FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថាចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា

24-11-2026 15:08

(ហុងកុង)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថាចិនមិនដែលលើកឡើងពីការព្រួយបារម្ភចំពោះការដែលម៉ាឡេស៊ីមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនោះទេ ហើយក៏មិនដែលរារាំងការចុះកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងវ៉ាស៊ីនតោននោះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងបទសម្ភាសន៍ជាមួយ South China Morning Post ក្នុងទីក្រុង Shenzhen មុនជំនួបទ្វេភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង លោក Anwar ក៏បានកត់សម្គាល់ដែរថារូបលោកផ្ទាល់បានរកឃើញការចរចាជាមួយប៉េកាំង គឺមានភាពងាយស្រួលជាងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែលោកបានបញ្ជាក់ថានេះមិនមែនមានន័យថារដ្ឋាភិបាលរបស់មានទំនោរជ្រើសរើសឈរនៅខាងភាគីណាមួយឡើយ។

គួរបញ្ជាក់ថា ការប្រកាន់យកយុទ្ធសាស្រ្តរក្សាតុល្យភាពរបស់ម៉ាឡេស៊ី នៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនបានទទួលការចាប់អារម្មណ៍សាជាថ្មី ជាពិសេសបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន បានដាក់ចេញការរឹតត្បិតលើការនាំចេញឈីបស៊េរីទំនើបទៅកាន់ម៉ាឡេស៊ី រួមទាំងប្រទេស ៣ផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាសិង្ហបុរី ថៃ និងឥណ្ឌូណេស៊ី ដោយបារម្ភខ្លាចថាឈីបទាំងនោះអាចនឹងត្រូវបានប្រើប្រាស់មជ្ឈមណ្ឌលទន្និន័យចិនដែលមានមូលដ្ឋានក្នុងប្រទេសទាំងនេះ។

ការដាក់ចេញការរឹតត្បិតនេះអាចនឹងបង្កការខាតបង់ដល់កំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ក្នុងនាមជាមជ្ឈមណ្ឌលទិន្នន័យមួយក្នុងតំបន់ ហើយដែលវិស័យមួយនេះបាននាំមកនូវការវិនិយោគជិត ១០០ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០២១៕