រុស្ស៉ីព្រមានអេស្ដូនីថាកំពុងធ្វើសកម្មភាពអរិភាព ដែលអាចបង្កទៅជាសង្រ្គាមបើកចំហ

24-11-2026 16:53

(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចោទប្រកាន់អេស្ដូនីដែលជាសមាជិករបស់ NATO និងសហភាពអឺរ៉ុបថាបាន និងកំពុងធ្វើសកម្មភាពអរិភាពជាច្រើនដែលអាចនឹងបង្កជាហានិភ័យនៃការផ្ទុះសង្រ្គាមដោយបើកចំហជាមួយរុស្ស៉ី ហើយនេះជាការដំឡើងវោហាសាស្ត្ររបស់ទីក្រុងមូស្គូ បន្ទាប់ពីអេស្ដូនីបានប្រកាសពីការបិទព្រំដែនគោករបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អេស្ដូនីបានប្រកាសពីផែនការបិទច្រកព្រំដែនគោកជាមួយរុស្ស៉ីចាប់ពីថ្ងៃទី១ ខែឆ្នូខាងមុខនេះតទៅសម្រាប់រយៈពេលយ៉ាងហោច ៦ខែ ក្រោយចោទថាសេវាសន្តិសុខរុស្ស៉ីជាអ្នកនៅពីក្រោយការប៉ុនប៉ងដុតបំផ្លាញក្រុមហ៊ុនផលិតអាវុធមួយរបស់អេស្ដូនី។ ប៉ុន្តែមូស្គូបានទាត់ចោលការចោទប្រកាន់បែបនេះ និងបានកោះហៅភារធារីអេស្ដូនីក្នុងទីក្រុងមូស្គូដើម្បីសម្ដែងការតវ៉ាជុំវិញការសម្រេចចិត្តបិទច្រកព្រំដែនរបស់ទីក្រុងតាលិន។ «អ្ន្នកការទូតអេស្ដនីជាថ្មីម្ដងទៀតត្រូវបានប្រាប់ថាការបង្ករឿង និងសកម្មភាពដ៏គ្រោះថ្នាក់របៀបនេះគឺជាទង្វើរុញច្រានទៅរកមាត់ជ្រោះនៃសង្រ្គាមបើកចំហជាមួយរុស្ស៉ី»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការបរទេសរុស្ស៉ី។

គួរបញ្ជាក់ថា នៅក្នុងចំណោមការចោទប្រកាន់របស់ខ្លួន រុស្ស៉ីបានអះអាងថាអេស្ដូនីបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសរបស់ខ្លួនជាសម្ងាត់ដើម្បីបើកការវាយប្រហារលើរុស្ស៉ី ហើយក៏បានចោទដែរថាអេស្ដូនីបានបង្កឧបសគ្គដល់ការធ្វើដំណើររបស់កប៉ាល់ដឹកទំនិញរបស់រុស្ស៉ីក្នុងតំបន់សមុទ្របាល់ទិក ក៏ដូចជាបានដាក់បម្រាមលើការនិយាយភាសារុស្ស៉ី និងគំរាមបិទវិហារ Orthodox រុស្ស៉ីជាដើម៕