FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចក្រភពអង់គ្លេសបើកការសាកល្បងពិនិត្យមហារីកសុដន់ដោយប្រើ AI ទ្រង់ទ្រាយធំបំផុតលើពិភពលោក ទៅលើស្ត្រីជិត ៧០ ម៉ឺននាក់ (Video inside)

25-11-2026 07:40

(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានបោះជំហានប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យវេជ្ជសាស្ត្រ ដោយបានប្រកាសចាប់ផ្តើមកម្មវិធីសាកល្បងពិនិត្យរកជំងឺមហារីកសុដន់ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅលើពិភពលោក ដែលគ្របដណ្តប់ទៅលើស្ត្រីរហូតដល់ជិត ៧០០,០០០ នាក់ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

កម្មវិធីស្រាវជ្រាវដ៏ធំសម្បើមនេះ ត្រូវបានគ្រប់គ្រង និងដំណើរការក្រោមប្រព័ន្ធសុខាភិបាលសាធារណៈរបស់អង់គ្លេស (NHS) និងគាំទ្រដោយវិទ្យាស្ថានស្រាវជ្រាវសុខភាព និងការថែទាំជាតិ (NIHR) ដោយប្រើប្រាស់កញ្ចប់ថវិកាវិនិយោគប្រមាណ ១០ លានផោន (ឬស្មើនឹងជាង ១៣ លានដុល្លារអាមេរិក)។

កម្មវិធីសាកល្បងដែលមានឈ្មោះថា EDITH Trial នេះ នឹងត្រូវដាក់ពង្រាយនៅតាមទីតាំងពិនិត្យសុខភាពចំនួន ៣០ កន្លែង នៅទូទាំងប្រទេសអង់គ្លេស ដោយចាប់ផ្តើមដំបូងគេនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Cambridge (Cambridge University Hospitals)។

គោលបំណងចម្បងនៃការសាកល្បងនេះ គឺដើម្បីវាស់ស្ទង់ថាតើប្រព័ន្ធ AI អាចជួយអ្នកឯកទេសក្នុងការវិភាគរូបភាពថតម៉ាម៉ូក្រាមប្រចាំថ្ងៃ ដើម្បីរកឃើញសញ្ញានៃជំងឺមហារីកសុដន់នៅដំណាក់កាលដំបូងបានកាន់តែច្បាស់ និងរហ័សជាងមុនដែរឬទេ។

តាមនីតិវិធីបច្ចុប្បន្ន រូបភាពម៉ាម៉ូក្រាមរបស់ស្ត្រីម្នាក់ៗ ត្រូវការអ្នកជំនាញខាងវិទ្យុសកម្ម (Radiologists) ចំនួន ២ នាក់ពិនិត្យផ្ទៀងផ្ទាត់ ដើម្បីធានាភាពត្រឹមត្រូវ។ ការសាកល្បងថ្មីនេះនឹងពិនិត្យមើលលទ្ធភាពក្នុងការប្រើ AI ដើម្បីជួយជំនួសការពិនិត្យរបស់អ្នកជំនាញម្នាក់ ដែលនឹងជួយកាត់បន្ថយបន្ទុកការងារដ៏មមាញឹករបស់វេជ្ជបណ្ឌិត និងពន្លឿនការផ្តល់លទ្ធផលរោគវិនិច្ឆ័យដល់អ្នកជំងឺ។

ទោះបីជាបច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ក្នុងការវិភាគទិន្នន័យរូបភាពក៏ដោយ ក៏ស្ថាប័នសុខាភិបាល NHS បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា បច្ចេកវិទ្យានេះត្រូវបាននាំយកមកដើម្បី «ជួយគាំទ្រអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ជាជាងការជំនួសពួកគេទាំងស្រុង»។

រាល់ការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រចុងក្រោយ នៅតែស្ថិតក្រោមការពិនិត្យ និងវាយតម្លៃរបស់វេជ្ជបណ្ឌិតជំនាញដដែល។ លើសពីនេះ ក្រុមអ្នកស្រាវជ្រាវក៏កំពុងតាមដានយ៉ាងដិតដល់ទៅលើសុវត្ថិភាព ប្រសិទ្ធភាព និងការការពារហានិភ័យនៃការធ្វើរោគវិនិច្ឆ័យលើសកម្រិត (Overdiagnosis) ដើម្បីធានាថា AI មិនធ្វើឱ្យស្ត្រីមានការភ័យខ្លាច ឬត្រូវបានហៅទៅពិនិត្យបន្តដោយគ្មានភាពចាំបាច់នោះទេ។

នៅចក្រភពអង់គ្លេស ជំងឺមហារីកសុដន់គឺជាប្រភេទមហារីកដែលកើតមានញឹកញាប់បំផុតចំពោះស្ត្រី ដោយមានករណីថ្មីប្រមាណ ៥៥,០០០ ទៅ ៥៩,០០០ ករណី ក្នុងមួយឆ្នាំៗ។ ការរកឃើញជំងឺនេះនៅដំណាក់កាលដំបូងតាមរយៈការពិនិត្យជាប្រចាំ ត្រូវបានប៉ាន់ស្មានថាបានជួយសង្គ្រោះជីវិតស្ត្រីប្រមាណ ១,៣០០ នាក់ ជារៀងរាល់ឆ្នាំ។ ប្រសិនបើការសាកល្បងទ្រង់ទ្រាយធំនេះទទួលបានជោគជ័យ វានឹងក្លាយជាគំរូដ៏សំខាន់សម្រាប់ប្រព័ន្ធសុខាភិបាលនៅទូទាំងពិភពលោកក្នុងការប្រើប្រាស់ AI ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក៕