ក្រសួងការពារជាតិចិន ជំរុញឱ្យជប៉ុនបញ្ឈប់ការបង្កបញ្ហាជុំវិញជម្លោះសមុទ្រចិនខាងត្បូង
26-11-2026 18:39
(ប៉េកាំង)៖ ក្រសួងការពារជាតិចិននៅថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការ «បង្កបញ្ហា» ជុំវិញជម្លោះសមុទ្រចិនខាងត្បូង ដោយអះអាងថាជប៉ុនមិនមែនជាភាគីពាក់ព័ន្ធក្នុងជម្លោះនេះ និងគ្មានសិទ្ធិអត្ថាធិប្បាយឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក ចេន ស៊ី (Chen Xi) បានគូសបញ្ជាក់ថា «យើងទាមទារឱ្យជប៉ុនបញ្ឈប់ការបង្កបញ្ហាជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូង»។ លោកបានបន្ថែមថា ជប៉ុនបានប្រើប្រាស់អ្វីដែលហៅថា «ការគំរាមកំហែងពីខាងក្រៅ» ដើម្បីបង្កើនក្តីបារម្ភក្នុងតំបន់ បង្កើតបក្សពួកយោធា និងព្យាយាមពង្រឹងវត្តមានយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ ការលើកឡើងនេះធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងសេចក្តីប្រកាសកាលពីដើមខែនេះ អំពីគម្រោងរបស់ជប៉ុនក្នុងការផ្តល់រ៉ាដា និងដ្រូនដល់ប្រទេសហ្វីលីពីន ដើម្បីពង្រឹងសមត្ថភាពឃ្លាំមើលតាមឆ្នេរសមុទ្រ ខណៈទំនាក់ទំនងការពារជាតិរវាងទីក្រុងម៉ានីល និងទីក្រុងតូក្យូ ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តយោធាផ្លូវការរបស់សហរដ្ឋអាមេរិក កំពុងមានភាពស៊ីជម្រៅកាន់តែខ្លាំង។
គួរបញ្ជាក់ថា នាវាឆ្មាំសមុទ្រចិន និងហ្វីលីពីន តែងតែប៉ះទង្គិចគ្នាជាញឹកញាប់នៅក្បែរតំបន់ថ្មប៉ប្រះទឹក និងកោះដែលមានជម្លោះ ចំពេលភាពតានតឹងនៅផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់នេះអូសបន្លាយជាយូរមកហើយ។ សហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូ បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតអំពីស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ខណៈចិនបង្កើនការដាក់ពង្រាយនាវាកងទ័ពជើងទឹក ឆ្មាំសមុទ្រ និងនាវាកងជីវពល ដើម្បីអះអាងអធិបតេយ្យភាពលើផ្ទៃសមុទ្រស្ទើរតែទាំងមូល ដែលជាន់គ្នាជាមួយការទាមទារដែនសមុទ្ររបស់ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់៕
