រឿងអាស្រូវចារកម្ម AI! អតីតវិស្វករ OpenAI និងជាដៃគូវិនិយោគជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយតម្កល់ប្រាក់ ១ លានដុល្លារ (Video inside)
25-11-2026 15:14
(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ចៅក្រមតុលាការសហព័ន្ធនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានសម្រេចកាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ អនុញ្ញាតឱ្យលោក Abdulrahman Alfozan ពលរដ្ឋអារ៉ាប៊ីសាអូឌីតដែលត្រូវបានចោទប្រកាន់ពីបទលួចបង្កប់ឧបករណ៍ថតសំឡេងនៅក្នុងបន្ទប់ប្រជុំថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OpenAI អាចនៅក្រៅឃុំបណ្តោះអាសន្នបាន ដោយត្រូវតម្កល់ប្រាក់ធានាចំនួន ១ លានដុល្លារ។
យោងតាមមេធាវីរបស់លោក គឺលោក David Rizk លោក Alfozan វ័យ ៣៥ ឆ្នាំ ត្រូវបានរំពឹងថានឹងត្រូវបានដោះលែងនៅថ្ងៃពុធ ហើយត្រូវពាក់ឧបករណ៍តាមដាននៅកជើង (Ankle monitor) ដើម្បីឃ្លាំមើលការធ្វើដំណើរ។
ចៅក្រមស៊ើបអង្កេតសហព័ន្ធលោក Alex Tse បានសម្រេចយល់ព្រមតាមសំណើសុំនៅក្រៅឃុំរបស់មេធាវី Rizk ដែលបានដាក់កាលពីសប្តាហ៍មុន។ ក្នុងសំណើនោះ មេធាវីបានលើកឡើងថា ព្រះរាជអាជ្ញាបានទទួលស្គាល់ថាពួកគេ «មិនទាន់រកឃើញភស្តុតាងថ្មីណាមួយដើម្បីគាំទ្រទ្រឹស្តីដែលថាលោក Alfozan បានលួចអាថ៌កំបាំងពាណិជ្ជកម្ម ឬដើម្បីគាំទ្រការសន្និដ្ឋានថាលោកកំពុងធ្វើសកម្មភាពជាភ្នាក់ងារបរទេសដែលមិនបានចុះបញ្ជីសម្រាប់អារ៉ាប៊ីសាអូឌីតនោះទេ»។
ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានជំទាស់នឹងការដោះលែងអតីតវិស្វករ OpenAI រូបនេះ ដោយអះអាងថាលោកនៅតែមានហានិភ័យខ្ពស់ក្នុងការរត់គេចខ្លួន (Flight risk) ដោយសារតែ «ធនធានហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ និងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសអារ៉ាប៊ីសាអូឌីត»។ ព្រះរាជអាជ្ញាក៏បានរិះគន់ថាសំណើសុំនៅក្រៅឃុំនេះបានមើលស្រាលភាពធ្ងន់ធ្ងរនៃបទចោទប្រកាន់ ទាំងដែលការស៊ើបអង្កេតរបស់រដ្ឋាភិបាលមិនទាន់បញ្ចប់។
លោក Alfozan ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែតុលា ត្រូវបានចោទប្រកាន់ពីបទលួចលាក់ឧបករណ៍ថតសំឡេងនៅក្នុងបន្ទប់ប្រជុំរបស់ក្រុមហ៊ុន OpenAI ដើម្បីលួចថតកិច្ចពិភាក្សាដោយសម្ងាត់។ ព្រះរាជអាជ្ញាបានបញ្ជាក់ថា ឧបករណ៍ថតសំឡេងនោះត្រូវបានគេរកឃើញដោតជាប់នៅក្នុងរន្ធ USB នៃទូរទស្សន៍មួយក្នុងបន្ទប់ប្រជុំ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
ព្រះរាជអាជ្ញាបានអះអាងថា ពួកគេបានរកឃើញឯកសារសំឡេងរាប់រយហ្វាល់ (Audio files) នៅលើកុំព្យូទ័រផ្ទាល់ខ្លួនរបស់លោក Alfozan «រួមទាំងការថតសំឡេងកិច្ចប្រជុំ ឬការសន្ទនារាប់សិបលើកដែលបានកើតឡើងនៅ OpenAI ពេញមួយខែកញ្ញា ឆ្នាំ២០២៦ ដែលភាគច្រើនពាក់ព័ន្ធនឹងការពិភាក្សាអំពីអ្វីដែលអាចជាអាថ៌កំបាំងពាណិជ្ជកម្ម»។
លោក Alfozan គឺជាដៃគូវិនិយោគ (Venture partner) នៅក្នុងក្រុមហ៊ុនមូលធនបណ្តាក់ទុន (Venture Capital) មួយរបស់អារ៉ាប៊ីសាអូឌីត ដែលមានឈ្មោះព្រះអង្គម្ចាស់ Khalid Bin Bader Al Saud (សមាជិកនៃរាជវង្សានុវង្សដែលកំពុងកាន់អំណាចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត) ជាដៃគូរួមការងារផងដែរ។
ដំណើរការជ្រើសរើសគណៈវិនិច្ឆ័យ (Jury selection) សម្រាប់ការជំនុំជម្រះក្តីរបស់លោក Alfozan ត្រូវបានកំណត់ឱ្យចាប់ផ្តើមនៅ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៧។ ចំណែកក្រុមហ៊ុន OpenAI មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការដោះលែងនេះនៅឡើយទេ៕





