ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ (Video inside)
25-11-2026 10:05
(ឡាហាវ៉ាន)៖ លោក Tedros Adhanom Ghebreyesus ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលជាបន្ទាន់នូវការបិទផ្លូវផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា ដោយព្រមានថាវិធានការនេះកំពុងធ្វើឱ្យជីវិតរបស់កុមារធ្លាក់ក្នុងគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក Tedros មានប្រសាសន៍ថា «ការរឹតត្បិតលើប្រេងឥន្ធនៈ និងការដាក់ទណ្ឌកម្មនានាដែលកាន់តែតឹងរ៉ឹង កំពុងបង្កផលប៉ះពាល់អាក្រក់ដោយផ្ទាល់ដល់ប្រជាជនគុយបា ជាពិសេសគឺក្រុមមនុស្សដែលងាយរងគ្រោះបំផុត»។ លោកបានលើកឡើងបែបនេះអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសគុយបាថ្មីៗនេះ ជាទីដែលលោកបានចុះពិនិត្យមណ្ឌលសុខាភិបាលមួយចំនួននៅទីក្រុងឡាហាវ៉ាន។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក Tedros WHO នឹងចូលរួមចំណែកជាថវិកា ២លានដុល្លារ ដើម្បីជួយពង្រឹងកម្មវិធីផ្តល់វ៉ាក់សាំងថ្នាក់ជាតិរបស់គុយបា និងផ្តល់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់នានាដល់មូលដ្ឋានសុខាភិបាល។
ដូចគ្នានឹង WHO ដែរ អង្គការសហប្រជាជាតិ (UN) ក៏បានព្រមានជាច្រើនលើកអំពីវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងនៅលើប្រទេសដីកោះនេះ ដោយចាត់ទុកការបិទផ្លូវនាំចូលប្រេងឥន្ធនៈពីសំណាក់សហរដ្ឋអាមេរិកថា ជាការរំលោភច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សនៃប្រជាជនគុយបាទាំងអស់៕
