ក្រុមហ៊ូទី គំរាមវាយកំពង់ផែ Jeddah និងកំពង់ផែផ្សេងទៀតរបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម (Video inside)
25-11-2026 12:01
(សាណា)៖ ក្រុមហ៊ូទី (Houthis) នៅយេម៉ែន បាននិយាយនៅថ្ងៃពុធនេះថា កំពង់ផែ Jeddah និងកំពង់ផែដទៃទៀតទាំងអស់របស់អារ៉ាប៊ីសាអូឌីត នៅតាមបណ្តោយឆ្នេរសមុទ្រក្រហម នឹងក្លាយជាគោលដៅវាយប្រហារ ប្រសិនបើអារ៉ាប៊ីសាអូឌីតពិតជាធ្វើតាមការគំរាមរបស់ខ្លួនថានឹងវាយប្រហារលើកំពង់ផែ Hodeidah ប្រទេសយេម៉ែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមអាជ្ញាធរអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារ ដ្រូនរបស់ក្រុមហ៊ូទីមួយគ្រឿងបានវាយប្រហារលើអគារខ្ពស់បំផុតមួយក្នុងទីក្រុងរីយ៉ាដ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១១នាក់រងរបួស។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទី សន្យាចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយលោក Yahya Saree អ្នកនាំពាក្យហ៊ូទី ក្រុមនេះជំរុញឱ្យបុគ្គលិក និងកម្មករនៅតាមកំពង់ផែអារ៉ាប៊ីសាអូឌីត រួមទាំងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះជម្លៀសខ្លួនចេញជាបន្ទាន់ ហើយក៏បានអំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវសមុទ្រផ្អាកការធ្វើនាវាចរណ៍របស់ខ្លួនផងដែរ។
ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានឱ្យដឹងនៅថ្ងៃពុធនេះ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់ហ៊ូទី ថាក្រុមចម្រុះរបស់ខ្លួនបានវាយប្រហារលើសមត្ថភាពប្រតិបត្តិនៅកំពង់ផែ Hodeidah និងបានបំផ្លាញគោលដៅមួយចំនួននៅក្នុងខេត្ត Saada និង Amran នៃប្រទេសយេម៉ែន។
គួរបញ្ជាក់ថា ការប៉ះទង្គិចថ្មីចុងក្រោយនេះ បង្ហាញពីការកើនឡើងមួយកម្រិតទៀតនៃភាពតានតឹងរវាងក្រុមហ៊ូទី និងអារ៉ាប៊ីសាអូឌីត ដោយការវាយប្រហារនានាកាន់តែផ្តោតគោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ភាគីទាំងសងខាង៕
