វិមានក្រឹមឡាំងចោទអ៊ុយក្រែនថា ព្យាយាមពង្រីកជម្លោះទៅសមុទ្រមេឌីទែរ៉ាណេ និងបាល់ទិក
26-11-2026 20:18
(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អ៊ុយក្រែនថា កំពុងព្យាយាមពង្រីកសង្គ្រាមប្រឆាំងរុស្ស៊ីឱ្យរាលដាលដល់សមុទ្រមេឌីទែរ៉ាណេ និងសមុទ្របាល់ទិក ដោយព្រមានថាជាទង្វើដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការលើកឡើងនេះជាការឆ្លើយតបនឹងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃពុធ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអគ្គលេខាធិការអង្គការណាតូ (NATO) លោក ម៉ាក រូតតេ (Mark Rutte) ដែលជំរុញរុស្ស៊ីឱ្យជៀសវាងការពង្រីកសង្គ្រាមនៅអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមទូរស័ព្ទថា គ្មាននរណាចង់ឱ្យជម្លោះរីករាលដាលទេ ប៉ុន្តែអ៊ុយក្រែនទៅវិញទេ ដែលកំពុងប៉ុនប៉ងពង្រីកតំបន់ជម្លោះ ដោយលោកចោទថា «យើងកំពុងឃើញសកម្មភាពភេរវកម្មរបស់របបក្រុងកៀវនៅសមុទ្រមេឌីទែរ៉ាណេ និងសមុទ្របាល់ទិក»។ លោកបន្តថា ទង្វើនេះនឹងបង្កក្តីបារម្ភដល់រដ្ឋជាប់ឆ្នេរ និងសម្ព័ន្ធភាពណាតូទាំងមូល។
គួរបញ្ជាក់ថា ជំហររបស់មេដឹកនាំអាមេរិក និងណាតូ កើតឡើងក្រោយអ៊ុយក្រែនបានប្រើដ្រូនសមុទ្រវាយប្រហារពន្លិចនាវាចម្បាំងខ្នាតតូចរុស្ស៊ីនៅកំពង់ផែលីប៊ី កាលពីថ្ងៃអាទិត្យ និងវាយប្រហារនាវាដឹកទំនិញពាក់ព័ន្ធយោធារុស្ស៊ីនៅឈូងសមុទ្រហ្វាំងឡង់កាលពីថ្ងៃសៅរ៍។ ជុំវិញការវាយប្រហារនេះ អាជ្ញាធរលីប៊ី និងអ៊ីតាលីបានថ្កោលទោស និងព្រមានទីក្រុងកៀវកុំឱ្យពង្រីកសង្គ្រាមទៅតំបន់ថ្មី ខណៈប្រទេសន័រវែសដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ក៏ជំរុញឱ្យមានការប្រុងប្រយ័ត្ន និងរក្សាស្ថិរភាពក្នុងតំបន់សមុទ្របាល់ទិកផងដែរ៕
