UPDATE: មនុស្ស៧នាក់របួស ក្នុងនោះ៤នាក់ធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះរោងចក្រចម្រាញ់ប្រេងនៅទីក្រុងបាងកក (Video inside)
26-11-2026 16:57
(បាងកក)៖ អាជ្ញាធរសង្រ្គោះបន្ទាន់នៅប្រទេសថៃ បានឱ្យដឹងថា មនុស្សយ៉ាងហោច៧នាក់ បានរងរបួស ក្នុងនោះ៤នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ បន្ទាប់ពីហេតុការណ៍ផ្ទុះដ៏ធំមួយ បានកើតឡើងនៅរោងចក្រចម្រាញ់ប្រេងក្នុងទីក្រុងបាងកក នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
សាក្សីបានមើលឃើញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ រួមជាមួយដុំផ្សែងខ្មៅយ៉ាងធំសម្បើម ហុយឡើងទៅលើផ្ទៃមេឃនៅលើរាជធានីប្រទេសថៃ ក្រោយហេតុការណ៍ផ្ទុះ នៅឯរោងចក្ររបស់សម្ព័ន្ធក្រុមហ៊ុនថាមពលធំមួយរបស់ថៃ គឺ Bangchak Corporation។ ទីតាំងនោះជារោងចក្រចម្រាញ់ប្រេងធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ ហើយក៏ជារោងចក្រចម្រាញ់ប្រេងតែមួយគត់ផងដែរ ដែលស្ថិតក្នុងតំបន់ទីប្រជុំជន។
គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងជិត៣រសៀល និងក្រោយមកអគ្គិភ័យត្រូវបានពន្លត់ទៅវិញ ហើយស្ថានការណ៍កំពុងវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។ សម្រាប់មូលហេតុនៃការផ្ទុះឆេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត ខណៈអាជ្ញាធរទីក្រុងបាងកក បានណែនាំឱ្យប្រជាជន ជម្លៀសទៅកន្លែងសុវត្ថិភាព និងចៀសវាងទៅក្បែរតំបន់នោះ៕



