.AI កំពុងប្រឈមនឹងបណ្តឹងជាច្រើននៅសហរដ្ឋអាមេរិក ជុំវិញការប្រាស្រ័យទាក់ទងមិនសមរម្យជាមួយអនីតិជន។

គូសបញ្ជាក់ថា កាលពីខែកក្កដា ប្រទេសចិនបានរឹតបន្តឹងលើកម្មវិធីដៃគូនិម្មិត AI ក្នុងស្រុក រួមទាំង Xingye ដោយហាមឃាត់ការបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយអនីតិជន និងតម្រូវឱ្យក្រុមហ៊ុនដាក់ចេញវិធានការការពារដើម្បីទប់ស្កាត់ការពឹងផ្អែកផ្លូវអារម្មណ៍ និងការញៀន។ ជាការឆ្លើយតប ក្រុមហ៊ុន ByteDance និង Alibaba ក៏បានបិទមុខងារភ្នាក់ងារ AI ដែលមានការប្រាស្រ័យទាក់ទងដូចមនុស្សមួយចំនួនផងដែរ។ ទោះជាយ៉ាងណា វិធានការទាំងនេះបានបង្កឱ្យមានការតវ៉ាពីអ្នកប្រើប្រាស់ចិនមួយចំនួន ដែលបានបង្កើតចំណងផ្លូវអារម្មណ៍ជាមួយតួអង្គនិម្មិត៕