FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថា នាវាដឹកប្រេង ២គ្រឿងផ្ទុះឆេះក្រោយប៉ះមីនសមុទ្រក្បែរកំពង់ផែអូម៉ង់

26-11-2026 19:15

(ឌូបៃ)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា នាវាដឹកប្រេងចំនួន ២គ្រឿង បានផ្ទុះឆេះក្រោយប៉ះមីនសមុទ្រនៅភាគខាងជើងកំពង់ផែខាសាប (Khasab) របស់អូម៉ង់ ខណៈព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស (Hormuz) តាមផ្លូវគ្មានការអនុញ្ញាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមសេចក្តីថ្លែងការណ៍ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim នាវាមួយក្នុងចំណោមនោះជានាវាដឹកប្រេងខ្នាតយក្សផ្ទុកប្រេងឆៅជាង ២លានបារ៉ែល ហើយទីក្រុងតេហេរ៉ង់តែងតែព្រមានថានាវាទូទៅមិនអាចឆ្លងកាត់ច្រកសមុទ្រនេះដោយសុវត្ថិភាពបានទេ បើគ្មានការសម្របសម្រួលជាមួយអ៊ីរ៉ង់ ដោយលើកពីហានិភ័យមីនសមុទ្រ។ ទន្ទឹមនេះ អ្នកនាំពាក្យឆ្មាំបដិវត្តន៍ លោក ហូសេន ម៉ូហេប៊ី (Hossein Mohebbi) បញ្ជាក់តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីរ៉ង់កំពុងប្រើអាវុធធុនធ្ងន់បិទច្រកសមុទ្រនេះ ដើម្បីដាក់សម្ពាធលើសេដ្ឋកិច្ចអាមេរិក និងការពារអ៊ីរ៉ង់ ខណៈទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្រអង់គ្លេស (UKMTO) ក៏បានរាយការណ៍ពីការផ្ទុះដោយគ្រាប់ផ្លោងមិនស្គាល់ប្រភពក្បែរនាវាដឹកប្រេងមួយគ្រឿង ចម្ងាយប្រមាណ ៥០ម៉ាយសមុទ្រភាគខាងលិចទីក្រុងឌូបៃផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីខែតុលាមក អ៊ីរ៉ង់បានដាក់ពង្រាយយុទ្ធសាស្ត្រវាយប្រហារថ្មីប្រឆាំងការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដើម្បីទប់ស្កាត់ការងើបឡើងវិញនៃលំហូរប្រេងឈូងសមុទ្រដែលគាំទ្រដោយកងទ័ពជើងទឹកអាមេរិក ខណៈមេបញ្ជាការកងទ័ពជើងទឹកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោកឧត្តមនាវីត្រី អាលី អាហ្សម៉ាអ៊ី (Ali Azmaei) គូសបញ្ជាក់ថា អ៊ីរ៉ង់គ្រប់គ្រងប្រតិបត្តិការទាំងស្រុងលើច្រកសមុទ្រនេះ ហើយការឆ្លងកាត់ដោយសុវត្ថិភាពអាស្រ័យលើការគោរពសិទ្ធិអធិបតេយ្យភាពរបស់អ៊ីរ៉ង់៕