FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ

26-11-2026 21:59

(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាត់ស៍ (Israel Katz) នៅថ្ងៃព្រហស្បតិ៍នេះ បានគំរាមជម្លៀសពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ចំនួន ១លាននាក់ ប្រសិនបើក្រុមហាម៉ាសមិនព្រមទម្លាក់អាវុធ។ ការព្រមាននេះកើតឡើងស្របពេលកងទ័ពអ៊ីស្រាអែលបន្តវាយប្រហារតាមគោលដៅនៅហ្គាហ្សា បើទោះជាមានបទឈប់បាញ់ក្តី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមរយៈសារលើបណ្តាញសង្គម X លោក កាត់ស៍ បានអះអាងថា កងទ័ពអ៊ីស្រាអែលបានបំផ្លាញ និងគ្រប់គ្រងទឹកដីហ្គាហ្សា ៧០ភាគរយហើយ។ លោកបានព្រមានថា «ក្រុមហាម៉ាសត្រូវតែទម្លាក់អាវុធដោយស្ម័គ្រចិត្ត ដើម្បីរំសាយយោធាតាមផែនការលោកប្រធានាធិបតី ត្រាំ បើពុំនោះទេ កងទ័ពអ៊ីស្រាអែលនឹងបង្ខំឱ្យទម្លាក់អាវុធ ហើយជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់បន្ថែមទៀតទៅភាគខាងត្បូង»។ ទន្ទឹមនេះ កងទ័ពអ៊ីស្រាអែលបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារសម្លាប់លោក ខាលេដ អាប៊ូ ណាដា (Khaled Abu Nada) ដែលជាមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ហាម៉ាស និងជារដ្ឋមន្ត្រីអប់រំ នៅតំបន់ Deir al-Balah ដោយធ្វើឱ្យភរិយាលោកស្លាប់ផងដែរ។ លើសពីនេះ ក្រុមការពារជនស៊ីវិលហ្គាហ្សាបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ៤នាក់ទៀតបានស្លាប់ក្នុងការវាយប្រហារនៅជំរំជនភៀសខ្លួន Al-Shati និង Bureij។

គួរបញ្ជាក់ថា ក្រោមបទឈប់បាញ់ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែតុលា ឆ្នាំ២០២៥ កងទ័ពអ៊ីស្រាអែលអាចបន្តឈរជើងលើផ្ទៃដី ៥៣ភាគរយនៃតំបន់ហ្គាហ្សា។ ហើយកាលពីខែកក្កដា ឆ្នាំ២០២៦ ក្រុមហាម៉ាសធ្លាប់យល់ព្រមប្រគល់អាវុធឱ្យក្រុមអ្នកជំនាញប៉ាឡេស្ទីនក្រោមក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ។ ទោះជាយ៉ាងណា លោក ណេតាន់យ៉ាហ៊ូ ទាមទារឱ្យហាម៉ាសរំសាយអាវុធទាំងស្រុងជាមុនសិនទើបអ៊ីស្រាអែលដកទ័ព ដែលនាំឱ្យការអនុវត្តកិច្ចព្រមព្រៀងនេះនៅតែជាប់គាំង៕