FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន ថាអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៉ី ទោះជាមានសំណើរបស់លោក ត្រាំ ហើយសន្យាសងសឹកវិញ (Video inside)

25-11-2026 08:59

(មូស្គូ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អ៊ុយក្រែននៅតែបន្តការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី ទោះបីជាមានសំណើពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឱ្យបញ្ឈប់សកម្មភាពទាំងនេះក៏ដោយ ដោយលោកបានសន្យាថានឹងសងសឹកវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ទីក្រុងកៀវបានលើកឡើងថា ខ្លួននឹងបញ្ឈប់ការវាយប្រហារលើគោលដៅថាមពលរបស់រុស្ស៉ី លុះត្រាតែទីក្រុងមូស្គូបញ្ឈប់សកម្មភាពបែបនេះដែរ។ ការវាយប្រហាររបស់អ៊ុយក្រែនបានថមថយ បន្ទាប់ពីលោក ត្រាំ ប្រកាសកាលពីពាក់កណ្តាលខែតុលា អំពីបទឈប់បាញ់លើគោលដៅថាមពល ប៉ុន្តែសកម្មភាពទាំងនេះបានកើនឡើងវិញនាចុងខែមុន។

នៅក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនប្រេង នៅវិមានក្រឹមឡាំង លោក ពូទីន គូសបញ្ជាក់ថា «យើងសង្កេតឃើញថា របបក្រុងកៀវនៅតែបន្តវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់យើង ទោះបីជាមានការអំពាវនាវផ្ទាល់ពីប្រធានាធិបតីអាមេរិក ដែលស្នើឱ្យបញ្ឈប់ការវាយប្រហារបែបនេះក៏ដោយ។ ប៉ុន្តែ អាជ្ញាធរក្រុងកៀវបែរជាមិនអើពើនឹងដំបូន្មាននេះទៅវិញ»។ «ក្នុងន័យនេះ ខ្ញុំសូមសង្កត់ធ្ងន់ថា វិធានការឆ្លើយតបពីភាគីយើង គឺជៀសមិនរួចឡើយ»។ នេះជាការបន្ថែមរបស់លោក ពូទីន។

យោងតាមការប៉ាន់ប្រមាណពីប្រភពចំនួនពីរក្នុងវិស័យថាមពល ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន បានធ្វើឱ្យបរិមាណសរុបនៃការចម្រាញ់ប្រេងឆៅនៅតាមរោងចក្រចម្រាញ់ប្រេងរុស្ស៉ី ធ្លាក់ចុះចំនួន ៤៥ភាគរយ ចាប់តាំងពីចុងខែតុលា៕