China Southern Airlines បញ្ជាទិញយន្តហោះ Boeing ចំនួន ៥០គ្រឿង (Video inside)
25-11-2026 15:07
(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Xiamen Airlines បានព្រមព្រៀងគ្នាក្នុងការទិញយន្តហោះ Boeing ម៉ូដែល 737 MAX 8 ចំនួន ៥០គ្រឿង ក្នុងតម្លៃប្រហែល ៧,៤ពាន់លានដុល្លារ ខណៈដែលនេះជាកិច្ចព្រមព្រៀងធំរបស់ចិនជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិកក្នុងរយៈពេលជិតមួយទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការបញ្ជាទិញនេះ ធ្វើឡើងបន្ទាប់ពីចិនសន្យាទិញយន្តហោះចំនួន ២០០គ្រឿង អំឡុងពេលនៃជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំចិន ស៉ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីខែឧសភា។ នៅក្នុងកំណត់ត្រាស្រាវជ្រាវមួយ ក្រុមហ៊ុន Jefferies បានលើកឡើងថា យន្តហោះទាំងនេះ ដែលគ្រោងប្រគល់ចាប់ពីឆ្នាំ ២០៣១ ដល់ឆ្នាំ ២០៣៤ គឺជាការប្រែក្លាយកិច្ចព្រមព្រៀងទិញយន្តហោះ ២០០គ្រឿងរបស់ចិន ឱ្យទៅជាការបញ្ជាទិញជាក់ស្តែង។
ក្រុមហ៊ុនផលិតយន្តហោះអាមេរិកមួយនេះ ស្ទើរតែមិនទទួលបានការបញ្ជាទិញថ្មីៗពីចិនដែលជាទីផ្សារអាកាសចរណ៍ធំជាងគេទីពីររបស់ពិភពលោកឡើយ ចាប់តាំងពីឆ្នាំ ២០១៧ មក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន ប៉ុន្តែក្រុមហ៊ុននៅតែបន្តប្រគល់យន្តហោះតាមការបញ្ជាទិញមុនៗ។
គួរបញ្ជាក់ថា ចិនមិនទាន់បានប្រកាសអំពីការបញ្ជាទិញណាមួយដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃការសន្យាទិញយន្តហោះចំនួន ២០០គ្រឿងនោះទេ ហើយឯកសារដែល China Southern Airlines ដាក់ជូនស្ថាប័នមូលបត្រ ក៏មិនបានបញ្ជាក់ដែរថាតើការបញ្ជាទិញនេះត្រូវបានរាប់បញ្ចូលឬអត់។ ចំណែកក្រុមហ៊ុន Boeing ដែលតម្លៃភាគហ៊ុនកើនឡើង ១ភាគរយកាលពីថ្ងៃអង្គារ បានបដិសេធធ្វើអត្ថាធិប្បាយ៕
