iPhone 18e ត្រូវបានរាយការណ៍ថានឹងផ្លាស់ប្តូររចនាបថកាមេរ៉ាថ្មី ខណៈ iPhone Air 2 បន្ថែមកាមេរ៉ាទី២
25-11-2026 13:08
(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុន Apple បានបញ្ចេញ iPhone 17e កាលពីខែមីនា ហើយថ្មីៗនេះលោក Mark Gurman មកពីសារព័ត៌មាន Bloomberg បាននិយាយថា iPhone 18e គួរតែមកដល់ក្នុងអំឡុងចន្លោះខែកុម្ភៈ ដល់ខែមីនា ហើយឥឡូវនេះ សារព័ត៌មាន Engadget បាននិយាយថា ខ្លួនបានឃើញរូបភាព CAD នៃ iPhone 18e ដែលនឹងមកដល់ ហើយរូបភាពទាំងនោះបានបង្ហាញពីការផ្លាស់ប្តូរការរចនាដ៏ធំមួយនៅផ្នែកខាងក្រោយរបស់វា។ សេចក្ដីរាយការណ៍បានបន្តថា រូបភាពទាំងនេះបានមកពីប្រភពមួយដែលធ្លាប់បានទម្លាយព័ត៌មានលម្អិតអំពីពណ៌ត្រឹមត្រូវសម្រាប់ iPhone 17 និង iPhone 18 Pro មុនពេលការប្រកាសរបស់ពួកគេ។
iPhone 17e មិនមានកាមេរ៉ាដែលលយចេញខ្លាំងនោះទេ ដោយសារកញ្ចក់តែមួយរបស់វាលយចេញបន្តិចពីខាងក្រោយ ខណៈពេលដែលភ្លើង Flash និងមីក្រូហ្វូនស្ថិតនៅក្នុងរន្ធកាត់នៅលើកញ្ចក់ខាងក្រោយ។ យោងតាមរូបភាពដែលបង្ហាញ iPhone 18e នឹងមានកាមេរ៉ារាងការ៉េស្ទើរតែទាំងស្រុង ដែលមានទំហំប្រហែល 28x35mm ដែលផ្ទុកកាមេរ៉ាខាងក្រោយតែមួយ ភ្លើង LED Flash និងមីក្រូហ្វូន។ វាស្រដៀងនឹងកាមេរ៉ានៅលើ iPad Pro 11 (2025) និង iPad Pro 13 (2025)។
គួរឱ្យចាប់អារម្មណ៍ iPhone 18e ជាក់ស្តែងនឹងក្លាយជាទូរស័ព្ទ iPhone តែមួយគត់ក្នុងចំណោមទូរស័ព្ទ iPhone នាពេលខាងមុខនេះ ដែលមានរូបរាងថ្មីនេះ។ រូបភាព CAD នៃ iPhone 18 ត្រូវបានគេអះអាងថា បានបង្ហាញថាវារក្សាការរចនារបស់ជំនាន់មុន ប៉ុន្តែជាមួយនឹងម៉ូឌុលកាមេរ៉ាកាន់តែក្រាស់ (3.8mm កើនឡើងពី 3.45mm)។ ក្រុមហ៊ុន Apple បានប្រើប្រាស់ Sensor មេ 48MP ដូចគ្នានៅក្នុងម៉ូដែលមូលដ្ឋានរបស់ខ្លួនតាំងពី iPhone 15 មកម្ល៉េះ ដូច្នេះកម្រាស់បន្ថែមអាចនឹងចង្អុលបង្ហាញពីការដំឡើងកាមេរ៉ា។
សម្រាប់ iPhone Air 2 វិញ គឺគាំទ្រកាមេរ៉ាខាងក្រោយទីពីរដែលការលេចធ្លាយថ្មីៗនេះបានបង្ហាញ ដោយកញ្ចក់ទាំងពីរត្រូវបានដាក់នៅជាប់គ្នា។ គេរាយការណ៍ថា ទូរស័ព្ទនេះនឹងរក្សាកម្រាស់ 5.6mm ខណៈពេលដែលម៉ូឌុលកាមេរ៉ារបស់វាកើនឡើងពី 3.45mm ទៅ 3.8mm ផងដែរ។ ទាំង iPhone 18 និង Air 2 ក៏ត្រូវបានគេនិយាយថា នឹងរក្សា Dynamic Island ដូចគ្នានឹងម៉ូដែលបច្ចុប្បន្នដែរ ជំនួសឱ្យម៉ូដែលតូចជាងនៅលើ 18 Pro ដែលផ្ទុយនឹងពាក្យចចាមអារ៉ាមពីមុនថា Air 2 នឹងទទួលបានរន្ធកាត់តូចជាង៕


