FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូឡូម៉ុនមានគម្រោងជំនួសកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន ដោយចុះកិច្ចព្រមព្រៀងជាមួយអូស្រ្តាលីវិញ

24-11-2026 14:18

(ស៊ីដនី)៖ សារព័ត៌មានអូស្ត្រាលី Sydney Morning Herald នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរាយការណ៍ថាប្រទេសដែនកោះ សូឡូម៉ុនបានជូនដំណឹងទៅចិនថាខ្លួននឹងបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខមួយដែលប្រទេសទាំង២បានចុះហត្ថលេខាកាលពីឆ្នាំ២០២២។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្ដីរាយការណ៍របស់ Sydney Morning Herald កើតមានឡើងមុននាយករដ្ឋមន្ត្រីសូឡូម៉ុន លោក Matthew Wale ធ្វើទស្សនកិច្ចទៅកាន់អូស្ត្រាលី។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន សារព័ត៌មានអូស្ត្រាលីដដែលបានឱ្យដឹងទៀតថារដ្ឋាភិបាលរបស់លោក Matthew Wale កាលពីពេលថ្មីៗនេះបានប្រាប់ប៉េកាំងថាសូឡូម៉ុននឹងមិនបន្តកិច្ចព្រមព្រៀងសន្តិសុខមានរយៈពេល៥ឆ្នាំសាជាថ្មីនោះទេ នៅពេលកិច្ចព្រមព្រៀងនេះផុតសុពលភាពនៅខែមេសា ឆ្នាំ២០២៧។

បើតាម Sydney Morning Herald អូស្ត្រាលី និងសូឡូម៉ុនត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយថ្មីមួយដែលនឹងជួយលើកកម្ពស់អូស្ត្រាលីក្នុងនាមជាដៃគូសន្តិសុខសំខាន់បំផុតរបស់សូឡូម៉ុន នៅពេលលោក Wale ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Anthony Albanese ​នៅថ្ងៃពុធសប្ដាហ៍នេះ។ ភ្លាមៗខាងក្រសួងការបរទេសចិន ក្រសួងការបរទេសអូស្ត្រាលី និងស្ថានទូតសូឡូម៉ុនប្រចាំទីក្រុងកង់បេរ៉ាមិនបានធ្វើអត្ថាធិប្បាយអ្វីទេទៅនឹងស្នើសុំការធ្វើអត្ថាធិប្បាយ។

គួរបញ្ជាក់ថា សូឡូម៉ុនជាប្រទេសដែនកោះមួយក្នុងប៉ាស៊ីហ្វិក។ ប្រទេសនេះមានទីតាំងយុទ្ធសាស្ត្រដែលស្ថិតនៅចម្ងាយ ១៦០០គីឡូម៉ែត្រពីភាគឦសានអូស្ត្រាលី។ អូស្ត្រាលី និងសូឡូម៉ុនបានសន្យាកាលពីខែកក្កដាកន្លងទៅថានឹងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងបានរួមគ្នារិះគន់ចិនជុំវិញការធ្វើតេស្តបាញ់សាកល្បង មីស៊ីលបាលិស្ទីគមួយគ្រាប់ក្នុងតំបន់ប៉ាស៊ីហ្វិក៕