អ៊ីតាលីបញ្ជាក់ថា ពលករខ្លួន ២នាក់ ស្លាប់ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់នៅកូវ៉ែត
26-11-2026 22:34
(ទីក្រុងកូវ៉ែត)៖ ពលករជនជាតិអ៊ីតាលីចំនួន ២នាក់ បានស្លាប់ក្នុងការវាយប្រហារដោយដ្រូន របស់អ៊ីរ៉ង់លើប្រទេសកូវ៉ែត កាលពីថ្ងៃព្រហស្បតិ៍ ដោយក្រសួងការពារជាតិកូវ៉ែតបញ្ជាក់ថា ពួកគេបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពីបំណែកគ្រាប់ដែលធ្លាក់ចុះក្រោយការស្ទាក់បាញ់ទម្លាក់ដ្រូន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រសួងការបរទេសអ៊ីតាលីបានបញ្ជាក់ថា «ការផ្ទុះបង្កឡើងដោយការវាយប្រហារដោយដ្រូន បានកើតឡើងនៅទីតាំងដែលអ្នកបច្ចេកទេសអ៊ីតាលី ២នាក់ មកពីក្រុមហ៊ុន Rheinmetall Italia នៃសម្ព័ន្ធក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Rheinmetall កំពុងបំពេញការងារ» ដែលបណ្តាលឱ្យពលករទាំង ២នាក់ស្លាប់បាត់បង់ជីវិត។ ទន្ទឹមនេះ ក្រសួងការពារជាតិកូវ៉ែតបានឱ្យដឹងថា កម្មករជនជាតិកូវ៉ែតម្នាក់ និងជនជាតិប៉ាគីស្ថានម្នាក់ផ្សេងទៀតក៏បានរងរបួសក្នុងការវាយប្រហារនេះផងដែរ។
គួរបញ្ជាក់ថា ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារនេះ ដោយលើកឡើងថា អំពើឈ្លានពានរបស់អ៊ីរ៉ង់បានបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការស្តារស្ថិរភាពនៅក្នុងតំបន់ឡើងវិញ៕
