ចិនកាត់ទោសប្រហារជីវិតមន្ត្រីម្នាក់ ពីបទលក់ព័ត៌មានសម្ងាត់ជាតិទៅឱ្យបរទេស (Video inside)
24-11-2026 13:41
(ប៉េកាំង)៖ ចិនបានកាត់ទោសប្រហារជីវិតមន្ត្រីម្នាក់ដែលបានធ្វើឱ្យបែកធ្លាយការសម្ងាត់ជាតិទៅឱ្យបរទេស។ នេះបើតាមសេចក្ដីរាយការណ៍មួយនៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើគណនីបណ្ដាញទំនាក់ទំនងសង្គមគ្រប់គ្រងដោយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Baomiguan ជាគណនីបណ្ដាញទំនាក់ទំនងសង្គមមួយគ្រប់គ្រងដោយរដ្ឋបាលជាតិការពារការសម្ងាត់រដ្ឋចិន បានឱ្យដឹងថាមន្ត្រីរដ្ឋបាលម្នាក់ដែលត្រូវបានកាត់ទោសប្រហារជីវិតខាងលើ ត្រូវបានបញ្ជាក់អត្តសញ្ញាណត្រឹមនាមត្រកូល Ma។ តាមរដ្ឋបាលដដែល ជនឈ្មោះ Ma នេះត្រូវបានជ្រើសរើសឱ្យធ្វើការដោយចារកម្មបរទេសមួយអំឡុងរូបគេបំពេញការងារនៅក្រៅប្រទេស។
ការបង្ហោះនៅលើគណនី Baomiguan បានឱ្យដឹងទៀតថាបន្ទាប់ពីត្រឡប់ទៅកាន់ចិនវិញ លោក Ma ត្រូវបានចោទប្រកាន់ថាបានលួចផ្ដល់របាយការណ៍សម្ងាត់ច្រើនជាង ១០០ ក្នុងនោះមានឯកសារចំនួន ៣៥ ត្រូវបានចាត់ទុកថាជាព័ត៌មានសម្ងាត់ជាតិ ទៅឱ្យចារកម្មបរទេស នៅក្នុងប្រតិបត្តិការយូរអង្វែងមួយ ជាថ្នូរទៅនឹងប្រាក់ ១លានយ័ន ឬស្មើនឹង ១៥០ ០០០ដុល្លារ។
គួរបញ្ជាក់ថា រដ្ឋបាលជាតិការពារការសម្ងាត់រដ្ឋចិន និងក្រសួងសន្តិសុខសាធារណៈរបស់ចិនបានបង្កើនការតាមដានយ៉ាងខ្លាំងលើបណ្ដាញទំនាក់ទំនងសង្គម ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះជាមួយការព្រមានកុំឱ្យក្រុមមន្ត្រីធ្វើជាយកព័ត៌មាន ឬធ្វើចារកម្មឱ្យបរទេស៕
