FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ៖ លោក ពូទីនអាចមកចូលរួមកិច្ចប្រជុំកំពូល G20 នៅសហរដ្ឋអាមេរិក ប្រសិនបើលោកចង់

27-11-2026 08:40

(PALM BEACH, Florida)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកផ្ទាល់មិនដឹងនោះទេថាតើលោកប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀ ពូទីន នឹងមានវត្តមានចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងរដ្ឋ Florida ឬក៏អត់ ប៉ុន្តែប្រសិនបើចង់ មេដឹកនាំរុស្ស៉ីអាចទៅចូលរួមបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើលោកចង់មកចូលរួម (G20) ពិតណាស់លោកអាចមកចូលរួមបាន»។ លោក ត្រាំបានបន្ថែមថាមានមនុស្សមួយចំនួនមិនចង់ឃើញវត្តមានលោក ពូទីននៅឯកិច្ចប្រជុំ G20 ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែធ្នូខាងមុខ ហើយរូបលោកផ្ទាល់ក៏មិនច្បាស់នោះដែរថាតើលោក ពូទីន នឹងទៅចូលរួមឬក៏អត់? ដូច្នេះបើតាមលោក ត្រាំ ចង់ចូលរួមឬក៏យ៉ាងណា គឺអាស្រ័យលើលោក ពូទីន។

គួរបញ្ជាក់ថា វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍​បានឱ្យដឹងថាមិនទាន់មានការសម្រេចចិត្តនៅឡើយទេ ជុំវិញការចូលរួមរបស់លោក ពូទីន ក្នុងកិច្ចប្រជុំកំពូល G20 សហរដ្ឋអាមេរិក។ លោក ពូទីន បានបង្ហើបក្រោយជំនួបជាមួយលោក ត្រាំ ក្នុងប្រទេសចិនកាលពីសប្ដាហ៍មុនថារូបលោកនឹងពិចារណាលើការចូលរួមកិច្ចប្រជុំនេះ ប៉ុន្តែលោកផ្ទាល់បានបញ្ជាក់ថាលោកប្រហែលជាត្រូវគិតគូរលើស្ថានភាពក្នុងប្រទេសរុស្ស៉ីជាមុនសិន មុននឹងសម្រេចចិត្តថាតើត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដែរឬក៏យ៉ាងណា។

លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ក៏បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ផងដែរថារូបលោកចង់ឃើញរុស្ស៉ីបញ្ឈប់អរិភាពយោធាក្នុងតំបន់អឺរ៉ុប ក្នុងក្ដីសង្ឃឹមថាឆ្ពោះទៅរក កិច្ចបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនឱ្យបានឆាប់៕